នយោបាយការទូតទន់ភ្លន់ធ្វើឲ្យរបបយោធាថៃរួចផុតពីទណ្ឌកម្ម EU

Thailand’s Prime Minister Prayut Chan-O-Cha arrives for a Asia Europe Meeting (ASEM) at the European Council in Brussels on October 18, 2018. (Photo by EMMANUEL DUNAND / AFP) (Photo credit should read EMMANUEL DUNAND/AFP/Getty Images)

សហភាពអឺរ៉ុបនិងថៃនៅតែជាដៃគូពាណិជ្ជកម្មសំខាន់ បើទោះជាស្ថានភាពនយោបាយនៅក្នុងប្រទេសថៃមានការប្រែប្រួលមួយរយៈកាលចុងក្រោយញឹកញាប់ រហូតដល់បច្ចុប្បន្នស្ថិតនៅក្នុងការគ្រប់គ្រងក្រោមរបបយោធាក៏ដោយ។​

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ពួកយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី យីង ឡាក់ ហើយក្រុមយោធាដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចា បន្តកាន់អំណាចរហូតដល់បច្ចុប្បន្ន។​

ការដឹកនាំរបស់ពួកយោធា

ពួកយោធាបានរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់អ្នកយោបាយ សង្គមស៊ីវិល បណ្តាញសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ។​

កាលនោះបណ្តាប្រទេសលោកសេរី រួមមានទាំងសហភាពអឺរ៉ុប និងអាមេរិក ផងនោះបានថ្កោលទោស និងចាត់វិធានការមួយចំនួនលើរដ្ឋាភិបាលយោធាថៃ។​

នៅក្នុងខែតុលាឆ្នាំ២០១៤ សមាជិកសភាអឺរ៉ុបច្រើនលើសលប់បានបោះឆ្នោតថ្កោលទោលរដ្ឋាភិបាលយោធាថៃហើយបានដាក់ប្រទេសនេះ ក្នុងគោលដៅនៃការដាក់ទណ្ឌកម្ម ហើយបានរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងការទូត។​

រហូតដល់ខែមេសា ឆ្នាំ២០១៥ សហភាពអឺរ៉ុបបានឈានទៅមុខមួយជំហានទៀត គឺការផ្តល់កាតលឿងដល់ប្រទេសថៃ បន្ទាប់ពីអង្គការអន្តរជាតិមួយនេះរកឃើញថា ថៃគឺជាប្រទេសដែលមានការជួញដូរមនុស្សដើម្បីប្រើប្រាស់កម្លាំងពលកម្មក្នុងវិស័យនេសាទសមុទ្រ។​

ថៃជាប្រទេសធំលំដាប់ទីបីក្នុងការនាំចេញអាហារសមុទ្រលក់លើពិភពលោក ហើយអឺរ៉ុបជាទីផ្សារធំរបស់ថៃ។

នយោបាយការបរទេសរបស់ថៃ

ទាក់ទងការចោទថា មានការជួញដូរមនុស្សក្នុងឧស្សាហកម្មនេសាទគឺរដ្ឋាភិបាលថៃបានប្តេជ្ញាជាមួយអឺរ៉ុបថា​ នឹងដោះស្រាយរឿងនេះ។ អាជ្ញាធរថៃបានចុះត្រួតពិនិត្យកប៉ាល់នេសាទជាង៥០០គ្រឿង ហើយរកឃើញថា មានកប៉ាល់៩០គ្រឿង ដែលបានរំលោភច្បាប់បំពានសិទ្ធិពលករមកពីប្រទេសជិតខាង។ វិធានការមានបន្តបន្ទាប់ទៀតដែលបង្ហាញពីការសហការជាមួយសហភាពអឺរ៉ុប។​

ចំណែកស្ថានភាពលទ្ធិប្រជាធិបតេយ្យវិញ របបយោធាបានសន្យា និងបង្ហាញពីការប្រឹងប្រែងរបស់ខ្លួនដើម្បីរៀបចំការបោះឆ្នោតឡើងវិញតាមរយៈការរៀបចំរដ្ឋធម្មនុញ្ញថ្មី និងដាក់ឲ្យពលរដ្ឋថៃបោះឆ្នោតធ្វើប្រជាមតិកាលពីខែសីហាឆ្នាំ២០១៧។​

បើទោះជារបបយោធាពន្យារពេលបោះឆ្នោតម្តងហើយម្តងទៀតគឺរហូតដល់ពេលនេះ៥លើករួចមកហើយក៏ដោយ ក៏មិនមានការប៉ះទង្គិចជាមួយសហភាពអឺរ៉ុបដែរព្រោះថា ក្រុមនេះនៅតែមានឆន្ទៈស្តារប្រជាធិបតេយ្យប៉ុន្តែស្ថានភាពមិនទាន់អំណោយផល។

រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ សហភាពអឺរ៉ុបបានប្រកាសបើកការទំនាក់ទំនងជាមួយថៃគ្រប់ផ្នែកជាធម្មតាវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ