មន្ត្រីជាន់ខ្ពស់ក្រសួងការងារស្នើអ្នកវិនិយោគកុំរត់ចោលកម្ពុជាបើ EU ដក EBA

លោក ហេង សួរ ថ្លែងក្នុង “វេទិកាធុរកិច្ច” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៅថ្ងៃទី១៦ខែមករា ឆ្នាំ២០១៩(រូបពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់នៅថ្ងៃពុធនេះបានអំពាវដល់វិនិយោគិនបរទេសកុំអោយរត់ចោលកម្ពុជា បើសិនជាមានការទណ្ឌកម្មណាមួយពីសហគមន៏អឺរ៉ុបលើបញ្ហា​សិទ្ធិ​មនុស្សនិង​លទ្ធិ​ប្រជាធិបតេយ្យ។

ថ្លែងទៅកាន់អ្នកវិនិយោគបរទេសនិងអ្នកបញ្ជាទិញ (brands)សំលៀកបំពាក់ពីរោងចក្រនៅកម្ពុជា លោក ​ហេង សួរ​ ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាននិយាយថាអ្នកវិនិយោគបរទេសនិងអ្នកបញ្ជារទិញគួរផ្ដោតការចាប់អារម្មណ៍​ទៅលើលក្ខខណ្ឌការងារល្អនៅកម្ពុជា ក៏ដូចជាកំណែទម្រង់នានាដើម្បីកាត់បន្ថយការចំណាយលើការនាំចេញរបស់រោងចក្រ។

លោក ​ហេង សួរ៖« ខ្ញុំជឿថាតាមរយ:បទបង្ហាញក៏ដូចជាសំនូមពររបស់ខ្ញុំមួយចំនួននេះ គឺប្រេន (brands) ទាំងអស់ហើយនិង investors ទាំងអស់ នឹងពាំនាំនូវអ្វីជាវឌ្ឍនភាពពិតប្រាកដនៅកម្ពុជា ដើម្បីជំរាបជូនទៅអ្នកធ្វើគោលនយោបាយនៃប្រទេសរបស់គាត់ ដើម្បីធ្វើម៉េចធានាថាវិស័យកាត់ដេរ សំលៀកបំពាក់និងស្បែកជើងនៅកម្ពុជា និងនៅបន្តបានភាពអនុគ្រោះពីប្រទេសទាំងអស់នោះ ហើយអស់លោក លោកស្រីទាំងអស់នឹងមិនរត់ចោលកម្មករកម្ពុជានោះទេ បើទោះបីជាគ្មានការអនុគ្រោះពន្ធពីប្រទេសរបស់អស់លោកក៏ដោយ។»

សហភាពអឺរ៉ុបបានប្រាប់កម្ពុជាកាលពីឆ្នាំមុនថា ខ្លួនបានចាប់ផ្តើមនីតិវិធីផ្លូវការមួយដើម្បីដកហូត EBA ចេញពីកម្ពុជា​ បន្ទាប់ពីការបោះឆ្នោតទូទៅកាលពីខែកក្កដាកន្លងទៅ ដែលគណបក្សរបស់នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បានឈ្នះអាសនៈសភាទាំងអស់បន្ទាប់ពីបក្ស​ប្រឆាំងត្រូវបានរំលាយចោលដោយតុលាការកំពូល។

EBA គឺជាគំនិតផ្តួចផ្តើមរបស់សហគមន៍អឺរ៉ុបដើម្បីជួយប្រទេសបណ្តាប្រទេសក្រីក្រឲ្យនាំចូលទំនិញទៅទីនោះដោយមិនបាច់បង់ពន្ធ ហើយវាអាចត្រូវបានដកចេញក្នុងករណីមានការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

យោងតាមតួលេខផ្លូវការ ទំនិញ​ដល់​ទៅ ៤០ភាគរយនៃទំនិញ​ទាំង​អស់​ដែល​នាំចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប។

លោក​ ហេង សួរ បាននិយាយបន្ថែមថា ដើម្បីធានានូវបរិយាកាសវិនិយោគគឺរដ្ឋាភិបាលបានកែសម្រួលនូវគោលនយោបាយមួយចំនួន ដើម្បីធានាថាវិស័យឯកជននៅកម្ពុជានិងអាចបន្តនៅកម្ពុជាបាន ទោះបីជាមានឬក៏គ្មានភាពអនុគ្រោះ EBA ពីអឹរ៉ុបក៏ដោយ។

វិធានការណ៍ទាំងនោះ យោងតាមលោក ​ហេង សួរ រួមមានការកាត់បន្ថយចំនួនស្ថាប័នរដ្ឋដែលចុះមើលតាមរោងចក្រនានាដែលវាជាការរំខានទៅដល់សង្វាក់ផលិតកម្មរបស់រោងចក្រ ហើយរដ្ឋក៏និងពិចារណាផងដែរលើការកាត់បន្ថយតម្លៃអគ្គីសនីបន្ថែមទៀត ដើម្បីអោយវិស័យឯកជនមានជម្រើសកាន់តែច្រើនក្នុងការប្រើប្រាស់ប្រភពអគ្គីសនី។

លោក​ហេង សួរ៖« ​ ដូច្នេះ សុំជួយកម្ពុជាដែលខំរុញប្រាក់ឈ្នួលមួយដែលប្រហាក់ប្រហែលបង់ក្លាដែសឡើងទៅលើសបង់ក្លាដែសប្រហែល២ដង ពីប្រទេសមួយដែលមានការប្រកួតប្រជែងមិនទាន់ស្មើវៀតណាម ប៉ុន្តែយើងរុញប្រាក់ឈ្នួលរបស់យើងអោយស្មើនឹងវៀតណាមហើយយើងហ៊ានផ្តល់នូវកិច្ចគាំពារសង្គមមួយ ដែលប្រសើរជាងប្រទេសមួយចំនួនដែលប្រេនទាំងអស់កំពុងទិញទំនិញពីប្រទេសទាំងនោះផងដែរ។»

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានស្វាគន៍វិធានការណ៍ចុងក្រោយរបស់រដ្ឋាភិបាល ដែលមិនតំរូវអោយការនាំចេញស្ថិតក្រោមការត្រួតពិនិត្យរបស់ស្ថាប័នកាំកុងត្រូល ហើយអាចសម្រាលបន្ទុកក្នុងការចំណាយនិងកាត់បន្ថយពេលវេលាក្នុងការបំពេញបែបបទនាំចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ