អ្នក​ភូមិ​អះ​អាង​ថា ពលរដ្ឋ​៧​នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​​​​ចាប់​ខ្លួន​ក្នុង​វិវាទ​ដី​ធ្លី​នៅ​ខេត្ត​ព្រះវិហារ

ពលរដ្ឋ ២នាក់ដែលត្រូវជាឪពុក (ស៊ុំ ម៉ឺន) និងកូនប្រុស (ម៉ឺន មាន) ដែលតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន នៅខេត្តព្រះវិហារ។ រូបភាព៖ ផ្ដល់ឲ្យ

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ ៧​នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ចាប់​ខ្លួន​ ហើយ​ផ្ទះ​សម្បែង ៣​ខ្នង​របស់​អ្នក​ភូមិ និង​ម៉ូតូ ១​គ្រឿង ត្រូវ​បាន​ដុត​បំផ្លាញកាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​ ដែល​នាំ​ឲ្យ​អ្នក​ភូមិ ១០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​នេះ​ចាប់​ខ្លួន​គិត​ត្រឹម​ថ្ងៃ​នេះ។

លោក ឡយ លីហួរ ដែល​អះ​អាង​ថា ​ជា​តំណាង​ប្រជាជន​នៅ​ភូមិ​អន្ទិល ស្ថិត​នៅ​ក្នុង​ឃុំ​យាង បាន​ប្រាប់ ​វីអូឌី ​នៅ​ថ្ងៃ​នេះ​ថា មន្ត្រី​យោធា មន្ត្រី​តុលាការ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត បាន​ចុះ​ទៅ​ភូមិ​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ហើយ​បាន​ចាប់​ខ្លួន​ពលរដ្ឋ ៧​នាក់​ទៀត ព្រម​ទាំង​ដុត​ផ្ទះ​អ្នក​ភូមិ​អស់ ៣​ខ្នង ម៉ូតូ ១​គ្រឿង និង​ដក​ហូត​ម៉ូតូ ៤​គ្រឿង​ផ្សេង​ទៀត។

លោក ឡយ លីហួរ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាជន ១០​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​នេះ​ចាប់​ខ្លួន​ចាប់​តាំង​ពីថ្ងៃ​ទី​១៩ ខែ​មករា​កន្លង​មក​នេះ នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន​មេត្រីភាព។

តំណាង​អ្នក​ភូមិ​រូប​នេះ បាន​ហៅវិធានការរបស់​អាជ្ញាធរថា ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ និងធ្វើឲ្យពួកគេរងភាពអយុត្តិធម៌មួយកម្រិតទៀត នៅ​ក្នុង​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន ដែល​មិនទាន់ត្រូវ​បាន​ដោះ​ស្រាយ​​ជូនពួកគេនៅឡើយ។

លោកមានប្រសាសន៍ថា៖ «គាត់មិនរកដំណោះស្រាយ​ឲ្យ គាត់ចេះតែចាប់ប្រជាពលរដ្ឋដាក់គុក។ ​វាអយុត្តិធម៌។ ពួកខ្ញុំមិនចេះច្បាប់ ក៏គួរ​គាត់ជួយពន្យល់ថា វាខុសច្បាប់​យ៉ាងម៉េច មានសំណង ឬមិនមានសំណង ឬក៏ទៅដោះស្រាយ​យ៉ាងម៉េច​ ក៏គួរតែគាត់ជូនដំណឹង​ប្រាប់យើងដែរ មិនត្រូវឲ្យមក​ចាប់ប្រជាជន​​វាយដំ ដុតផ្ទះ​ឆេះអស់ទេ​»

អ្នក​ភូមិ​ម្នាក់​ទៀត គឺ​អ្នកស្រី ភឹម ម៉ៅ ដែល​ស្វាមី​ និង​កូន​ប្រុស​របស់​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ចំណោម​អ្នក​ភូមិ ៧​នាក់​នោះ បាន​រៀប​រាប់​សំឡេង​ខ្សឹបខ្សួល​ថា បាន​អំពាវនាវទៅរដ្ឋាភិបាល ឲ្យ​ដោះ​លែង​ស្វាមី និង​កូន​ប្រុស​របស់​គាត់ ឲ្យ​មានសេរីភាព​ឡើង​វិញ និងផ្តល់ដីជូនពួកគេវិញផង។

អ្នកស្រីនិយាយថា៖ «សុំឲ្យសម្តេចជួយខ្ញុំ ធ្វើម៉េច​ឲ្យខ្ញុំបានដីនៅវិញផង ផ្ទះក៏អស់ ប្តីក៏គេចាប់ ម៉ូតូក៏គេយកហើយអស់។ ខ្ញុំមានតែសំបកខ្លួនទទេ»

អភិបាលស្រុកជំាក្សាន្ត លោក ជា គឹមសេង បាន​ទទួល​ស្គាល់​ថា មន្ត្រី​សមត្ថកិច្ច​ចម្រុះ​មក​ពី​មន្ទីរ​បរិស្ថាន និង​តុលាការ​ខេត្ត ពិត​ជា​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ពិត​ប្រាកដ​មែន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​មន្ត្រី​តុលាការ​វិញ​ជុំ​វិញ​ការ​ឃុំ​ខ្លួន​អ្នក​ភូមិ​ទាំង​នោះ។

លោកមានប្រសាសន៍ថា៖ «ពិជាមានការចាប់ខ្លួនមែន…ខ្ញុំអត់ដឹងដែរ ដូចខ្ញុំបានលើកឡើងខាងដើម គឺ​ រដ្ឋបាលស្រុកពុំបានជាអ្នកបញ្ជាឲ្យចាប់ខ្លួនទេ គឺមន្ត្រីជំនាញ បរិស្ថាន​ ហើយព្រះរាជអាជ្ញាតែម្តង»

ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ឲ្យ​ដឹង​ថា សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៧នាក់បន្ថែម​ទៀត ដើម្បីសួរនាំ ហើយ​លោក​ថា បើរកឃើញបទល្មើស ពលរដ្ឋ​ទាំង​នោះនឹងត្រូវ​បញ្ជូនទៅចៅក្រមបន្តតាមនីតិវិធីច្បាប់។

លោក ទី សុវិនថាល់ មានប្រសាសន៍ថា​៖ «កាលណាគេបញ្ជូនមក បញ្ជូនទៅហើយ ចោទប្រកាន់ទៅតុលាការ។ ចៅក្រមទទួលបន្ទុកស៊ើបសួរ ចោទប្រកាន់…គេមានសិទ្ធិឃុំ ឬមិនឃុំ បើគេមិនឃុំ មនុស្សទៅវិញ​»

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ បាន​ហៅ​ទង្វើ​សមត្ថកិច្ច​ចាប់​ខ្លួន​ពលរដ្ឋ​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ខណៈ​ដែល​លោក​ថា ករណី​នេះ មិន​មែន​ជា​បទល្មើស​ជាក់​ស្ដែង​ ឬ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នោះ​ឡើយ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ៖ «បើសិនជាអាជ្ញាធរ គាត់នៅតែមិនមានដំណោះស្រាយ​ជូនប្រជាពលរដ្ឋ ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន​មេត្រីភាពនេះទេ រឿងនេះកាន់តែធ្ងន់ធ្ងរទៅៗ។ វាអាចឈានដល់អំពើហិង្សាផ្សេងៗទៀត។ ដូច្នេះ អាជ្ញាធរគួរណាធ្វើការដោះស្រាយក្រៅប្រព័ន្ធតុលាការវិញ ល្អជាងយកតុលាការ​ យកមកធ្វើជាការដោះស្រាយ»

អ្នកភូមិចំនួន ១០​រូប​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ​ចាប់​ខ្លួន បន្ទាប់​ពី​ពលរដ្ឋ​ប្រហែល ៣០០គ្រួសារ នៅឃុំយាង​ មាន​​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក​ ហើយ​អ្នក​ភូមិ​បាន​ចោទ​ក្រុម​ទាហាន​នៅ​កង​វរៈ​សេនា​តូច​លេខ​២៦១ថា បាន​ការ​ពារ​​ដី​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ។

របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយចុង​ឆ្នាំ​មុន បាន​ឲ្យដឹងថា វិវាទ​ដីធ្លីទូទាំងប្រទេសជិត ១៥០០​ករណីទៀត មិនទាន់បានដោះស្រាយចប់នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ