មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ជជែក​ពី​ចំណង​យោធា និង​ការ​បន្ត​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង

ឧបការី​រង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Joseph H. Felter ចាប់​ដៃ​ជាមួយ​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ លោក នាង ផាត ក្នុង​ជំនួប​នៅ​ក្រសួង​ការពារ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩។ រូបថត៖ ស្ថានទូត​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ

​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក គ្រោង​នឹង​ជជែក​អំពី​បញ្ហា​ការ​ឃុំ​ខ្លួន​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង និង​លំហរ​សេរីភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ អំឡុង​ដំណើរ​ទស្សនកិច្ច​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជ​ធានី​ភ្នំពេញ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ស្ថាន​ទូត​អាមេរិក បាន​ឲ្យ​ដឹង​ថា ឧបការី​រង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ីអាគ្នេយ៍ លោក​ Joseph H. Felter គ្រោង​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​មករា​នេះ។

ស្ថានទូត​អាមេរិក​បាន​អះ​អាង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា លោក ​ Joseph H. Felter គ្រោង​ជួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក នាង ផាត ដើម្បី​ពិភាក្សា​អំពី​ទំនាក់​ទំនង​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ។

VOD មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ ​លោក ឈុំ សុជាតិ​ បាន​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក លោក Arend C Zwatjes បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ ដោយ​ចង្អុល​បង្ហាញ​ទៅ​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាង​លើ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ​ក៏​គ្រោង​ជជែក​ផង​ដែរ​អំពី​សេរីភាព​របស់​​មេដឹកនាំ​​គណបក្ស​សង្គ្រោះ​​ជាតិ លោក កឹម សុខា ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ និង​ការ​បើក​លំហ​សេរីភាព​សម្រាប់​សង្គម​ស៊ីវិល និង​ការ​បើក​ឲ្យ​ដំណើរការ​ដោយ​សេរី​នៃប្រព័ន្ធ​ផ្សព្វផ្សាយ។

ទំនាក់​ទំនង​យោធា​កម្ពុជា-អាមេរិក បាន​ឈាន​ទៅ​មាន​ភាព​រកាំរកូស បន្ទាប់​ពី​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ហៅ​ថា «ឆ្មាំ​អង្គរ» ត្រូវ​បាន​ផ្អាក បន្ទាប់​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា កាល​ពី​ឆ្នាំ​២០១៧ ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ» ហើយ​អាមេរិក​ស្ថិត​នៅ​ពី​ក្រោយ​សកម្មភាព​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ