មន្ត្រី​អះ​អាង​ថា ក្រុង​ព្រះសីហនុ​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក​ជាង​១​ម៉ឺន​ម៉ែត្រ​គូប​រៀង​រាល់​ថ្ងៃ

សកម្មភាពចែកទឹកឲ្យពលរដ្ឋនៅខេត្តព្រះសីហនុ(រូបពីលោក នងឌី ណារ៉ា )

មន្ត្រីរដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្រុង​ព្រះសីហនុ កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​​ទឹកប្រើប្រាស់​ហើយ​នា​ពេល​សព្វ​ថ្ងៃនេះ ហើយ​អាជ្ញាធរ​បាន​បន្ទោស​បញ្ហា​នេះ​ទៅ​លើ​កំណើន​នៃលំហូរ​ចូល​ជន​ជាតិ​ចិន និង​កំណើន​យ៉ាង​លឿន​នៃ​គម្រោង​សាងសង់​នៅ​ខេត្ត​ជាប់​​ឆ្នេរ​សមុទ្រ​មួយ​នេះ។

ប្រធាន​អង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ លោក ផន រតនៈ ប្រាប់ វីអូឌី នៅថ្ងៃនេះថា ​ការ​ផ្គត់​ផ្គង់​ទឹក​សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ទីក្រុង​ព្រះសីហនុ នៅ​ខ្វះ​ជាង១​ម៉ឺន​ម៉ែត្រ​គូប​​ទៀត​ក្នុង​មួយ​ថ្ងៃៗ​ ខណៈ​ដែល​ទំហំ​នៃ​ការ​ប្រើ​ប្រាស់​ទឹក​នៅ​ក្នុង​ក្រុង​មួយ​នេះ បាន​កើន​ឡើង​ដល់​ជិត៤​ម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។

មន្ត្រី​រដ្ឋាករ​ទឹក​រូប​នេះ បាន​ឲ្យ​ដឹង​ថា កង្វះ​ខាត​មធ្យោបាយ​បញ្ជូន​ទឹក​ទៅ​ស្តុក​ទុក​នៅ​ស្ថានីយ៍​ស្តុក​ទឹក កំណើន​នៃ​ការ​ហូរ​ចូល​របស់​ជន​ជាតិ​ចិន និង​កំណើន​នៃ​គម្រោង​សាង​សង់​ គឺ​ជា​ដើម​ចម​នៃ​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​នៅ​ទីក្រុង​មួយ​នេះ។

លោក ផន រតនៈ ប្រាប់ថា៖ «តម្រូវការឡើងដល់ ៣៨០០០ម៉ែត្រគូបហើយ។ វាអាចខ្វះ ១៣៥០០ម៉ែត្រគូប ទៅ ១៤០០០ម៉ែត្រគូបទៀត។ ការកើនឡើងដោយសារការមកវិនិយោគរបស់ជនជាតិចិន ​មកធ្វើសំណង់​សណ្ឋាគារ ការតាំងទីលំនៅថ្មី ប្រកបអាជីវកម្មថ្មីធ្វើឲ្យកំណើនឡើងកាន់តែខ្ពស់ ហក់ឡើង ១ គុណ ២ គុណនឹង ៣​»

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ចិនបាន​​មក​ទស្សនា​ប្រទេស​កម្ពុជា​​​មាន​ចំនួន​ជិត ​២លាន​នាក់ នៅ​ក្នុង​រយៈ​ពេល ១០​ខែ ​ឆ្នាំ​២០១៨​កន្លង​មក​នេះ ដោយ​បាន​កើន​ឡើង​​ជាង ​៧០ភាគរយ បើធៀប​នឹង​តួលេខ​រយៈ​ពេល ១០​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក។

របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៨ បង្ហាញថា ជន​ជាតិ​ដល់​ទៅ ៧៨,០០០​នាក់ បានចូល​មក​ស្នាក់នៅ និង​ធ្វើការ​ងារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ខណៈដែល​ខេត្ត​មួយ​នេះ​មាន​ប្រជាជន​ខ្មែរ​ខ្ទង់ ១៣,០០០​គ្រួសារ​។

មន្ត្រី​សម្របសម្រួល​សមាគមអាដហុកប្រចំាខេត្ត​សីហនុ អ្នកស្រី​​ ជាប សុធារី បាន​ទទួល​ស្គាល់​ថា កំណើន​នៃ​ជន​ជាតិ​នៅ​ក្នុង​ខេត្ត​នេះ គឺ​ជា​ដើម​ចម​នៃ​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​ ប៉ុន្តែ អ្នកស្រី​ក៏​បាន​បន្ទោស​បញ្ហា​នេះ​ទៅ​លើ​ការ​បាត់​បង់​បឹង​ព្រែក​ទប់ដែល​មាន​ទំហំ ១៦​ហិកតា​នោះ​ ត្រូវ​បាន​​ក្រុមហ៊ុន អានកូ បាន​ចាក់​ដី​លុប​អស់​ទំហំ ៨​ហិកតា​ទៅ​ហើយ។

លោកស្រី ជាប សុធារី ប្រាបថា៖ «មានវិធានការស្តារបឹង [បឹងព្រែកទប់] ឡើងវិញ ថែរក្សាធ្វើម៉េចឲ្យទឹកបឹង វាអាចមានគុណភាពក្នុងការប្រើប្រាស់​ ក៏វាជាការរួមចំណែកមួយតូច ហើយមួយទៀត ប្រភពទឹកនៅតំបន់ក្បាលឆាយ ក៏គួរតែក្រុមហ៊ុន​ ខាងធនធានទឹក គួរតែជជែក​ពិភាក្សាគ្នាដែរ ធ្វើយ៉ាងណាដើម្បីជំរុញឲ្យខាងបច្ចេកទេសក្នុងការផ្គត់ផ្គង់ទឹក​របស់ក្រុមហ៊ុន អានកូ គាត់ធ្វើម៉េច​ឲ្យទឹកបានទៅដល់ប្រជាពលរដ្ឋតាមតម្រូវ​ការ​»។​

រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជូន​ដំណឹង​ទៅ​ដល់​ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​កាល​ពី​សប្ដាហ៍​មុន ឲ្យ​ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ខណៈ​ដែល​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ព្យាករ​ថា ប្រទេស​កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​ជាង​ឆ្នាំ​មុន​ចន្លោះ​ពី ៤០ ទៅ ៤២​អង្សា​នៅ​ក្នុង​រដូវ​ប្រាំង​នៅ​ឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ