តើកត្តាអ្វី​ខ្លះដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​វេណេស៊ុយអេឡា ម៉ាឌូរ៉ូ នៅតែក្តាប់​អំណាចបាន?

ប្រធានាធិបតីរុស្ស៊ី ពូទីន (ឆ្វេង) ប្រធានាធិបតីវេណេស៊ុយអេឡា ម៉ាឌូរ៉ូ (កណ្ដាល) និងប្រធានាធិបតីចិន ស៊ី ជីងពីង។ រួបភាព៖ វេបសាយបរទេស

លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្បថចូ​លកាន់​ដំណែង​ជាប្រធានាធិបតីវេណេស៊ុយអេឡា សម្រាប់​អាណត្តិថ្មី​របស់លោក​កាល​ពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩​ បើ​ទោះ​បី​ជារដ្ឋ​សភា ប្រកាសលែង​ទទួលស្គាល់លោក​យ៉ាងណាក្តី។

​ការបោះ​ឆ្នោត​កាល​ពី​ថ្ងៃទី​២០ ​ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ​ លោក ម៉ាឌូរ៉ូ ត្រូវបាន​ជាប់​ឆ្នោតធ្វើ​ជា​ប្រធានា​ធិបតី​វេណេស៊ុយអេឡាជាថ្មី​ម្ដងទៀតសម្រាប់​អាណត្តិឆ្នាំ ​២០១៩-២០២៥។ តែ​​សហគមន៍អន្តរជាតិ​មាន​ដូច​ជា សហភាព​អឺរ៉ុប អាមេរិក​ ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ច​ពិភពលោក​ទាំង៧ និងក្រុមប្រទេស ​Lima Group ដែល​ជាប្រទេស​ក្នុងតំបន់​អាមេរិកឡាទីន​  បានប្រកាស​មិនទទួលស្គាល់​ការបោះឆ្នោតនោះទេ។

លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្បថចូ​លកាន់​ដំណែង​ជាប្រធានាធិបតីវេណេស៊ុយអេឡា សម្រាប់​អាណត្តិថ្មី​របស់លោក​កាល​ពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយបរទេស

រដ្ឋសភាវេណេស៊ុយអេឡាកាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩​  ​បានអនុម័តសេចក្តីសម្រេច​មួយដោយយោងតាម​មាត្រា ២៣៣ នៃរដ្ឋធម្មនុញ្ញរបស់ខ្លួន​ដោយ​បង្កើត «រដ្ឋាភិបាលអន្តរកាល» និងស្នើ​រៀបចំការបោះឆ្នោតថ្មី​មួយដោយសេរីនិងប្រកបដោយតម្លាភាព។ ប្រធាន​រដ្ឋសភា​ លោក Juan Guaido បាន​ប្រកាស​ ឲ្យ​ប្រជាជន​វេណេស៊ុយអេឡាចូល​រួម​ជាមួយ​លោក​ក្នុងការ​ធ្វើមហាបាតុកម្ម​ដែល​នឹង​គ្រោង​​ធ្វើ​នៅ​ថ្ងៃទី​២៣ ខែ​មករា​ខាងមុខ។

ទោះបី​ជាសហគមន៍ អន្តរជាតិ​មួយចំនួន ក៏ដូច​ជា​រដ្ឋសភាវេណេស៊ុយអេឡាផ្ទាល់​មិន​ទទួល​ស្គាល់​ភាពស្រប​ច្បាប់​របស់​​លោក ម៉ាឌូរ៉ូ យ៉ាងណាក្តី​ តែ​ប្រធា​នាធិបតី​រូបនេះនៅតែ​អាចក្តាប់​អំណាច​របស់​ខ្លួន​បាន​។

តើកត្តាអ្វី​ខ្លះ​ដែល​រួម​ចំណែក​ធ្វើ​ឲ្យប្រធានា​ធិបតីរូបនេះ រក្សាអំណាច​របស់​លោកបាន?​

ថ្វីបើ​អាមេរិក​ សហគម​ន៍អឺរ៉ុប និងក្រុម​ប្រទេស​អាមេរិក​ឡាទីនមួយចំនួន​មិន​ទទួលស្គាល់​លោក ម៉ាឌូរ៉ូ តែ​ក៏មាន​ប្រទេស​មួយចំនួន​ជាពិសេសប្រទេស​សង្គម​និយម​ បង្ហាញ​ការ​គាំទ្រ​ចំពោះ​មេដឹកនាំ​រូបនេះផង​ដែរ។

អ្នកសម្របសម្រួល​អង្គការ​និស្សិតដើម្បីសេរីភាពដែល​មានមូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក លោក Jorge C. Carrasco បានលើកឡើងថា​ ភាពឋិតថេរនៃ​​អំណាច​របស់​ លោក ម៉ាឌូរ៉ូ គឺអាស្រ័យដោយ​មាន​ការគាំទ្រ​ពីប្រទេសមហា​អំណាចពីរគឺ ​រុស្ស៊ី​ និង​ចិន។

ក្រោយ​ការ​បោះឆ្នោត ​ប្រទេស​មហា​អំណាច​ទាំងពីរ​នេះ​ បាន​ទទួល​ស្គាល់​ភ្លាម​ៗនូវលទ្ធផល​ដែល​ប្រកាស​ថា ​លោក ម៉ាឌូរ៉ូ ជាអ្នកឈ្នះ។ លោក Jorge C. Carrasco មានប្រសាសន៍ថា ​ការទទួល​ស្គាល់​យ៉ាងលឿន​ថា​រដ្ឋាភិបាល​របស់​លោក ម៉ាឌូរ៉ូ ពីសំណាក់​ភាគី​​​​ រុស្ស៊ី​ ធ្វើឡើង​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅក្នុង​តំបន់​អាមេរិក​ឡាទីន ជាពិសេស​ប្រទេស​ដែល​​​មិនចុះ​សម្រុង​ជាមួយ​អាមេរិក។

ប្រធានាធិបតី Venezuela លោក Nicolas Maduro (ឆ្វេង) បានថតរូបជាមួយសមភាគីរុស្ស៊ីរបស់លោកគឺលោ ពូទីន នៅក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។ រូបភាព៖ វេបសាយបរទេស

ជាក់ស្ដែងកាល​ពីថ្ងៃទី១១ ​ខែធ្នូ ឆ្នាំ២០១៨ រុស្ស៊ី បាន​ដាក់​យន្តហោះទម្លាក់គ្រាប់ Tu-១៦០ ចំនួន​២គ្រឿង​ ក្នុងប្រទេស​វេណេស៊ុយអេឡា។ រុស្ស៊ី មិន​បាន​បញ្ជាក់​ទេ​ថា​ពេ​លណា​ខ្លួននឹង​ដក​​យន្តហោះទម្លាក់គ្រាប់បែក​ទាំង​ពីរនេះចេញពី​ប្រទេសនេះ។

​លោក Jorge C. Carrasco បាន​ឲ្យដឹងបន្ថែម​​ថា ​រដ្ឋាភិបាល​ក្រុងប៉េកាំង​គាំទ្រ​ភាព​ស្របច្បាប់​រ​បស់​លោក​ ម៉ាឌូរ៉ូ ដោយសារតែមូលហេតុ​ចំបងមួយគឺ ​សេដ្ឋកិច្ច។ លោក បន្ថែម​ថា ​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស ជំពាក់​ចិន​រាប់​ពាន់​លាន​ដុល្លារ ហើយ​ដើម្បី​សង​ចិន​វិញ ​រដ្ឋាភិបាល​របស់​លោក ម៉ាឌូរ៉ូ ​ក្នុងមួយ​ថ្ងៃ​ៗ ត្រូវ​សងបំណុល​ចិន​​ជាប្រេង​រាប់​ពាន់​បារ៉ែល។ លោក បាន​លើកឡើង​ថា ​ចិន​ចាត់​ទុក​រដ្ឋាភិបាល​ក្រុង​​ការ៉ាកាស ជាកូនបំណុល​ដ៏សំខាន់ដែល​ត្រូវ​តែយក​ចិត្ត​ទុកដាក់​ថែរក្សា។

លោកប្រធានាធិបតីចិន ស៊ី ជីងពីង និងលោកប្រធានាធិបតីវេណេហ្ស៊ូអេឡា នីកូឡាស ម៉ាឌូរ៉ូ Nicolás Maduro (រូបភាព៖ វេបសាយបរទេស)

កក្តាមូយទៀត​ដែលជួយឲ្យ​​លោក​ ម៉ាឌូរ៉ូ ​រក្សា​អំណាច​របស់ខ្លួនឲ្យ​បាន​គង់​វង្ស គឺ​ការអោបក្រសោប​ពួកយោ​ធាតាម​រយៈការផ្ដល់​ឋានៈ និង​តួនាទី​សំខាន់ៗដល់​ក្រុម​មេទ័ព​​ធំ​ៗ។ តាម​លោក Jorge C. Carrasco ក្រុម​មេទ័ពទាំងនោះ ត្រូវបាន​លោក​ ម៉ាឌូរ៉ូ ផ្ដល់​ទាំង​អំណាច​នយោបាយ​ និងសេដ្ឋកិច្ច ពោល​គឺលោក​ធ្វើ​ឲ្យ​ពួកគេទាំងនោះ​ស្មោះស្ម័គ្រ ​ហើយ​មើលឃើញ​ថា ពួកគេ​​កំពុងជិះទូកតែមួយ​ជាមួយខ្លួន។​

ពលរដ្ឋ​វេណេស៊ុយអេឡា កំពុង​ជួបវិបត្តិកង្វះខាតចំណីអាហារ​ ថ្នាំសង្កូវ ហើយមនុស្ស​ប្រមាណ​ជា​៣លាននាក់​កាលពីឆ្នាំ​២០១៨កន្លងទៅ​ បានចាកចេញ​ទៅកាន់ប្រទេសជិត​ខាង​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។

​របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​​ប្រចាំ​ប្រទេស​វេណេស៊ុយអេឡា ​ Foro Penal បង្ហាញ​ថា​កាល​ពីឆ្នាំ២០១៨ រដ្ឋាភិបាល​​លោក​ ម៉ាឌូរ៉ូ បាន​ឃុំ​ខ្លួន​អ្នកនយោបាយ​ជិត​៣០០នាក់​ដែល​ធ្វើការ​រិះគន់ប្រឆាំង​នឹង​ការដឹកនាំរបស់​លោក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ