ប្រមុខការទូតកម្ពុជាបង្ហាញការសោកស្តាយរបស់លោកទៅដល់ប្រមុខការទូតអាស៊ាន បន្ទាប់ពីសហគមន៍អឺរ៉ុបបានកំណត់យកពន្ធលើអង្ករកម្ពុជាកាលពីសប្ដាហ៍មុន។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះ ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលត្រូវបានរៀបចំធ្វើឡើងនៅឯទីក្រុងឈៀងម៉ៃ ក្នុងប្រទេសថៃ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមករា។
លោក ប្រាក់ សុខុន ត្រូវបានដកស្រង់សម្ដីដាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ដែលបានថ្លែងប្រាប់ប្រមុខការទូតអាស៊ានថា លោកសោកស្ដាយចំពោះការសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុប ដែលបានកំណត់យកពន្ធលើអង្ករនាំចូលពីប្រទេសកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ប្រមុខការទូតកម្ពុជារូបនេះ ក៏បានថ្លែងផងដែរថា កម្ពុជានឹងមិនដោះដូរនូវអធិបតេយ្យជាតិដើម្បីជំនួយជាដាច់ខាត ហើយលោកថា កម្ពុជាបានឆ្លងកាត់នូវភាពលំបាកពីអតីតកាលរួចមកហើយ។
សហគមន៍អឺរ៉ុបដែលជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា បានសម្រេចយកពន្ធលើអង្ករនាំចូលពីកម្ពុជា និងប្រទេសភូមាកាលពីសប្ដាហ៍មុន សម្រាប់រយៈពេល ៣ឆ្នាំជាប់គ្នា បន្ទាប់ពីអង្ករនាំចូលពីប្រទេសទាំងពីរនៅតំបន់អាស៊ានមួយនេះ បានធ្វើឲ្យប្រទេសផលិតអង្ករនៅក្នុងសហគមន៍អឺរ៉ុប បាត់បង់ចំណែកទីផ្សារយ៉ាងធំ៕