អតីត​មេ​បក្ស​ប្រឆាំង​ប្រកាស​ពី​គម្រោង​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ

២១ មករា ២០១៩ / 21 January 2019 ប្រជុំ ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ គណបក្ស​សង្គ្រោះ​ជាតិ​​ នៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក។ រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស សម្រេចឲ្យ​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ ឲ្យ​វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយថា ដើម្បីស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុង​វីដេអូឃ្លីបដែលបង្ហោះលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្រ្គោះជាតិ បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ឡូវែល នៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​២១ ខែ​មករា​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់ដឹកនាំ ២៤រូប ក្នុង​នោះ​មាន​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួ និង​លោក អេង ឆៃអ៊ាង ផងដែរ។

ក្នុងវីដេអូ​ដដែល​នោះ អតីតអនុប្រធានមួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា ដើម្បីរៀបចំដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងនៅក្រៅប្រទេសបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដូចជា កៀងគរ និងរៀបចំកម្លាំងនៅក្នុងស្រុកចាំទទួលលោក សម រង្ស៊ី ពង្រីកសកម្មភាពការទូត ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបកអាក្រាតពីទង្វើបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលសព្វថ្ងៃ ​ចងសម្ព័ន្ធភាពជាមួយអ្នកប្រជាធិបតេយ្យ និងរៀបចំថវិកាសម្រាប់ការវិលត្រឡប់នេះ។

ក្នុងវីដេអូនេះ លោក អេង ឆៃអ៊ាង ថ្លែងថា៖ «សេចក្ដីសម្រេចចំណុចទី៣ គឺយើងរៀបចំដំណើរវិលត្រឡប់ចូលមាតុភូមិន៍វិញរបស់លោកប្រធាន សម រង្ស៊ី។ ក្នុងនោះ យើងបានឯកភាពគ្នាថា នឹងត្រូវធ្វើកិច្ចការចំនួន ៥ ជាមួយគ្នា ទាំងបងប្អូននៅក្រៅប្រទេស និងក្នុងស្រុក បង្កើតក្រុមការងារ ដើម្បីរៀបចំកម្លាំងទទួលដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជារបស់លោកប្រធាន សម រង្ស៊ី ទី២ គឺយើងពង្រីកសកម្មភាពការទូត…»។

ប៉ុន្ដែ ក្នុងវីដេអូដដែលនេះ ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងនៅក្រៅប្រទេសមិនបានកំណត់កាលបរិច្ឆេទជាក់លាក់នៃការវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជានោះទេ។

នៅក្នុងឆ្នាំ២០១៦ ពោលគឺក្រោយការបោះឆ្នោតអាណត្ដិទី៥ ឆ្នាំ២០១៣នោះ លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជាជាថ្មីម្ដងទៀត ក្រោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចោទប្រកាន់លោកពីបទបរិហាកេរ្តិ៍ និងញុះញង់ ជុំវិញករណីឃាតកម្មអ្នកវិភាគនយោបាយល្បីឈ្មោះ​លោកបណ្ឌិត កែម ឡី។

លោក សម រង្ស៊ី ក៏នៅតែបន្ដនិរទេសខ្លួននៅក្រៅប្រទេសរហូតមកទល់ពេលបច្ចុប្បន្ននេះ ខណៈដែលស្ថាននយោបាយនៅកម្ពុជាឡើងកម្ដៅ និងឈានដល់ការរំលាយអតីតគណបក្សសង្គ្រោះជាតិ ដែលលោកធ្លាប់ជាអតីតស្ថាបនិកនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ