មន្ត្រី​សហជីព និងអតីតចៅសង្កាត់​​ខាង​​បក្សប្រឆាំងត្រូវអាជ្ញាធរ​ចាប់ខ្លួនជុំវិញ​វិវាទដីធ្លី

តំណាងសហជីព និងអតីតចៅសង្កាត់រងរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាព៖ ផ្ដល់ឲ្យ

តំណាងសហជីព និងអតីតចៅសង្កាត់រងគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេ​នាំគ្នាតវ៉ាជំទាស់​ទៅ​នឹង​អាជ្ញាធរដែល​ចុះ​ទៅ​ហាម​ឃាត់​ពួកគេ​ឲ្យផ្អាកសកម្មភាពកាយព្រំដី ដែលអះអាងថា ធ្វើឲ្យប៉ះពាល់ដីរបស់ពួកគេ។

មន្រ្តីសម្របសម្រួលការិយាល័យសហភាពការងារកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក អាន រ៉ាម៉ា ប្រាប់ វីអូឌី ថា មន្រ្តីរបស់សហភាពការងារ ១រូប លោក ទេព សុផា និងអតីតចៅសង្កាត់រង​មក​ពី​គណបក្សសង្គ្រោះជាតិ លោក ឆាយ រ័ត្ន ត្រូវបានសមត្ថកិច្ច​ខេត្ត​នេះ ចាប់ខ្លួននៅថ្ងៃនេះ ក្រោយចូលរួមតវ៉ាដីធ្លីជាមួយពលរដ្ឋនៅក្រុម ១៨ ភូមិ១ សង្កាត់១។

លោក អាន រ៉ាម៉ា ឲ្យដឹងថា នៅព្រឹកមិញនេះ​ អាជ្ញាធរខេត្តព្រះសីហនុបានដាក់កម្លាំងសមត្ថកិច្ចចម្រុះ និងគ្រឿងចក្រចុះកាយព្រំដី តំបន់ការពារទឹកស្អាតនៅ​តំបន់​ក្បាលឆាយ ធ្វើឲ្យ​ប៉ះពាល់ដីពលរដ្ឋនៅតំបន់នោះ ទើបបណ្តាលឲ្យមានការតវ៉ា​ពី​ពលរដ្ឋបែបនេះ។

លោកបន្ថែមថា៖ «ព្រឹកមិញហ្នឹង គេដាក់កម្លាំងចម្រុះចុះទៅ គេមានអាអ៊ិចអី។ ដល់អញ្ចឹងហើយប្រជាពលរដ្ឋហ្នឹងក៏លើកដៃសំពះ សំណូមពរទៅខាងសាលាខេត្តហ្នឹងដំណើរការហ្នឹងសិនទៅ និយាយគ្នារកដំដោះស្រាយសិន។ ដល់ប្រជាពលរដ្ឋពន្យល់ណែនាំ លើកដៃសំពះចុះឡើងៗទៅ។ ពួកនោះដូចគេថា គេធុញ គេក៏ចាប់ប្រជាពលរដ្ឋក្របួចកអាវ ដេញបាញ់រត់ប្រសេចប្រសាចពេញហ្នឹង»

ភរិយាលោក​ ឆាយ រ័ត្ន គឺអ្នកស្រី សំ សារ៉ាត់ បញ្ជាក់​ថា ស្វាមីគាត់មិនបានទៅរារាំង ឬញុះញង់ពលរដ្ឋឲ្យតវ៉ារារាំងអាជ្ញាធរមិនឲ្យធ្វើការងារនោះទេ គឺគ្រាន់តែឃើញមានពលរដ្ឋតវ៉ា ហើយដើរចូលទៅមើលក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង៕

អ្នកស្រីបន្ថែមថា៖ «វាអយុត្តិធម៌សម្រាប់ប្តីខ្ញុំមែនទែន។ បើសិនជាប្តីខ្ញុំ គាត់បានទៅញុះញង់ ឬក៏ទៅបង្កើតចលនាអីមួយ ឬក៏ទៅហៅ​ប្រជាពលរដ្ឋឲ្យស្រែកអ្វីមួយដែលមិនសមទំនង ហើយចាប់គាត់ ខ្ញុំមិនមានការតូចចិត្តទេ ប៉ុន្តែ នេះគ្រាន់តែប្តីខ្ញុំដើរចូលដោយ​ធម្មតា ហើយលើកដៃជម្រាបសួរ គេក្របួចកអាវហើយចាប់ដោយអត់ដឹងអីសោះ»

អតីតចៅសង្កាត់រងរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាព៖ ផ្ដល់ឲ្យ

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន មានប្រសាសន៍ថា សមត្ថកិច្ចចាប់ខ្លួនពលរដ្ឋទាំង ២នាក់នោះ ដោយសារពួកគេប្រព្រឹត្តរឿងខុសច្បាប់ ដោយបង្ករការរំខានដល់ការងាររបស់អាជ្ញាធរ។

លោកបន្ថែម៖ «រឿងហ្នឹងវាមានអ្នកពាក់ព័ន្ធខ្លាំង និងពាក់ព័ន្ឋតិច ហើយលោកសួរថា ហេតុអីចាប់មនុស្សតែពីរនាក់ ខណៈមាន អ្នកតវ៉ាច្រើន រឿងហ្នឹងជាបច្ចេកទេសរបស់តុលាការ។ ខ្ញុំអត់​លូកលាន់ទេ ខ្ញុំគ្រាន់តែជម្រាបលោកជារួមថា ជាគោលការណ៍រួមកាល​ណាតែគាត់ធ្វើខុសច្បាប់ អាជ្ញាធរគេចាប់ហើយ គ្រាន់តែថា ចាប់អ្នកណា ទុកអ្នកណានោះ ជាសិទ្ធិរបស់តុលាការ»

មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជាប សុធារី មានប្រសាសន៍ថា អាជ្ញាធរគួរតែសម្របសម្រួលដោះស្រាយដីធ្លីជូនពលរដ្ឋឲ្យមានតម្លាភាព ​ជាជាងចាប់ពលរដ្ឋបែបនេះ ដោយលោកស្រីថា ពលរដ្ឋដែលកំពុងមានជម្លោះនោះភាគច្រើនជាអ្នកក្រីក្រ។

លោកស្រីបន្ថែមថា៖ «ខ្ញុំសុំឲ្យអាជ្ញាធរខេត្តហ្នឹង ជួយសម្របសម្រួលករណីហ្នឹងទៅ ព្រោះរឿងដីហ្នឹងមិនមែនពលរដ្ឋទើបតែចូលកាន់កាប់ឥឡូវទេ គឺពួកគេចូលយូរហើយ។ ហើយខ្ញុំថា បើសិនជាចាប់ត្រូវតែចាប់ទាំងអស់ ព្រោះអ្នកដែលទៅធ្វើសកម្មភាពតវ៉ាសុំឲ្យផ្អាកការឈូសឆាយ វាមិនមែនតែលោក ឆាយ រ័ត្ន និងលោក ទេព សុផា ណា ព្រោះអ្នកដែលមានដីនៅហ្នឹងជាង ២០០គ្រួសារណោះហ្នឹង ហើយអ្នកទៅធ្វើសកម្មភាពព្រឹកមិញមានជាង ១០០នាក់ឯណោះហ្នឹង»

កាលពីថ្ងៃទី១៦ ខែមករា ប្រជាពលរដ្ឋប្រមាណ ៥០នាក់ ក្នុងចំណោមពលរដ្ឋជាង ២០០គ្រួសារ នៅក្រុម ១៨ភូមិ១ សង្កាត់១ បានប្រមូលផ្តុំគ្នាអំពាវនាវទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយដោះស្រាយវិវាទដីធ្លីជូនពួកគេ ខណៈអ្នកភូមិចោទអាជ្ញាធរមូលដ្ឋានថា បែងចែកដីជូនពួកគេមិនមានតម្លាភាព។

អ្នកភូមិអះអាងថា ដីជាង ៩ហិកតាដែលរដ្ឋាភិបាលកាត់ចេញតំបន់ការពារ ដើម្បីចែកជូនឲ្យពលរដ្ឋនោះ ត្រូវបានអាជ្ញាធរវាស់ចែកឲ្យតែពាក់កណ្តាលប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ