ឧស្សាហករ​ស្រូវ​អង្ករ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​ ក្រោយ​អឺរ៉ុប​កំណត់​យក​ពន្ធ​លើ​អង្ករ​កម្ពុជា

ទិន្នផលស្រូវដែលប្រជាកសិករប្រមូលបាន

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ផល​ប៉ះ​ពាល់​លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ហូត​ពន្ធ​គយ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​ភូមា​ នៅ​រយៈ​ពេល ៣​ឆ្នាំជាប់​គ្នា ទៅ​តាម​សំណើ​បណ្ដា​សមាជិក​ដែល​ជា​ប្រទេស​ផលិត​អង្ករ​នៅ​ក្នុង​សហគមន៍​មួយ​នេះ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​តទៅ។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​លោក ហ៊ុន ឡាក់ មាន​ប្រសាសន៍​ថា ​​ស្ថាប័ន​របស់​លោក​បាន​ស្នើ​ទៅ​​សហភាព​អឺរ៉ុប​ឲ្យ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ពី​បញ្ហា​នេះ​រួច​ហើយ ហើយ​​សហព័ន្ធ​របស់​លោក​ក៏​នឹង​ជួប​​ប្រជុំ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ទាក់​ទង​នឹង​បញ្ហា​នេះ​ផង​ដែរ។

លោក​បន្ថែម​ថា៖«យើងដឹងហើយថា អង្ករកម្ពុជាយើងផលិតមានតម្លៃលើសអង្ករប្រទេសជិតខាងតម្លៃ៤០ ទៅ ៥០ដុល្លារក្នុងមួយតោន។ កាលណាយើងរកយន្តការមួយជាក់លាក់ថា យើងអាចកាត់ផ្នែកណាបាន ពេលហ្នឹងបានជាយើងអាចដោះបញ្ហាដែលគេកំណត់ឲ្យបង់ពន្ធ។ ជាទូទៅ គឺនៅលើពិភពលោក គឺតែងតែអញ្ចឹងហើយ មិនអាចថា យើងអាចរស់បានស្រួលរហូតទេ! គឺតែងតែមានរបត់មួយដែលប្រែប្រួលអញ្ចឹងហើយ។ អ្វីដែលយើងត្រូវធ្វើ គឺផ្ទៃក្នុងត្រូវរៀបចំ​ដោះ[ស្រាយ]នូវបញ្ហាដែលយើងជួបឧបសគ្គហ្នឹងឯង»

​អគ្គនាយក​ក្រុម​ហ៊ុន​បៃតង លោក ភូ ពុយ បាន​ទទួល​ស្គាល់​អំពី​ផល​ប៉ះ​ពាល់​មក​លើ​ឧស្សាហកម្ម​នាំ​ចេញ​អង្ករ​កម្ពុជា ប៉ុន្តែ លោក​ថា ការ​នាំ​ចេញ​អង្ករ​ក្រអូបរបស់​កម្ពុជា មាន​តម្រូវការ​កើន​ឡើង​ខ្ពស់​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី។

លោក​ថា៖ «ប្រភេទអង្ករដែលយើងនាំទៅអាស៊ីហ្នឹង មានអង្ករក្រអូបច្រើនមែនទែនដែលយើងកំពុងខ្វះបរិមាណឲ្យគេផង មានទៅចិន ទៅម៉ាឡេ ទៅប្រ៊ុយណេ ទៅប្រទេសមួយចំនួនទៀតដែលទទួលការនាំចូលអង្ករពីកម្ពុជាទៅហ្នឹង។ ដោយឡែកពីរ​បីឆ្នាំនេះផងដែរ យើងខ្វះអង្ករឲ្យគេផង។ អញ្ចឹង យើងអាចជំរុញអ្នកដាំអង្ករប្រភេទធម្មតាឲ្យគេកែប្រែ ហើយរវាងការជំរុញនេះ មានតែក្រុមហ៊ុន​ជាមួយនឹងក្រសួងនិងភាគីពាក់ព័ន្ធដើម្បីជំរុញការដាំដុះហ្នឹង»

សហគមន៍​អឺរ៉ុប​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​បាន​សម្រេច​ដក​ហូត​ពន្ធ​តម្លៃ ១៧៥​អឺរ៉ូ ឬ​ប្រហែល១៩៩.៥០​ដុល្លារ​អាមេរិក ​ក្នុង​អង្ករ​ ១តោន​នៅ​ឆ្នាំ​ដំបូង បន្ទាប់​មក​អត្រា​ដក​ហូត​ពន្ធ​គយ​នឹង​ធ្លាក់​ចុះ​ដល់​ចំនួន ១៥០​អឺរ៉ូ​នៅ​ឆ្នាំ​ទី​ពីរ ហើយ​នៅ​ឆ្នាំ​ទី​៣ អត្រា​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា និង​ភូមា នឹង​ធ្លាក់​ចុះ​មកនៅ​ត្រឹម ១២៥​អឺរ៉ូ។

ទីប្រឹក្សា​អង្គការ​កសិកម្ម​សេដាក លោក សម វិទូ បាន​លើក​ឡើង​ថា ​វិធាន​ការ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ និង​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ពិបាក​ថែម​ទៀត​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​អង្ករ​ជា​មួយ​ប្រទេស​ជិត​ខាង។

លោក​ សម វិទូ បាន​ជំរុញ​ទៅ​​រដ្ឋាភិបាល​ឲ្យ​​មាន​វិធាន​ការ​ទម្លាក់​ថ្លៃ​ដើម​នៃ​ការ​ផលិត ផ្ដល់​បច្ចេកទេស​កសិកម្ម​​ដល់​ពលរដ្ឋ រួម​ទាំង​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ តម្លៃ​ប្រេង​សាំង និង​តម្លៃ​ដឹក​ជញ្ជូន ដើម្បី​ជំរុញ​ពង្រឹង​ជំហរ​ប្រកួត​ប្រជែង​នៃ​ឧស្សាហកម្ម​នេះ។

លោក​ថា៖ «ខ្ញុំ​ជឿ​ថា​ វិធាន​ការ​របស់​រដ្ឋាភិបាល​ គឺ​មាន​ខ្លះ​ហើយ ក៏​ឃើញ​ខ្លះ​ដែរ ​តែ​ហាក់​ដូច​ជា​មិន​ស៊ី​សង្វាក់​គ្នា​រវាង​ក្រសួង​នានា​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​ជា​មួយ​គ្នា។ អញ្ចឹង ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យក្រសួង​ទាំង​អស់​ហ្នឹង ធ្វើ​ការ​រលូន​ជា​មួយ​គ្នា​ ហើយ​ធ្វើការ​រុញ​ឲ្យ​វិធានការ​ដែល​បាន​ដាក់​ចេញ​ទាំង​អស់​ហ្នឹង ​ឲ្យ​ក្លាយ​ទៅ​ជា​វិធានការ​មួយ​ដែល​មាន​ប្រសិទ្ធ​ភាព។ អញ្ចឹង​ បាន​យើង​អាច​ទៅ​រួច​ ប្រកួត​ជា​មួយ​គេ​រួច ​បើ​មិន​អញ្ចឹង​ទេ! ប្រហែល​​ជា​យើង​មាន​ការ​ពិបាក​ហើយ​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​គេ»

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ លោក​ ស្រី វុឌ្ឍី មាន​ប្រសាសន៍​ថា ​កម្ពុជា​បាន​តៀម​រួច​ហើយ​ដើម្បី​ទប់ទល់​នឹង​ការ​គិត​ពន្ធ​អង្ករ​របស់​សហភាព​អឺរ៉ុប​នេះ ​ដែល​រួម​មាន​ ការ​សម្លឹង​រក​ទី​ផ្សារ​បន្ថែម ការ​ពង្រឹង​ប្រព័ន្ធ​ធារាសាស្ត្រ បញ្ចុះ​តម្លៃ​អគ្គិសនី និង​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ជា​ដើម។

លោក​ថា៖ «កន្លងមកអាមេរិកធ្លាប់កាត់ ​GSP កាត់អីអស់ ហើយគេប៉ាន់ថា កម្ពុជាហ្នឹងដួលហើយ ការពិតមិនមែនដួលឯណា។ មកដល់ថ្ងៃនេះនៅឈររឹងតើ! ហើយខ្ញុំគិតថា កាលណាយើងទោរទន់ទៅលើអ្វីដែលគេជួយហ្នឹង យើងអត់រឹងមាំទេ។ យើងឃើញហើយ កាលអាមេរិកអត់ឲ្យប្រព័ន្ធអនុគ្រោះពន្ធ គេគិតថា សេដ្ឋកិច្ចយើងចុះមកនៅ ភាគរយ តែមិនអញ្ចឹងឯណា ពេលនោះសេដ្ឋកិច្ចយើង៧.៥ភាគរយ។ នេះជាឧទាហរណ៍»

ក្នុង​របាយការណ៍​នាំចេញ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នាំ​ចេញ​ទៅ​លក់​បាន​ជាង​ ៦២​ម៉ឺន​តោន ថយ​ចុះ​១,៥​ភាគរយ​ បើ​ធៀប​នឹង​ការ​នាំ​ចេញ​ ៦៣​ម៉ឺន​តោន​កាល​ពី​ឆ្នាំ​២០១៧។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​ អង្ករ​កម្ពុជា​ដល់​ទៅ​ជិត ២៧​ម៉ឺន​តោន ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយ​​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​មាន​ចំណែក​ដល់​ទៅ​ជាង ៤៣​ភាគរយ​នៃ​តួលេខ​អង្ករ​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ