កម្ពុជាជំរុញ​អន្តរជាតិឲ្យ​គោរព​សិទ្ធិ​មនុស្ស តែ​​សង្គម​ស៊ីវិល​ថា កម្ពុជា​គួរ​តែ​កែ​លម្អ​ស្ថានភាព​សិទ្ធ​មនុស្ស​របស់​ខ្លួន

លោក ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទីក្រុងសៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកទៅ​សមាជិកសភា​អន្តរជាតិ​មួយ​ក្រុម ឲ្យ​គោរពសិទ្ធិមនុស្សទៅ​តាមច្បាប់អន្តរជាតិ ​ដោយ​ថា ដើម្បី​រ​ក្សា​សន្តិ​ភាព​ក្នុង​​​​តំបន់ និងពិភពលោក ប៉ុន្តែ សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ជំរុញ​ឲ្យ​​កម្ពុជា​​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការ​អនុវត្ត​របស់​ខ្លួនទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស។

ថ្លែង​ក្នុង​ពិធីបើកកិច្ចប្រជុំ​នៃ​វេទិការសភាអាស៊ីប៉ាស៊ីហ្វិច (APPF) លើកទី២៧ នៅឯ​ខេត្ត​សៀ​ម​រាប​នៅ​ថ្ងៃ​នេះ ​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​ថា អាស៊ីប៉ាស៊ីហ្វិច និងពិភពលោក បច្ចុប្បន្ន កំពុង​ប្រ​​ឈម​នឹ​ង​​បញ្ហាសកល ដូចជា សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមសព្វាវុធ ការជួញដូរឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និង​អ​សន្តិសុ​ខ​​​​ស្បៀង ជាដើម ។​

មេដឹកនាំកម្ពុជារូបនេះ រំឭកថា ដើម្បីថែរក្សាសុខ​សន្តិភាព​ឲ្យបានគង់វង្សនៅក្នុងតំបន់ និងពិភពលោក ត្រូវរួមគ្នាយក​ចិត្តទុ​ក​ដា​​ក់លើ​តួ​នា​​ទីរ​ប​ស់អង្គការសហប្រជាជាតិ តួនាទីអាស៊ាន តួនាទីអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ពិសេ​ស​​គោ​​​​​ល​ដៅ​អភិវឌ្ឍ​ប្រ​ក​ប​​​​ដោយចិរភាព កាត់បន្ថយភាពក្រីក្រ និងរួមគ្នាគោ​រពសិទ្ធិមនុស្សតាមកតិកាសញ្ញាអន្តរជាតិ។

លោ​កថា៖ «ត្រូវរួមគ្នាគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ​របស់មនុស្សដូចមានចែងក្នុងធម្មនុញ្ញ​ និងកតិកាស​ញ្ញាផ្សេ​ងៗ​នៃអ​ង្គកា​រស​ហ​ប្រ​​ជាជាតិ ជាពិសេសការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ​ ឬបង្កើតសកម្មភាព​ខុសច្បាប់ផ្សេងៗ ​ដែល​បង្ក​ឲ្យមានអស្ថិរភាព ឬភាពវឹកវរក្នុងតំបន់»

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដែលមេដឹកនាំកម្ពុជា​​ផ្តល់យោបល់​ដល់​ប្រ​​ទេសដទៃពីបញ្ហាសិទ្ធិមនុស្ស លោកថា ជារឿងល្អមួយ។

ប៉ុន្តែ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ លើក​ឡើងថា ក​ម្ពុជាគួរតែពិនិត្យមើលឡើងវិញ​ពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិ​ប្រជាធិ​ប​តេយ្យ ដើម្បី​បញ្ចៀស​កម្ពុជា​ពីកា​រ​​ដា​ក់ទ​ណ្ឌសេដ្ឋកិច្ច ប្រទេសលោកសេរី មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។

លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ

លោក អំ សំអាត មាន​ប្រសាសន៍ថា៖ «ប្រទេស​កម្ពុជា​យើង​ក៏​គួរ​តែ​ក្រឡេក​មើល​ឡើង​វិញ​មើល​ទៅ​លើ​អនុសាសន៍​បន្ថែម​របស់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស ដែលគេបា​ន​ផ្តល់អនុសាសន៍ និងរិះគន់កន្លងមក ក៏ដូចជាការខ្វះខាតកន្លងមក ដែលយើងមិនទាន់បានគោរព​តាមបទដ្ឋានអន្តរ​ជាតិដែ​ល​យើ​ងបានចែងក្នុងរដ្ឋធម្មនុញ្ញ»

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ​១៩៩១មក កម្ពុជាបាន​ផ្ដល់​សច្ចាប័ន​លើ​ច្បាប់​អន្តរជាតិ​ជាច្រើន​របស់​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ធានា​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត កាល​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​មុន បានជំរុញ​ទៅ​​រដ្ឋាភិបាលកម្ពុជា ឲ្យ​កែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន អំឡុង​ពេល​លោក​ស្រី​ជួប​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​តំណាង​រដ្ឋាភិបាល​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ