លោក ហ៊ុន សែន អះ​អាង​ថា រដ្ឋាភិបាល​នឹង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ក្រៅ​ពី​អឺរ៉ុប និង​អាមេរិក

ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយនិស្សិតចំនួន ៤៦៨នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​ថា រដ្ឋាភិបាលកម្ពុជាគ្រោងពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀត បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករកម្ពុជា។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចុះផ្សាយថា ក្នុងពិធីជួបជាមួយនិស្សិតខ្មែរនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីល្ងាចម្សិលមិញ លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកគ្រោងពង្រីកទីផ្សារនាំចេញបន្ថែមទៀត ទៅកាន់តំបន់​ផ្សេង​ក្រៅពីទីផ្សារសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។

លោក ហ៊ុន សែន អះអាងថា ទីផ្សារផ្សេងទៀតដែលកម្ពុជាអាចនាំចេញទំនិញ និងផលិតផលកសិកម្មរបស់ខ្លួនបាននោះ រួមមានចិន អាហ្វ្រិក បូព៌ា និងកូរ៉េ។

លោក ហ៊ុន សែន អះអាងទៀត​ថា ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនលើកនេះ លោកនឹងទាក់ទាញភ្ញៀវទេសចរចិនបន្ថែមទៀត ពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងជំរុញកំណើនវិនិយោចិនឲ្យបានកាន់តែច្រើនថែមទៀត ដូចជា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនី ជាដើម។

លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកថា៖ «ជាមួយគ្នានេះដែរ គឺកម្ពុជាត្រូវខិតខំបើក ពង្រីក និងពង្រឹងទីផ្សារឲ្យ​បានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន អាហ្វ្រិក មឈ្ឈឹមបូព៌ា និងកូរ៉េជាដើម»។

​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​ភូមា​ សម្រាប់​រយៈ​ពេល៣​ឆ្នាំ​ជាប់​គ្នាៗ ​កាលពីថ្ងៃទី១៦​មករាកន្លងមក ទៅ​តាម​សំណើ​បណ្ដា​សមាជិក​ដែល​ជា​ប្រទេស​ផលិត​អង្ករ​នៅ​ក្នុង​សហគមន៍​មួយ​នេះ។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​វិធានការ​បែប​នេះ​របស់​សហភាព​អឺរ៉ុប​​ថា ជាអាវុធសម្លាប់ប្រជាកសិករដែល​កំពុងមានជីវភាពក្រីក្រ និងមានជាប់បំណុលនៅធនាគារ​នា​ពេល​បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ