ក្រុម​អ្នក​ជំនាញ​​ថា បញ្ហា​អាកាស​ធាតុ​នឹង​មិន​ប៉ះ​ពាល់​ដល់​សន្តិសុខ​ស្បៀង និង​ផលិត​កម្ម​អង្ករ​កម្ពុជា

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​កម្ពុជា​ លើក​ឡើង​ថា​ ការហាម​​ធ្វើ​ស្រែ​ប្រាំង​លើក​ទី​២ក្នុង​ឆ្នាំ​២០១៩​នេះ នឹង​មិន​ប៉ះ​ពាល់​ដល់​សន្តិសុខ​ស្បៀង និង​ការ​នាំ​ចេញ​របស់​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​ថា ជា​វិធានការ​បង្ការ​ការ​ខាត​បង់​របស់​ប្រជា​កសិករ។

សារាចរ​ណែ​នាំ​ចុះ​ថ្ងៃ​ទី​១៧ មករា ​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​សម្រាប់​រដូវ​ប្រាំង​ឆ្នាំ​នេះ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ណែនាំ​ឲ្យ​​​ធ្វើ​ស្រែ​ប្រាំង​តែ​មួយ​លើក​ប៉ុណ្ណោះ​នៅ​រដូវ​ប្រាំង​នេះ។

អ្នកនាំពាក្យ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក កែវ វី បាន​ប្រាប់ ​VOD ថា​ រដ្ឋាភិបាល​បាន​សម្រេច​បែប​នេះ​ គឺ​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​លើ​ដំណាំ​ផ្សេង​ និង​កុំ​ឲ្យ​ជួប​បញ្ហា​ដូច​កាល​ពី​ឆ្នាំ​២០១៦ ហើយ​លោក​ថា បញ្ហា​អាកាស​ធាតុ​នៅ​រដូវ​ប្រាំង​នេះ នឹង​មិន​ប៉ះ​ពាល់​ដល់​សន្តិសុខ​ស្បៀង និង​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៩​នោះទេ។

លោក កែវ វី ប្រាប់ថា​៖ «ការធ្វើលើសផែនការ គឺលើសហើយ ១២៦ភាគរយនៃផែនការក្នុងឆ្នាំហ្នឹង។ ដូច្នេះ មានន័យថា យើងខិតខំប្រឹងជួយសង្គ្រោះអ្វីដែលលើសហ្នឹង! ដូច្នេះ បើទោះបីជាមានការប៉ះពាល់ក៏នៅក្នុងចំណែកដែលលើសហ្នឹងដែរ មិនប៉ះពាល់ដល់សន្តិសុខស្បៀងរបស់ប្រទេសយើងទេ»

របាយការណ៍​បិទ​បញ្ចប់​ការងារ​បង្កបង្កើន​ផល​ស្រូវ​វស្សា​​របស់​ក្រសួង​កសិកម្ម​នៅ​ឆ្នាំ​២០១៨​​ ​ឲ្យ​ដឹង​ថា​ ការងារ​បង្កបង្កើន​ផល​ស្រូវ​វស្សា​ឆ្នាំ ២០១៨ សម្រេច​បាន​ជាង ២.៧៣​លាន​ហិតា ស្មើនឹង ១០៨.៨៣ភាគរយ នៃ​ផែន​ការ​ដាំដុះ។​

​អគ្គ​លេខាធិការរង​នៃក្រុម​ប្រឹក្សា​ស្ដារ​ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​ និង​ជា​ប្រធាន​អង្គភាព​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​កម្ពុជា​លោក សុខ ស៊ីឡូ មាន​ប្រសាសន៍​ប្រាប់​ VOD ថា ​បើ​តាម​ចំនួន​ដែល​កម្ពុជា​ផលិត​បាន​នា​ឆ្នាំ​កន្លង​ទៅ ​គឺ​កម្ពុជា​មិន​មាន​បញ្ហា​ប្រឈម​នឹង​សន្តិសុខ​ស្បៀង​ក្នុង​ឆ្នាំ​២០១៩​នេះ​នោះ​ទេ។

លោក​ថា​៖ «ជាធម្មតា ស្បៀងយើងប្រើសម្រាប់ប្រជាជនជាង ១៦លាននាក់គឺត្រូវការតែ ៤លានតោនទេហើយស្រូវយើងផលិតបានជាធម្មតាដល់ទៅ ១០លានតោនច្រើនណាស់! អញ្ចឹង ប្រសិនជាថយចុះយ៉ាងណា គឺមិនអាចថយចុះដល់ក្រោម លានតោនទេ»

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​លោក ហ៊ុន ឡាក់ មាន​ប្រសាសន៍​ថា ​ក្នុង​មួយ​ឆ្នាំ​កម្ពុជា​អាច​នាំ​អង្ករ​ទៅ​ក្រៅ​ប្រទេស​បាន​ប្រមាណ ៦២ម៉ឺនតោន ហើយ​បើ​ធៀប​ទៅ​នឹង​ទិន្នផល​ដែល​កម្ពុជា​ធ្វើ​បាន​កាល​ពី​ឆ្នាំ​២០១៨​ មក​ដល់​ពេល​នេះ​ គឺ​កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​ស្តុក​ទុក និង​​នាំ​អង្ករ​ចេញ​តាម​ធម្មតា​នា​រដូវ​ប្រាំង​ខាង​មុខ។

លោក​ថា៖ «ជាទូទៅ ទិន្នផលស្រូវក្នុងរដូវប្រាំងដែលកម្ពុជាជួបប្រទះនៅឆ្នាំហ្នឹង នឹងធ្វើឲ្យផលស្រូវសម្រាប់ឆ្នាំ២០១៩ វានឹងថយបរិមាណនៃការដាំដុះ និងបរិមាណស្រូវ។ តែយើងប្រយ័ត្នជៀសវាងនូវការខាតបង់នៅពេលដាំហើយខ្វះទឹកភ្លៀង រឿងហ្នឹងជាធម្មតាទេ ការបង្កបង្កើនផលមានឆ្នាំណាល្អទៅ ហើយឆ្នាំខ្លះមិនសូវជាល្អ ដោយសារ​បម្រែបម្រួលអាកាសធាតុ»

ប្រធាន​អង្គការ​កសិកម្ម​សេដាក​ លោកស្រី តុង ចាន់ធាង មាន​ប្រសាសន៍​ថា​ បើ​ទោះ​បី​ការ​ផ្អាក​ការ​ធ្វើ​ស្រែ​ប្រាំង​លើក​ទី​ពីរ​​​មិន​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង និង​ការ​នាំ​ចេញ​របស់​កម្ពុជា​ពិត​មែន តែ​អ្នក​ស្រី​យល់​ថា​ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​កសិករ​មួយ​ផ្នែក​ដែរ។

លោកស្រី​ថា៖ «ពាក់ព័ន្ធនឹងរឿងច្រើនជាសន្តិសុខស្បៀង ព្រោះយើងសង្កេតឃើញអ្នកដែលធ្វើស្រូវប្រាំងហ្នឹងភាគច្រើនមិនមែនសម្រាប់ហូបទេ គឺធ្វើសម្រាប់លក់»

​​កម្ពុជា​នៅ​មិន​ទាន់​ចេញ​របាយការណ៍ពី​ការងារ​កសិកម្ម​ក្នុង​ឆ្នាំ​២០១៨​នៅ​ឡើយ​ទេ តែ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ធ្លាប់​​បាន​លើក​ឡើង​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៨​ថា ផលិតកម្ម​ស្រូវ​អង្ករ​នា​ឆ្នាំ​២០១៨​ អាច​មាន​កំណើន​កើន​ជាង​ឆ្នាំ​២០១៧ ដែល​ផលិត​បាន​ជាង ​១០​លាន​តោន​។

របាយការណ៍​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ បាន​បង្ហាញ​ថា ​កម្ពុជា​នាំ​ចេញ​បាន​ជាង ​៦២​ម៉ឺន​តោន ប៉ុន្តែ បាន​ថយ​ចុះ​ ១.៥​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ