បក្សមួយចោទ​អឺរ៉ុបថា យកពន្ធលើអង្ករកម្ពុជាតាមការញុះញង់ពី​អតីត​បក្ស​ប្រឆាំង

ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លោក ហួន រាជចំរើន (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ពេល​កន្លង​មក។ រូបថតផ្ដល់​ឲ្យ

គណបក្សនយោបាយ​មួយ បានចេញមុខថ្កោលទោសចំណាត់ការរបស់អឺរ៉ុប ដែលសម្រេចយកពន្ធគយលើស្រូវអង្ករកម្ពុជា ដោយចោទថា ប្លុក​ទីផ្សារ​រួម​មួយនេះជឿតាមការញុះញង់របស់អតីតបក្សប្រឆាំង។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានហៅសេចក្ដី​សម្រេច​របស់អឺរ៉ុបដែលយកពន្ធគយលើស្រូវអង្ករកម្ពុជា​ថា កំពុងសម្លាប់សិទ្ធិការងារ និងសិទ្ធិលំនៅឋានរបស់ពលរដ្ឋកម្ពុជា​ ដោយថា វិធានការ​នេះធ្វើឲ្យវិនិយោគិន​បរទេស​មិនចូលមកទិញអង្ករពីកម្ពុជា។

គណបក្សមួយនេះ បាន​លើក​លើង​ថា សហគមន៍អឺរ៉ុបកំពុងធ្វើតាមការចង់បាន និងការញុះញង់របស់អតីតគណបក្សសង្គ្រោះជាតិ ជុំវិញការចោទថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានរំលោភសិទ្ធិមនុស្ស និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​ភូមា​ សម្រាប់​រយៈ​ពេល៣​ឆ្នាំ​ជាប់​គ្នា កាលពីថ្ងៃទី១៦​មករាកន្លងមក​ ទៅ​តាម​សំណើ​បណ្ដា​សមាជិក​ដែល​ជា​ប្រទេស​ផលិត​អង្ករ​នៅ​ក្នុង​សហគមន៍​មួយ​នេះ។

ប៉ុន្ដែ រដ្ឋាភិបាល​ក៏បានចេញសេចក្ដីការណ៍មួយឆ្លើយតបផងដែរ ដោយចាត់ទុកវិធាន​ការ​របស់សហភាពអឺរ៉ុប (EU) យកពន្ធអង្ករនាំចូលពីកម្ពុជា​ថា ជាអាវុធសម្លាប់ប្រជាកសិករដែលបច្ចុប្បន្នកំពុងមានជីវភាពក្រីក្រ និងមានជាប់បំណុលនៅធនាគារ។

​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ស្ថិត​ក្នុង​ចំណោម​គណបក្ស​នយោបាយ ១៦​ទៀត ដែល​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ក្រោយ​គណបក្ស​នេះ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន។

ឧត្ដម​ក្រុម​ប្រឹក្សា​នេះ បង្កើត​ឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ​មុន បន្ទាប់​ពី​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក ដែល​បាន​ផ្ដល់​ជ័យជម្នះ​ទាំង​ស្រុង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រោយ​ការ​បោះ​ឆ្នោត លោក ហួន រាជចំរើន និង​មេដឹកនាំ​គណបក្ស​នយោបាយ ៣០​រូប​ទៀត ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្នើ​តែង​តាំង​ជា​សមាសភាព​មួយ​រូប​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​មួយ​នេះ ជាមួយ​ឋានៈ​ស្មើ​នឹង​ទេស​រដ្ឋ​មន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ