បទយកការណ៍៖ ពលរដ្ឋរស់នៅលើច្រាំងទន្លេទល់​មុខ​តំបន់កោះពេជ្រ ទទួលបានការគាំពារតិចតួច

ពលរដ្ឋរស់នៅលើច្រាំងទន្លេទល់មុខតំបន់កោះពេជ្រ។ រូបភាព៖ ពេជ្រ ចំរុង

ឈរ​សម្លឹង​មើល​ពី​ច្រាំង​ខាង​កើត​នៃ​ទន្លេ​បាសាក់ អគារ​ខ្ពស់ៗ​ជាច្រើន បាន​លេច​រូប​រាង​ឡើង​​​នៅ​លើ​ដី​កោះ​ពេជ្រ ដែល​អគារ​ខ្លះ​ត្រូវ​បាន​សាង​សង់​រួច​រាល់​ទាំង​ស្រុង​ទៅ​ហើយ ខណៈ​ដែល​អគារ​ខ្លះ​ទៀត កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់​នៅ​ឡើយ ដែលអគារ​ទាំង​នោះ​បាន​ឆ្លុះ​បញ្ចាំង​ពី​កំណើន​នគរូបនីយកម្ម​នៅ​រាជ​ធានី​ភ្នំពេញ។

ប៉ុន្តែ នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​បាសាក់​ដែល​ខណ្ឌ​ចែក​ទឹកដី​ខណ្ឌ​ច្បារអំពៅ​នោះ សំណង់​លំនៅឋាន​ប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​ស្ថិតនៅ​តាម​មាត់​ទន្លេ​បាសាក់​នេះ ស្ថិត​លើ​ដំណើរ​​ផ្ទុយ​គ្នា​ទៅ​នឹង​សន្ទុះ​នៃ​នគរូបនីយកម្ម​​​សំណង់​កំពុង​រីក​លូត​លាស់​នៅ​លើ​ដែន​ដី​កោះ​ពេជ្រ​​ទៅ​វិញ។

ពលរដ្ឋរស់នៅលើច្រាំងទន្លេទល់មុខតំបន់កោះពេជ្រ។ រូបភាព៖ ពេជ្រ ចំរុង

ប្រជាពលរដ្ឋរស់នៅលើច្រាំងទន្លេនេះ កំពុង​ប្រឈមបញ្ហាលំបាកជាច្រើន ដូចជា ការ​បាក់​ច្រាំង​ទន្លេ កង្វះ​បង្គន់អនាម័យ កង្វះ​ការ​ទទួល​បាន​ចរន្ត​អគ្គិសនី​របស់​រដ្ឋ និងមិនសូវទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ។

កំពុង​នៅ​ជុំ​ជាមួយម្ដាយអាយុ ៧០ឆ្នាំ និងកូនតូចពីរនាក់នៅក្នុងផ្ទះមានជញ្ជាំង និងដំបូលសង់ឡើងពីស័ង្កសី​ចាស់ៗ​នោះ អ្នកស្រី វង្ស ម៉ូរ៉ា ដែល​អះ​អាង​ថា ជា​បុគ្គលិក​ផ្នែក​អនាម័យ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​នោះ បាន​រៀបរាប់​មក​កាន់​អ្នក​សារព័ត៌មាន ​វីអូឌី​ ថា អ្នកស្រីនិងក្រុមគ្រួសារ បានតស៊ូរស់នៅលើច្រាំងទន្លេដែលស្ថិតក្នុងភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ​អំពៅ​នេះ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ចាប់​តាំងពីអ្នកស្រីនៅកុមារភាពម្ល៉េះ។

ពលរដ្ឋរស់នៅលើច្រាំងទន្លេទល់មុខតំបន់កោះពេជ្រ។ រូបភាព៖ ពេជ្រ ចំរុង

អ្នកស្រីបន្ដថា៖ «១ខែ ៥០ទៅ៦០ដុល្លារឯណោះ យើងធ្វើការ ១ខែបានតែ ១៥០ដុល្លារហ្នឹង នៅថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង គ្រាន់តែភ្លើង ខ្ញុំ ១ខែជិត ១០ម៉ឺន។ គេមានដី គេតមក​ពី​រដ្ឋ ​យើងតពីគេមកវិញ ពេលខ្លះគេត្រូវចិត្តអញ្ចឹងទៅ គេឲ្យយើងត ពេលគេអត់ត្រូវចិត្ត គេផ្ដាច់ភ្លើង ផ្ដាច់ទឹកអញ្ចឹងទៅ»

ស្ត្រី​វ័យ ៣២​ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា គ្រួសារ​អ្នក​ស្រី​បាន និង​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ការ​ផ្គត់​ផ្គង់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេវា​រដ្ឋ​បែប​នេះ បន្ទាប់​ពី​គ្រួសារ​អ្នកស្រី​បាត់​បង់​ដី​ធ្លី ដែល​បាន​បាក់​ចូល​ក្នុង​ទឹក​ទន្លេ។

អ្នកស្រីបន្ដថា៖ «បាក់ហ្នឹង ម៉ាយប់អី ២ម៉ែត្រ ៣ម៉ែត្រ ទៅ១០មែត្រ ម៉ាយប់អី បាក់។ ដីយើងមាន កាលទឹកឡើង ពេលស្រកចុះវិញគឺត្របាក់យកមកតែ​ម្ដង។ យាយខ្ញុំ គាត់នៅហ្នឹង គាត់មានដី​ម៉ាតូចល្មមនៅអញ្ចឹង។ មានលុយឯណាទៅនៅ បើដីចូលទន្លេបាត់ មានដីណាលក់។ ទាល់តែដីដោះដូរទៅ យើងអាចលក់ទៅ យើងទៅនៅវីឡានៅអី ក្រហើយបានទ្រាំនៅរាល់ថ្ងៃហ្នឹង ប៉ុន្ដែ ឥឡូវដីហ្នឹង គេផ្អើលៗ ជិតលក់ហើយ»

ពលរដ្ឋម្នាក់ទៀតដែលរស់នៅលើច្រាំងទន្លេនេះដែរ អ្នកស្រី ស្រ៊ុន ចាន់ធៀង ឲ្យដឹងថា អ្នកស្រីក៏ជាពលរដ្ឋរងគ្រោះដោយសារការបាក់ច្រាំងទន្លេ កាលពីជាង ១០ឆ្នាំមុនផងដែរ ហើយថា សព្វថ្ងៃ អ្នកស្រី និងគ្រួសារដែលមានកូនៗ ៥នាក់ បានសម្រេចចិត្តជួលដី និងផ្ទះគេដើម្បីស្នាក់អាស្រ័យដូចពលរដ្ឋឯទៀត។

អ្នកស្រីបន្ដថា៖ «ហ្នឹងហើយជាពិសេសអត់បង្គន់ហ្នឹង ពេលបន់ជើង ច្រកថង់បោះចោលទឹកទន្លេ។ សំខាន់ឲ្យសុំតែទឹក ហើយភ្លើងចូលមកដល់នេះ កុំឲ្យថ្លៃពេក ព្រោះអីផ្ទះអត់សូវថ្លៃទេ។ មួយខែទឹកហើយនិងភ្លើងស្មើនឹងផ្ទះដែរហ្នឹង។ ណាមួយ យើងនៅស្រុកយើងនៅហ្នឹង បើគេលក់អស់អាហ្នឹង ចាំយើងបែកគ្នា»

ពលរដ្ឋម្នាក់ទៀត គឺលោក ប៊ុច ផុន និយាយថា ពលរដ្ឋរស់នៅលើច្រាំងទន្លេនេះមានចំនួនជិត ៣០គ្រួសារ ហើយពួកគេសុទ្ធសឹងជាជនរងគ្រោះដោយសារការបាក់ច្រាំងទន្លេ។ លោកថា អ្នកភូមិរស់នៅលើច្រាំងទន្លេនេះ មិនទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរនោះទេ ដូចជា មិនមានសេវាទឹកភ្លើង គ្មានបង្គន់អនាម័យ និងសេវាសាធារណៈផ្សេង​ទៀត។

ពលរដ្ឋរស់នៅលើច្រាំងទន្លេទល់មុខតំបន់កោះពេជ្រ។ រូបភាព៖ ពេជ្រ ចំរុង

លោកបន្ដថា៖ «អត់ទេ និយាយរួមចំទៅ​ ប៉ូលិស អាជ្ញាធរ គាត់គិតថា រឿងគេមិនមែនរឿងខ្ញុំផង។ ខាងខ្ញុំ រឿងគេចាប់វាយគ្នាឈ្លោះគ្នា គាត់មកដល់វិញ។ អត់មាននិយាយស្អីទេ។​ ឥឡូវម្នាក់ដែលជួលដីគេ ២៥ដុល្លារ ឬ ១០ម៉ឺនចុះ អាហ្នឹងចំពោះភ្លើង​ ហើយទឹកទៀត។ អញ្ចឹង គាត់ ១ខែ អន់ណាស់​ក៏ជាង ៥០ដុល្លារ អាហ្នឹងគិតទឹក​ភ្លើងផ្ទះ»

លោក ប៊ុច ផុន សំណូមទៅរដ្ឋាភិបាលជួយគិតគូដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើច្រាំងទន្លេនេះ ដោយថា អ្នកភូមិរស់នៅលើច្រាំងទន្លេនេះ សុទ្ធសឹងជាប្រជាពលរដ្ឋក្រីក្រ គ្មានផ្ទះសម្បែង និងដីធ្លីច្បាស់លាស់ បន្ទាប់ដី និងផ្ទះរបស់ពួកគាត់បានបាក់រលំចូលទៅក្នុងទឹកទន្លេអស់។

លោកបន្ដថា៖ «យើងចង់ឲ្យគាត់ជួយទៅហើយ ប៉ុន្ដែ បើគាត់មិនអើពើអីផង យើងទៅរកពីណាឲ្យជួយយើង […] ចិត្តខ្ញុំដូចខ្ញុំប្រាប់ពីមុនអញ្ចឹង ត្រូវចង់បានទឹកហើយភ្លើង។ អាហ្នឹងគឺធូរមួយកម្រិត គឺធូរពាក់កណ្ដាល»

ប្រធានភូមិដើមស្លែងទី១ នៃសង្កាត់ច្បារអំពៅទី២ លោក ខៀវ ជួង ឲ្យដឹងថា ពលរដ្ឋរស់នៅលើច្រាំងទន្លេក្នុងភូមិដើមស្លែងទី១នេះ មានចំនួន ២៧គ្រួសារ ក្នុងនោះ មានតែ ៦គ្រួសារប៉ុណ្ណោះមានប័ណ្ឌកម្មសិទ្ធិលើដីធ្លី។

មេ​ភូមិ​រូប​ប្រាប់​ថា មូលហេតុដែលអាជ្ញាធរមិនអាចរៀបចំតភ្ជាប់បណ្ដាញទឹក និងអគ្គិសនីចូលក្នុងតំបន់នេះបាន គឺដោយសារពួកគាត់រស់នៅលើដីឯកជនគ្មានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន និងថា ការតភ្ជាប់ទាំងឡាយអាចធ្វើទៅបាន លុះត្រាមានការយល់ព្រមពីម្ចាស់ដីដែលពាក់ព័ន្ធប៉ុណ្ណោះ។

លោកបន្ដថា៖ «ពីដើមមកយើងរៀបរយដែរ គាត់មានកម្មសិទ្ធិរៀងខ្លួនៗ។ មួយផ្ទះៗ មានការកាន់កាប់ដីត្រឹមត្រូវ ប៉ុន្ដែ ដោយបាក់ច្រាំងអស់អញ្ចឹងទៅ រប៉ាត់​រប៉ាយ គាត់ចេះតែរំកិលមកៗ។ ឥឡូវផុតអស់អាកម្មសិទ្ធិគាត់ហ្នឹង គាត់មកជួលដីគេនៅ ហើយដីនេះវាអត់មានផ្លូវទៀត ដើរកាត់ហ្នឹង គឺដីរបស់គេទេ។ អញ្ចឹង ការដោះស្រាយរបស់អាជ្ញាធរ វាពិបាកដែរ យើងទៅធ្វើលើដីគេវាម៉េចនឹង​បាន»

មន្ដ្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា ការមិនមានបណ្ណកម្មសិទ្ធ ឬប្លង់កាន់កាប់ដីធ្លី មិនមែនជាមូលហេតុធ្វើឲ្យពលរដ្ឋបាត់បង់សិទ្ធិទទួលបានសេវាសាធារណៈនោះទេ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា

លោកបន្ដថា៖ «បើយើងនិយាយពីសិទ្ធិពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈពីអាជ្ញាធរ រដ្ឋាភិបាលគួរតែបែងចែកឲ្យបានដាច់ ព្រោះ វាមិនពាក់ព័ន្ធអីទៅហ្នឹងការរស់នៅទាល់តែដីមានកម្មសិទ្ធិបាន បានមានសិទ្ធិប្រើប្រាស់សេវាទាំងអស់ហ្នឹងទេ។ សូមឲ្យអាជ្ញាធរ គាត់គិតបញ្ហាទាំងអស់ហ្នឹងឡើងវិញ»

លោកបន្ដថា ពលរដ្ឋដែលកំពុងរស់នៅច្រាំងទន្លេនេះ អាចស្នើសុំសិទ្ធិលើដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលបាន ដោយថា ពួកគេធ្លាប់មានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន និងរងគ្រោះដោយសារការបាក់ច្រាំងទន្លេ។

លោកបន្ដថា៖ «បើសិនជាគាត់អ្នកអត់ដីពិតប្រាកដ ហើយធ្លាប់រងគ្រោះដោយបាក់ច្រាំងទន្លេអីអញ្ចឹង ខ្ញុំជឿជាក់ថា អាជ្ញាធរនឹងមានការគិតគូដើម្បីផ្ដល់សម្បទានសង្គមកិច្ចដល់គាត់ ព្រោះគាត់អាចនឹងដាក់ស្នើសុំតាមអាជ្ញាធរសង្កាត់ដែលគាត់រស់នៅហ្នឹង»

ក្រុមប្រជាពលរដ្ឋរស់នៅភូមិដើមស្លែងទី១ ក៏អំពាវនាវទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយទំនុកបម្រុងផ្សេងៗដល់ពួកគេ ជាពិសេស ប្រសិនបើម្ចាស់ដីលក់ដីនេះទៅឲ្យក្រុមហ៊ុន ឬនៅពេលពួកគេជួបបញ្ហាបាក់ច្រាំងទន្លេម្ដងទៀតនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ