លោក គល់ បញ្ញា ថា កម្ពុជាខាត​បង់​ក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន

លោក ហ៊ុន សែន ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

មេដឹកនាំ​ស្ថាប័ន​ឃ្លាំមើល​ការបោះ​ឆ្នោត​នៅ​កម្ពុជា បង្ហាញក្ដីបារម្ភថា កម្ពុជាមិនទទួលបានផលចំណេញនៅ​ក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិននោះទេ ខណៈលោកក៏ព្រមានផងដែរពីហានិភ័យនៃការជាប់អន្ទាក់បំណុល។

អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​សប្ដាហ៍​មុន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា រូប​លោកផ្ទាល់ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង បានប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ។

ការ​ប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ ត្រូវ​បាន​​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មើល​ឃើញ​ថា កម្ពុជា​ជា​អ្នក​ខាត​បង់ ហើយ​ប្រទេស​ចិន​បាន​ទទួល​ផល​ចំណេញ​ដល់​ទៅ ៥​ដង​ឯណោះ​តាម​រយៈ​ទំហំ​នៃ​ការ​នាំ​ចូល​ទំនិញ​ចិន​មក​កម្ពុជា​ច្រើន​ជាង​កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​ចិន។

លោក គល់ បញ្ញា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញថា៖ «គឺឱនភាព ឬខាតខ្លាំងសម្រាប់កម្ពុជា តែចិនទេជាអ្នកចំណេញ ៥ទល់១ […] ក្រៅពីឲ្យលុយខ្ចីជាមួយលក្ខខណ្ឌការប្រាក់ខ្ពស់ និងការបញ្ចាំ ប្រទេសក្រីក្រធ្វើពាណិជ្ជកម្មជាមួយចិនជូបបញ្ហាឱនភាពនៃជញ្ជីងពាណិជ្ជកម្មធ្ងន់ធ្ងរជាមួយចិននិងជាប់អន្ទាក់បំណុលដោយបោះបង់កម្មសិទ្ធិគម្រោង និងប្រគល់ធនធានធម្មជាតិឲទៅចិន»។

ក្រៅ​ពី​ថា កម្ពុជា​ជា​អ្នក​ខាត​បង់​នៅ​ក្នុងទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជាមួយ​ចិន​ហើយ​នោះ មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ក៏​បាន​លើក​ឡើង​ដែរ​ថា កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​មហា​អំណាច​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដោយ​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ចូល​ទៅ​ទីផ្សារ​ទាំង​ពីរ​នេះ ច្រើន​ជាង​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នាំ​ទំនិញ​ចូល​មក​កម្ពុជា។

លោក គល់ បញ្ញា បាន​រៀបរាប់​បន្ត​ថា​៖ «ប៉ុន្តែ ប្រទេសលោកសេរីដែលគាំទ្រសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ កម្ពុជានាំចេញ ឬសហភាពអឺរ៉ុបនាំចូលពីកម្ពុជា ៥ តែ​សហភាពអឺរ៉ុបនាំចេញ ឬ​កម្ពុជានាំចូលពី​សហភាពអឺរ៉ុបបាន​តែ ០.២ គឺ​សហភាពអឺរ៉ុបជាអ្នកជួបឱនភាព ឬខាត តែកម្ពុជាជាអ្នកចំណេញច្រើន។ ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក៏កម្ពុជាបាន​ចំណេញ ៣ ទល់ ០.៤»

លោក គល់ បញ្ញា ក៏រំលឹករដ្ឋាភិបាលពីបញ្ហាឱនភាពនៃជញ្ជីងពាណិជ្ជកម្មជាមួយចិន និងការជាប់អន្ទាក់បំណុល ដោយលោកថា ប្រទេសក្រីក្រដែលធ្វើពាណិជ្ជកម្មជាមួយចិននោះ បានបង្ខំចិត្តបោះបង់សិទ្ធិ និងប្រគល់ធនធានធម្មជាតិឲ្យទៅចិន។

ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-ចិន ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង​អំឡុង​ដំណើរទស្សនកិច្ច​នៅ​ចិន​​កាល​ពី​សប្ដាហ៍​មុន​ថា មាន​តម្លៃ​ដល់​ទៅ​ ៥.៦​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះ ហើយមេដឹកនាំ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នេះ ឲ្យ​កើន​ឡើង​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

ក្រៅ​ពី​ផ្ដល់​ជំនួយ​ឥត​សំណង​យ៉ាង​ច្រើន​ដល់​កម្ពុជា ចិន​ក៏​ជា​ម្ចាស់​បំណុល​ធំ​បំផុត​សម្រាប់​កម្ពុជា​ផង​ដែរ ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ៧​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨​កន្លង​មក​នេះ ឬ​​បាន​កាន់​កាប់​ចំណែក​បំណុល​កម្ពុជា​ដល់​ទៅ​ជាង ៤២​ភាគរយ ក្នុង​ចំណោម​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ