អតីតបក្សប្រឆាំងស្វាគមន៍ការចរចាជាមួយសហគមន៍អឺរ៉ុបដើម្បីបញ្ចៀស​ទណ្ឌកម្ម

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

អតីតគណបក្សសង្គ្រោះជាតិបានស្វាគមន៏ការស្នើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឲ្យមានការជជែកពិភាក្សារវាងកម្ពុជា និងសហគមន៍អឺរ៉ុប ដើម្បីជៀសវាងការដាក់ទណ្ឌកម្មមកលើកម្ពុជាតាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា។

លោកស្រី មូរ សុខហួ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បាននិយាយតាមរយ:សារអ៊ីម៉ែលដូច្នេះថា៖ «យើងសូមស្វាគមន៍ចំពោះការស្នើសុំរបស់លោក ហ៊ុន សែន ជាមួយសហភាពអឺរ៉ុប។ វាជាជំហានវិជ្ជមានមួយ។ តាមរយៈការពិភាក្សា វា​នឹងមានដំណោះស្រាយឈ្នះឈ្នះ»

ថ្លែងក្នុងពិធី​បើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅព្រឹកថ្ងៃចន្ទនេះ ហើយក៏ចំខួប ៣៤ឆ្នាំនៃការកាន់កាប់តំណែងជានាយករដ្ឋមន្ត្រី លោកហ៊ុន សែន បានព្រមានថា លោកនឹងកម្ទេចសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ ប្រសិនបើសហគមន៍អឺរ៉ុបសម្រេច​​ដាក់ទណ្ឌកម្មលើកម្ពុជាតាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា។

ប៉ុន្តែ លោក ហ៊ុន សែន ក៏បានប្រកាសបើកផ្លូវចរចាជាមួយសហគមន៍អឺរ៉ុបផងដែរតាមរយ:ការជជែកគ្នាកែលម្អសភាពការណ៍នៅកម្ពុជា។

សម្តេចហ៊ុន សែន បាននិយាយដូច្នេះថា៖ «បើចង់ឲ្យពួកប្រឆាំងងាប់ អាហ្នឹងកាត់ទៅ បើចង់ឲ្យពួកប្រឆាំងរស់ អាហ្នឹងកុំធ្វើទៅ មកជជែកគ្នា ពិភាក្សាគ្នា កែលម្អសភាពការណ៍ជាមួយគ្នា បន្តទៅមុខជាមួយគ្នា ក្នុងភាពជាដៃគូស្មើភាព លើការគោរពឯករាជ្យ និងអធិបតេយ្យ»។

លោកស្រី មូរ សុខហួ បាននិយាយបន្តថា ជីវិតរបស់កម្មករជាង ១លាននាក់កំពុងប្រឈមមុខនឹងបញ្ហាអត់ការងារ ហើយថា ប្រទេសកម្ពុជាទំនងជាមិនរីកចម្រើនខាងសេដ្ឋកិច្ចជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដូចជាការព្យួរ ឬដក EBAនោះទេ។

លោកស្រី មូរ សុខហួ បាននិយាយដូច្នេះថា៖ «ហ៊ុន សែន មានកូនសោរក្នុងការដោះស្រាយបញ្ហាដោយដាក់ឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ពេលវេលាជិតអស់ហើយ។ ការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានល័ក្ខខ័ណ្ឌដើម្បីចាប់ផ្តើមការសន្ទនាជាមួយសហគមន៍អន្តរជាតិ និងគណបក្សប្រឆាំងសម្រាប់ដំណោះស្រាយនយោបាយ និងសេដ្ឋកិច្ចដែលអាចសម្រេចបានត្រូវចាប់ផ្តើមដោយគ្មានការពន្យារពេលបន្ថែមទៀតទេ»។

សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីផ្លូវការមួយ ដើម្បីដកហូត EBA ចេញពីកម្ពុជា​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន បន្ទាប់ពីលោក ហ៊ុន សែន បានឡើងកាន់អំណាចជាថ្មីនៅក្នុងការបោះឆ្នោតទូទៅកាលពីខែកក្កដាដែលគណបក្សរបស់លោក​ទទួលបានអាសនៈទាំងអស់ បន្ទាប់ពីបក្ស​ប្រឆាំងដ៏ធំត្រូវបានរំលាយចោលដោយតុលាការកំពូល។

EBA គឺជាគំនិតផ្តួចផ្តើមរបស់សហគមន៍អឺរ៉ុបដើម្បីជួយប្រទេសបណ្តាប្រទេសក្រីក្រឲ្យនាំចូលទំនិញទៅទីនោះដោយមិនបាច់បង់ពន្ធ ហើយវាអាចត្រូវបានដកចេញក្នុងករណីមានការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

យោងតាមតួរលេខផ្លូវការ ទំនិញ​ដល់​ទៅ ៤០ភាគរយនៃទំនិញ​ទាំង​អស់​ដែល​នាំចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ