ក្រុមគ្រូបង្រៀនជាង១០នាក់ថា ក្រសួងលុបឈ្មោះពួកគាត់ដោយសារសម្ពាធនយោបាយ

លោក រ៉ុង ឈុន និងក្រុមគ្រូបង្រៀនទៅដាក់ពាក្យបណ្តឹង ប្តឹងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

គ្រូបង្រៀនដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ យល់ថា បើគ្មានសម្ពាធនយោបាយទេ ពួកគាត់ក៏មិនត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ កាលពីឆ្នាំមុននោះដែរ។

អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាបុគ្គលិកក្រសួងអប់រំម្នាក់ក្នុងចំណោមគ្រូបង្រៀន១១នាក់ ដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញកាលពីឆ្នាំមុននោះ លោក រ៉ុង ឈុន អះអាងថា តុលាការរាជធានីភ្នំពេញបានទទួលពាក្យបណ្តឹងរបស់ពួកគាត់ហើយ។ លោកមានជំនឿថា ប្រសិនបើតុលាការមិនទទួលរងសម្ពាធនយោបាយ តុលាការនឹងផ្តល់យុត្តិធម៌ជូនពួកគាត់ទាំង១១ នាក់មិនខាន។

លោក រ៉ុង ឈុន មានប្រសាសន៍ថា៖ « ទីមួយថា ក្រុមគ្រូបង្រៀនបោះបង់ការងារចោល ទីពីរ ថា ក្រុមគ្រូបង្រៀនហ្នឹងអវត្តមានគ្មានច្បាប់។ បើដូចខ្ញុំៗដាក់ពាក្យសុំចូលបម្រើការងារចាប់ពីថ្ងៃទី ១កុម្ភៈ២០១៨ ហើយបើខ្ញុំអត់បានប្រកាសពីក្រសួងអប់រំផង មានរឿងអីនៅក្នុងចន្លោះខែមករា ហ្នឹងដែលខ្ញុំត្រូវអវត្តមាន »។

ក្នុងពាក្យបណ្តឹងដែលក្រុមគ្រូបង្រៀនប្តឹងរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ទៅ​សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ដោយស្នើឱ្យតុលាការចេញសាលក្រមបដិសេធចោលនូវសេចក្តីប្រកាសរបស់ក្រសួងអប់រំកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។ លើសពីនេះ ពួកគេស្នើសុំឱ្យតុលាការផ្តល់ក្របខ័ណ្ឌជាគ្រូបង្រៀននៅក្រសួងអប់រំ ដល់ពួកគេឡើងវិញ។

គ្រូបង្រៀនម្នាក់ទៀតមកពីខេត្តកំពង់ចាម និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តគណបក្សសង្រ្គោះជាតិ លោក គង់ ស៊ីវង្ស យល់ថា ការលុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌក្រសួងអប់រំ គឺជារឿងអយុត្តិធម៌ ដោយថា ក្រសួងមិនបានគោរពតាមនីតិវិធីរបស់ខ្លួន។

លោកបន្ថែមថា៖ «នីតិវិធីរដ្ឋបាល គឺក្រោយពេលលោកគ្រូដាក់ពាក្យស្នើចូលបម្រើការងារហើយ ក្រសួងត្រូវចេញលិខិតអនុញ្ញាតឱ្យគ្រូបង្រៀនទាំងនោះទៅបំពេញការងារ។ ប៉ុន្តែនៅពេលដែលលោកគ្រូអ្នកគ្រូដាក់ពាក្យទៅហើយ មិនទាន់ចេញលិខិតអនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូទៅបំពេញការងារទេ ប៉ុន្តែ បែជានាំគ្នាទៅលុបឈ្មោះលោកគ្រូអ្នកគ្រូទាំងនោះទៅវិញ » ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា ឱ្យដឹងថា ខាងក្រសួងមិនទាន់ទទួលបានព័ត៌មានស្តីពីការដាក់ពាក្យប្តឹងរដ្ឋមន្ត្រីជាផ្លូវការនៅឡើយទេ ដោយថា បើទទួលបាននឹងពិនិត្យមើល​ករណីនេះ។ ចំណែកការលុបឈ្មោះបុគ្គលិកអប់រំកន្លងមក គឺធ្វើឡើងស្របតាមផ្លូវច្បាប់ មិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះទេ។

លោកមានប្រសាសន៍បន្ថែមថា៖ «កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា មានសេចក្តីសម្រេចមួយជាផ្លូវការ ទៅបុគ្គលទាំងអស់ដែលពាក់ព័ន្ធ។ ករណីដែលកើតឡើងនេះ មិនចំទៅបុគ្គលណាមួយដោយករណីផ្សេងនោះទេ។ ដោយយើងមានមូលហេតុយោងទៅលើគតិយុត្ត» ។

អ្នកសម្របសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ឱ្យដឹងថា ករណីគ្រូបង្រៀន១០នាក់ លោកមិនអាចបកស្រាយបានទេ ប៉ុន្តែចំពោះករណីលោក រ៉ុង ឈុន លោកថា យោងតាមច្បាប់បោះឆ្នោតដែលចែងអំពីចំណុចសមាជិក គ.ជ.ប. ក្រសួងអប់រំ មិនអាចលុបឈ្មោះ លោក រ៉ុង ឈុន ចេញពីក្របខ័ណ្ឌរដ្ឋបានឡើយ។ លោកថា បើសិនករណីបែបនេះ នៅតែកើតមានបន្តទៀត ជាសញ្ញានៃភាពអយុត្តិធម៌ក្នុងការអនុវត្តច្បាប់របស់ស្ថាប័ន​រដ្ឋ​។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា គាត់នៅតែមានតួនាទីរបស់គាត់ដែរ បើយោងទៅលើច្បាប់។ នៅតែមានតួនាទីសម្រាប់វិលទៅចូលស្ថាប័នដើមគាត់វិញ។ វាមិនអាចមានមូលហេតុណាបញ្ឈប់គាត់ទេ។ ហើយបើសិនមានមូលហេតុនៃការបញ្ឈប់ ក៏វាមានដំណាក់កាលនៃការដាក់ពិន័យហ្នឹងដែរ»។

នៅដើមឆ្នាំ២០១៨ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បាន​សម្រេចលុប​ឈ្មោះគ្រូបង្រៀននិងបុគ្គលិកអប់រំចំនួន១១នាក់ ដែលជាអតីតមន្ត្រីជាប់ឆ្នោត និងមន្ត្រី គ.ជ.ប តូតា មកពីបក្សប្រឆាំង ចេញពីក្របខ័ណ្ឌក្រសួងអប់រំ ​ក្រោមហេតុផលថាគ្រូបង្រៀនទាំងនោះ ​ អវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត។

ក្រោយការលុបឈ្មោះពួកគេចេញពីក្របខ័ណ្ឌរដ្ឋ ពួកគេបានដាក់លិខិតអន្តរគមន៍ជាច្រើនទៅក្រសួងអប់រំ ទៅលោក នាយករដ្ឋមន្ត្រី និងទៅសហគមន៍អន្តរជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ