សមត្ថកិច្ចឃាត់រថយន្តធុនធំចូលរាជធានីភ្នំពេញបំពានបម្រាមបាន១៥០គ្រឿង

ប្រភេទរថយន្តធុនធ្ងន់មួយគ្រោះបើកបរដឹកទំនិញចូលមកក្នុងទីប្រជុំជនក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

មន្ត្រី​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​ដល់​ទៅ​ជាង ១០០​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទុក នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​លើ​រថយន្ត​ធុន​ធំ​បើក​បរ​ល្មើស​បម្រាម​ចូល​រាជ​ធានី​ភ្នំពេញ​នៅ​ក្នុង​ខែ​មករា​នេះ។

ប្រធានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ លោក សែម គន្ធា ប្រាប់ VOD នៅរសៀលនេះថា សមត្ថកិច្ចឃាត់រថយន្តធុនធំដែលបើក​បរ​ចូល​រាជ​ធានី​ភ្នំពេញ​ខុសម៉ោង​អនុញ្ញាត បានចំនួន ១៥០គ្រឿង គិតចាប់តាំងពីថ្ងៃទី៩ ខែ​មករា​រហូត​មក​ដល់​ថ្ងៃ​នេះ។

លោក សែម គន្ធា មានប្រសាសន៍ថា៖ «យើងអនុវត្តចាប់ពីថ្ងៃទី៩ [មករា] ដល់​នេះ​អាលូវហ្នឹង មួយរយជាងគ្រឿង បាទ ១៥០គ្រឿង! ទាំងអស់ហ្នឹង ប្រភេទរថយន្ត​ធំៗម៉ងអ្ហា៎! កុងទីន័រ!។ ឡានហ្នឹង និយាយទៅយើងអត់គិតថា ដឹកអីខ្លះទេ សំខាន់គាត់ចូលខុសម៉ោងពេលដែលសាលារាជធានីបានប្រកាសណាបង!»

ប្រធានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរូបនេះ ឲ្យដឹងទៀតថា រថយន្តទាំងអស់នេះត្រូវបានផាកពិន័យ និងសំណូមពរឲ្យម្ចាស់អាជីវករទាំងអស់គោរពច្បាប់ចរាចរណ៍ និងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ។

លោក សែម គន្ធា ក៏បានឲ្យដឹងពីទីតាំងសម្រាប់ឃាត់រក្សាទុករថយន្តធុនធំដែរ គឺមានចំនួនពីរកន្លែង ដែលទីតាំងទីមួយនៅផ្លូវហាណូយមានទំហំ ១១ហិកតាកំពុងដំណើរការ និងទីតាំងមួយកន្លែងទៀតនៅផ្លូវ ៦០ម៉ែត្រកំពុងស្នើសុំនៅឡើយ។

អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ ថា ចំណាត់ការនេះជារឿងល្អ បើសិនជាធ្វើក្នុងគោលដៅអប់រំ និងគួរមានការជូនដំណឹងជាមុនផង។

លោក គង់ រតនៈ មានប្រសាសន៍ថា៖ «សព្វថ្ងៃហ្នឹង អ្នកបើកបរឡានធំ គាត់អត់សូវគោរពច្បាប់ដែរ! ហើយជាពិសេស យើងឃើញថា បម្រាមជាច្រើនដែលបានដាក់ដោយសាលាក្រុងកន្លងមកហ្នឹង គឺមានប្រសិទ្ធិភាពរយៈពេលខ្លី វាអត់បានវែង! អញ្ចឹង បើសិនជាចំណាត់ការដែលមានបង្កើនសហការជាមួយខាងមន្ត្រីចរាចរណ៍ រួមទាំងសាលាក្រុងដែលគាត់អាចធ្វើអញ្ចឹងបាន វាជារឿងដែលប្រសើរ!»

​កាលពី ឆ្នាំ​២០១៣ សាលារាជធានី​ភ្នំពេញបានចេញ​បម្រាម ​មិនអនុញ្ញាត​​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់ឆ្លងកាត់ទីក្រុងភ្នំពេញពេលថ្ងៃ​នោះ​ឡើយ ហើយបានចេញបទបញ្ជាម្តងទៀត​​​កាលពីឆ្នាំ២០១៦ ដោយអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ឆ្លងកាត់ក្នុងទីក្រុងចាប់ពីម៉ោង ៨​យប់ដល់ម៉ោង ៦ព្រឹកតែប៉ុណ្ណោះ។

សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​ហាម​ឃាត់​រថយន្ត​ធុន​ធំ​ទាំង​អស់​មិន​ឲ្យ​បើក​បរ​ឆ្លង​កាត់​ខណ្ឌចំនួនបួន មានខណ្ឌចំការមន ដូនពេញ ខណ្ឌ​ ៧មករា និងខណ្ឌទួលគោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ