ស្រូវ​ប្រាំង​ជាង​១​ម៉ឺន​ហិកតា​នៅ​បន្ទាយមានជ័យ ​កំពុង​ប្រឈម​នឹង​កង្វះ​ខាត​ទឹក​ស្រោច​ស្រព

ទិដ្ឋភាពវាលស្រែនៅតំបន់អាងត្រពាំងថ្ម ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ រូបភាព៖​ហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម/ ២១ ខែមករា ឆ្នាំ ២០១៩

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្រូវប្រាំង​លើក​ទី​២​ទំហំ​ជាង ១​ម៉ឺន​ហិកតា​របស់ពលរដ្ឋនៅតំបន់អាងត្រពាំងថ្ម ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ កំពុង​ប្រឈមនឹងការខូចខាត បន្ទាប់​ពី​គ្មានទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់។ នេះ​បើតាម​ការ​ផ្សព្វផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​នេះ។

យោង​តាម​ទំព័រ​ហ្វេសដដែល​នេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុនរ៉ុម ​បាន​លើក​ឡើង​ថា ស្រូវ​ប្រាំង​លើក​ទី២ទំហំ​ដល់​ទៅ ១៣,០០០​ហិកតា​នៅ ប្រឈម​នឹង​ការ​ខូច​ខាត​ច្រើន បន្ទាប់​ពី​ស្រូវ​ទាំង​នោះ ត្រូវ​បាន​ដាំ​ដុះ​អស់​រយៈ​ពេល ១​ខែ​មក​ហើយ​នោះ។

មន្ត្រី​ធន​ធាន​ទឹក​រូប​នេះ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អាង​ទឹក​ត្រពាំង​ថ្ម ពុំ​អាច​ផ្គត់​ផ្គង់​ទឹក​សម្រាប់​ស្រូវ​ប្រាំង​លើក​ទី​២​នេះ​ឡើយ ដោយសារ​អាង​ស្តុក​ទឹក​មួយ​នេះ ទទួល​បាន​ទឹក​ភ្លៀង​កម្ពស់​ប្រហែល ៨០០​មីលីម៉ែត្រ​ប៉ុណ្ណោះ​នៅ​ក្នុង​រដូវ​វស្សា​កន្លង​មក​នេះ។

បើ​តាម​ការ​ផ្សាយ​នៃ​ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ មន្ត្រី​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ណែនាំ​ពលរដ្ឋ​មិន​ឲ្យ​ដាំ​ដុះ​ស្រូវ​ប្រាំង​លើក​ទី​២​នេះ​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​មក​ម៉្លេះ ប៉ុន្តែ ពុំ​មាន​ប្រសិទ្ធ​ភាព​នោះ​ឡើយ។

លោក យឹម ប៊ុនរ៉ុម ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា ទឹក​អាង​ត្រពាំងថ្ម នៅ​សល់​ត្រឹម​តែ ១៥​លាន​ម៉ែត្រ​គូប​ប៉ុណ្ណោះ​គិត​ត្រឹម​ថ្ងៃ​ទី២១ ខែ​មករា​នេះ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានចេញ​សារាចរណែនាំមួយ ​ឱ្យមន្ត្រីពាក់ព័ន្ធ និងពលរដ្ឋ មានវិធានការ ព្រមទាំង​​ចូលរួមប្រើប្រាស់ទឹកដោយស្មារតីសន្សំសំចៃ​ ចំពេល​ដែល​ប្រទេស​កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​អាកាស​ធាតុ​កាន់​តែ​ក្ដៅ​ខ្លាំង​នៅ​រដូវ​ប្រាំង​នេះ​ និងហាមមិនឱ្យពលរដ្ឋធ្វើស្រែប្រាំង ពីរដងទេនៅឆ្នាំនេះ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ