អ្នកស្វែងរកការងារធ្វើនៅចិនកើនឡើងដល់៤០ភាគរយ

និស្សិតតាមសាកលវិទ្យាល័យតម្រង់ជួរគ្នាចូលរួមការតាំងពិពណ៌ការងារក្នុងទីក្រុងZheangzhou ក្នុងខេត្ត Henan(រូបពី រ៉យទ័រ)

របាយការណ៍ការសិក្សារបស់សាកលវិទ្យាល័យមួយក្នុងទីក្រុងប៉េកាំងបង្ហាញកាលពីថ្ងៃសុក្រម្សិលមិញថា ចំនួនអ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសចិនកើនឡើងដល់៤០ភាគរយ ដោយសារតែឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។​

របាយការណ៍សិក្សារបស់សាកលវិទ្យាល័យ Renmin ជាសាកលវិទ្យាល័យនៅក្នុងទីក្រុងប៉េកាំងល្បីខាងការស្រាវជ្រាវឲ្យដឹងថា ចាប់ពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៨ ដល់ថ្ងៃទី១៩ខែមករា ឆ្នាំ២០១៩ ចិននាំចេញធ្លាក់ចុះ៤,៤ ភាគរយ ចំណែកការនាំចូលធ្លាក់ចុះ៧,៦ភាគរយ បើប្រៀបធៀបពេលដូចគ្នានៅឆ្នាំមុន។​

ការសិក្សាក៏បានលើកឡើងពីឧបសគ្គរបស់ចិនកើនឡើងក្នុងការឆ្ពោះទៅរកការសម្រចគោលដៅដោយសារពាណិជ្ជកម្មនៅក្រៅប្រទេសកំពុងក្លាយជាក្តីកង្វល់។​ ក្រុមហ៊ុន Foxconn ជាក្រុមហ៊ុនទទួលបានសិទ្ធិផលិតសម្ភារឲ្យiPhones  ជាក្រុមហ៊ុនផលិតដែលត្រូវការកម្លាំងពលកម្មធំមួយនៅចិន​ បានសម្រេចកាត់បន្ថយកម្លាំងពលកម្មដោយសារការលក់ចេញថយចុះ។

​អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ Gavekal លោក Ernan Cui បានសរសេរការវិភាគមួយថា ចិនកាន់តែប្រឈមបញ្ហាទីផ្សារការងារកាន់តែខ្លាំងបើសិនជាមិនមានការសម្របសម្រួលណាមួយជាមួយរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន។​

ចិនបានបង្កើតគោលនយោបាយអាទិភាពសម្រាប់ឆ្នាំ២០១៩គឺការបង្កើតការងារឲ្យបានគ្រប់គ្រាន់ ដោយបារម្ភបញ្ហានេះក្លាយជាវិបត្តិសង្គម។​

នៅឆ្នាំ២០១៨ ចិនបានបង្កើតការងារចំនួន១៣លាន ដើម្បីឆ្លើយតបតម្រូវការការងារនៅក្នុងទី ក្រុង។​

សហរដ្ឋអាមេរិក និងចិន​ចាប់ផ្តើមផ្ទុះសង្គ្រាមពាណិជ្ជកម្មតាំងពីខែកក្កដា ឆ្នាំ២០១៨ ហើយដំឡើងពន្ធលើទំនិញគ្នាទៅវិញទៅមក។ បច្ចុប្បន្នតំណាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងតែចរចាស្វែងរកដំណោះស្រាយ ដែលតាមគម្រោងការចរចានឹងចប់នៅចុងខែមករានេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ