ក្រុមសហជីពជំរុញជាថ្មីទៅរដ្ឋាភិបាលវែកមុខរកឃាតករពិតដែល​សម្លាប់លោក ជា វិជ្ជា

ទិដ្ឋភាពថ្ងៃប្រារព្ធខួប១៥ឆ្នាំ នៃការស្លាប់លោក ជា វិជ្ជា នៅមុខវត្តលង្ការក្បែរវិមានឯករាជ្យ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ឃុត សុគន្ធ

ក្រុមសហជីពមួយចំនួនបានជំរុញទៅរដ្ឋាភិបាលបើកការស៊ើបអង្កេតឲ្យបានពិត​ប្រាកដ​ទៅ​លើ​ឃាតកម្ម​មេដឹកនាំ​សហជីពគឺ លោក ជា វិជ្ជា ខណៈឃាតកម្មនេះកន្លងផុតទៅ១៥ឆ្នាំហើយ សមត្ថកិច្ចនៅតែមិនទាន់វែកមុខរកឃាតករពិត និងអ្នកនៅពីក្រោយមកដាក់ទោសបាននៅឡើយ។ 

ក្នុងពិធីរំឭកខួប ​នៃការបាញ់សម្លាប់​លោក ជា វិជ្ជា នៅថ្ងៃ​នេះ ក្រុមសហជីពរួមទាំងមិត្តភក្តិប្រមាណជិត១០០នាក់ ជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាកន្លែងរូបសំណាករបស់លោកនៅមុខវត្តលង្ការក្បែរវិមានឯករាជ្យ។ ក្នុង​ពិធីនោះ តំណាងសហជីព និងមិត្តភក្តិ​មួយចំនួនបានថ្លែងសារ ដោយជំរុញទៅសមត្ថកិច្ច និងរដ្ឋាភិបាលត្រូវស្វែងរកឃាតករពិត និងអ្នកពាក់ព័ន្ធមកដាក់ទោសឲ្យខាន់តែបាន ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ 

អនុប្រធានសហជីពសេរីកម្មករ លោក ម៉ាន់ សេងហាក់ មានប្រសាសន៍ថា ឃាតកម្មករបាញ់សម្លាប់លោក ជា វិជ្ជា បានកន្លងផុតទៅរយៈពេល១៥ឆ្នាំហើយ គឺមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ខណៈរដ្ឋាភិបាលបានបង្កើតគណៈកម្មការ​ស៊ើបអង្កេតបណ្តឹងលើឃាតកម្មនោះក៏ដោយ ប៉ុន្តែលទ្ធផល​នៃការស្រាវជ្រាវលើឃាតកម្មនោះគឺស្មើ​សូន្យដដែល។ 

លោកបន្ថែមថា៖ «នៅក្នុងឱកាសប្រារព្ធពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា គម្រប់ខួប១៥ឆ្នាំនៃមរណភាពរបស់លោកនាពេលនេះ សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាសូមអំពាវនាវ និងសំណូមពរដល់សមត្ថកិច្ច នគរបាលយុត្តិធម៌ ជាពិសេសរដ្ឋាភិបាលចាត់ការស៊ើបអង្កេតតាមនីតិវិធីស្វែងរកមុខឃាតករពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នងឃាតករដែលបានសម្លាប់លោក​ ជា វិជ្ជា មកផ្តន្ទាទោសតាមច្បាប់ ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនិងពង្រឹងយុត្តិធម៌សង្គមនៅកម្ពុជា»។ 

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន​​ មានប្រសាសន៍ថា ករណីសមត្ថកិច្ចមិនអាចវែកមុខចាប់ឃាត់ករពិត និងអ្នកបញ្ជាពីក្រោយការសម្លាប់លោក ជា វិជ្ជា មកដាក់ទោសបានដោយសាររឿងឃាតកម្មករនោះអាចជាប់ពាក់ព័ន្ធជាមួយអ្នកមានអំណាចនៅពីក្រោយ។ 

លោកបន្ថែមថា៖ «ពីព្រោះនៅពេលដែលមានការគំរាមគាត់ យើងបាននាំគាត់ទៅប្តឹងនៅព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ។ ប៉ុន្តែពីរបីថ្ងៃក្រោយមក អ្នកព្រហ្មទណ្ឌកំរិតស្រាលនោះបានមកជំរាបវិញថា លេខតេលេហ្វូននេះមានឋានៈតួនាទីធំណាស់ ខ្ញុំអត់ហ៊ានប៉ះពាល់គេទេ។ សូមលោក ជា វិជ្ជា អញ្ជើញទៅរកកន្លែងសុវត្ថិភាព។ ដូច្នេះយើងអាចសន្និដ្ឋានបានថា សុំណុំរឿងយឺតយ៉ាវបែបនេះប្រហែលជាជាប់ពាក់ព័ន្ធទៅនឹងមន្រ្តីដែលមានឋានៈខ្ពស់ឬធំនៅពីក្រោយការសម្លាប់លោក ជា វិជ្ជា»។ 

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា ការអនុវត្តច្បាប់របស់នគរបាលយុត្តិធម៌ និងចំណាត់ការរបស់រដ្ឋាភិបាល ហាក់មានស្តង់ដា២ ដោយថា ករណីឃាតកម្មលើមេដឹកនាំសហជីព មន្រ្តីអង្គការសង្គមស៊ីវិល និងសកម្មជនផ្សេងទៀតគឺអាជ្ញាធរកម្ររកឃាតករពិតឃើញណាស់ ខណៈរឿងឃាតកម្មមិនពាក់ព័ន្ធនយោបាយគឺឆាប់រកឃាតករឃើញ។ 

លោក អាត់ ធន់ ឲ្យដឹងថា ជុំវិញរឿងឃាតកម្ម និងការគំរាមកំហែងលើសហជីពនេះ អង្គការ ILO ស្នើទៅរដ្ឋាភិបាលធ្វើការស៊ើបអង្កេត និងរាយការណ៍ករណីនោះទៅអង្គការផងដែរ។ 

លោកបន្ថែមថា៖ «ប្រសិនជាករណីនេះ រកឃើញថា វាជាឃាតកម្ម។ ហើយវាអំពើមួយដែលបង្កផលប៉ះពាល់ដល់សេរីភាពសហជីព ឬក៏គំរាមកំហែងថ្នាក់ដឹកនាំសហជីព វាពិតជាមានការរំលោភទៅលើអនុសញ្ញាអន្តរជាតិ។ អញ្ចឹងសុំឲ្យរដ្ឋាភិបាលរកឃាតករឲ្យពិត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដើម្បីធានាថា មេសហជីពផ្សេងទៀតត្រូវបានការពារ ឬក៏រួចផុតពីការគំរាមកំហែងនៃការធ្វើការសកម្មភាពសហជីព»។ 

វី.អូ.ឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេជុំវិញបញ្ហានេះ។ 

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត នៅតែមានសង្ឃឹមថា ករណីឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា នេះអាចរកនឹងរកឃាតករពិតប្រាកឃើញ ប្រសិនសមត្ថកិច្ច និងរដ្ឋាភិបាលមានឆន្ទៈក្នុងការស្វែងរកចាប់ខ្លួន បើទោះបីជារឿងឃាតកម្មនោះបានកន្លងហួសទៅយូរឆ្នាំហើយក៏ដោយ។ 

លោកបន្ថែមថា៖ «ពីព្រោះយើងឃើញនៅស្រុកគេមានករណីយូរអញ្ចឹងដែរ ប៉ុន្តែគេមានឆន្ទៈក្នុងការស្វែងរកគេនៅតែរកឃើញហ្នឹង។ ប៉ុន្តែករណី លោក ជា វិជ្ជា នេះយើងតាំងពីមុនគាត់ត្រូវបានគេសម្លាប់ គឺវាមានភស្តុតាងជាបណ្តើរៗមកហើយទាក់ទងនឹងការផ្ញើរសារគំរាមសម្លាប់រហូតគាត់ប្តឹងទៅដល់សមត្ថកិច្ច ហើយសមត្ថកិច្ចមិនហ៊ានរកជនដែលគំរាមគាត់ហ្នឹងទៅទៀត។ អញ្ចឹងអ្វីដែលពិតប្រាកដគឺឆន្ទៈទេ តើមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកយុត្តិធម៌ជូនលោក ជា​ វិជ្ជា និងឆន្ទៈក្នុងការស្វែងរកជនដៃដល់ និងអ្នកនៅពីក្រោយ»។ 

មេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាលោក ជា វិជ្ជា ត្រូវបាន​ខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីដើមឆ្នាំ២០០៤ ខណៈដែលលោកកំពុងអានកាសែតនៅខាងលិចរបងវត្តលង្ការ។ 

កាលឆ្នាំ២០១៥ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការស៊ើបអង្កេតពិសេសមួយ ដើម្បីស្រាវជ្រាវរកមុខឃាតករពិតដែលសម្លាប់លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី។ ប៉ុន្តែ រហូតមកដល់ពេលនេះ គណៈកម្មការនោះនៅមិនទាន់បង្ហាញ​ព័ត៌មានថ្មីទាក់ទងនឹងឃាតកម្មលើអ្នកទាំងបីរូបនេះនៅឡើយទេ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ