អឺរ៉ុប​សម្រេច​ដាក់​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា​៣​ឆ្នាំ​ជាប់​គ្នា​​តាម​សំណើ​សមាជិក​របស់​ខ្លួន

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

ទីបំផុត​ទៅ សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ហូត​ពន្ធ​លើ​អង្ករ​នាំ​ចេញ​ពី​កម្ពុជា និង​ប្រទេស​ភូមា​ហើយ ហើយ​ការ​អនុវត្ត​នូវ​សេចក្ដី​សម្រេច​ថ្មី​នេះ នឹង​ចូល​ជាធរមាន​ចាប់​ពី​ថ្ងៃ​ស្អែក​នេះទៅ​ហើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គណៈកម្មការ​អឺរ៉ុប បាន​បញ្ជាក់​ថា ខ្លួន​សម្រេច​ដាក់​ពន្ធ​គយ​លើ​អង្ករ​ដែល​នាំ​ចូល​ពី​កម្ពុជា និង​ភូមា​ សម្រាប់​រយៈ​ពេល ៣​ឆ្នាំ ដោយ​ចាប់​ផ្ដើម​អនុវត្ត​​តែ​មួយ​ថ្ងៃ​ទីក្រោយ​ពី​សេចក្ដី​សម្រេច​នេះ​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ សហគមន៍​អឺរ៉ុប​បាន​សម្រេច​ដក​ហូត​ពន្ធ​តម្លៃ ១៧៥​អឺរ៉ូ (១៩៩.៥០​ដុល្លារ​អាមេរិក)​ក្នុង​អង្ករ​ ១តោន​នៅ​ឆ្នាំ​ដំបូង បន្ទាប់​មក​អត្រា​ដក​ហូត​ពន្ធ​គយ​នឹង​ធ្លាក់​ចុះ​ដល់​ចំនួន ១៥០​អឺរ៉ូ​នៅ​ឆ្នាំ​ទី​ពីរ ហើយ​នៅ​ឆ្នាំ​ទី​៣ អត្រា​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា និង​ភូមា នឹង​ធ្លាក់​ចុះ​មកនៅ​ត្រឹម ១២៥​អឺរ៉ូ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ សហភាព​​អឺរ៉ុប​បាន​លើក​ឡើង​ថា អង្ករ​ដែល​នាំ​ចូលពី​កម្ពុជា និង​ភូមា បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​បណ្ដា​ប្រទេស​ផលិត​អង្ករ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប។

សហភាព​អឺរ៉ុប​បាន​សម្រេច​បែប​នេះ ក្រោយ​ពី​ពួកគេ​រក​ឃើញ​ថា ចំណែក​ទីផ្សារ​អង្ករ​របស់​ប្រទេស​ជា​សមាជិក​នៅ​សហគមន៍ បាន​ធ្លាក់​ចុះ​ពី ៦១​ភាគរយ មក​នៅ​ត្រឹម​តែ ២៩​ភាគរយ​ប៉ុណ្ណោះ បន្ទាប់​ពី​តម្លៃ​អង្ករ​នាំ​ចូល​ពី​ប្រទេស​ទាំង​ពីរ​នេះ ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ទាប​ជា​បន្ត​បន្ទាប់។

អឺរ៉ុប​អះ​អាង​ទៀត​ថា សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​វិធាន​ការពារ​ពាណិជ្ជកម្ម​របស់​ខ្លួន និង​ទៅ​តាម​ការ​ស្នើ​សុំ​ពី​បណ្ដា​សមាជិក​របស់​ខ្លួន​ដែល​ជា​ប្រទេស​ផលិត​អង្ករ​ផង​ដែរ ដូចជា អ៊ីតាលី អេស្ប៉ាញ បារាំង ព័រទុយកាល់ ក្រិច ហុងគ្រី រ៉ូម៉ានី និង​ប៊ុលហ្គារី។

អង្ករ​កម្ពុជា​ដល់​ទៅ​ជិត ២៧​ម៉ឺន​តោន ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយ​​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​មាន​ចំណែក​ដល់​ទៅ​ជាង ៤៣​ភាគរយ​នៃ​តួលេខ​អង្ករ​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ