អ្នក​កាសែត​ម្នាក់​ចោទ​ប្រធាន​សហគមន៍​មួយ​នៅ​សៀមរាប​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក

លោក ស៊ីម ឈីវឈានពិសិដ្ឋ អ្នកយកព័ត៌មាននៅសមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព (រូបភាព៖ ksnews)

អ្នកកាសែតម្នាក់នៅខេត្តសៀមរាប គ្រោង​​ប្ដឹង​ទៅ​តុលាការ​ដោយ​ចោទ​ប្រធាន​សហគមន៍​មួយ​នៅ​ខេត្ត​មួយ​នេះ​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​រូប​លោក អំឡុង​ពេល​លោក​ចុះ​ទៅ​យក​ព័ត៌មាន​ ក្រោយប៉ុស្តិ៍នគរបាលមូលដ្ឋានមិនចាត់ការ ហើយ​បាន​ដោះលែងអ្នកប្រព្រឹត្ត​ឲ្យ​មាន​សេរីភាព​វិញ។

អ្នកយកព័ត៌មាននៅសមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព លោក ស៊ីម ឈីវឈានពិសិដ្ឋ ប្រាប់ VOD តាមទូរសព្ទថា លោកនឹងដាក់ពាក្យបណ្តឹងទៅតុលាការ​ ក្រោយលោកចុះទៅយកព័ត៌មានពីការឈូសបំផ្លាញព្រៃលិចទឹកជុំវិញបឹងពារាំង ហើយទទួលរងហិង្សាពីសមាជិកសហគមបឹងពារាំង និងមិនមានដំណោះស្រាយពីនរគរបាលមូលដ្ឋាន។

លោក ស៊ីម ឈីវឈានពិសិដ្ឋ បានចោទ​​​ប្រធាន​សហគមន៍​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​បឹងពារាំង លោក គង់ មង្គល ថា ជាអ្នកបញ្ជាឲ្យប្រព្រឹត្តហិង្សាលើរូបលោក។

លោក ស៊ីម ឈីវឈានពិសិដ្ឋ មានប្រសាសន៍ថា៖ ​«លោក គង់ មង្គល គាត់ចុះពីផឹកនៅអាកន្លែងហ្នឹង កន្លែងបឹងពារាំងដែលបោះជំរុំហ្នឹង គាត់ចុះមក គាត់ស្រែកប្រាប់កូនចៅគាត់ឲ្យចាប់ឲ្យវ៉ៃឲ្យងាប់។ បាទ! បញ្ជាផ្ទាល់ ខ្ញុំមានសាក្សីប្រាំនាក់ទៀត។ ហេតុការណ៍ហ្នឹងកើតឡើងប្រហែលជាម៉ោងជិត ៧យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩​ នៅតំបន់បឹងពារាំង​ សង្កាត់ចុងឃ្នាសហ្នឹងឯង!»

ប្រធានសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង លោក គង់ មង្គល បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយថា លោកជាអ្នកចូលទៅ​អន្តរាគមន៍ជួយជនរងគ្រោះទៅវិញទេ។

លោក គង់ មង្គល មានប្រសាសន៍ថា៖ «អត់ទេបង វាមិនមែនការពិត! ការពិត ខ្ញុំនៅក្បែរកន្លែងកើតហេតុហ្នឹងដែរទេ ហើយខ្ញុំគ្រាន់ជាអ្នកទៅជួយបញ្ឈប់នូវសកម្មភាពដើម្បីកុំឲ្យវាកាន់តែធ្ងន់ ហើយរង់ចាំប៉ូលិសគេទៅដល់។ បាទ! ហើយចុងក្រោយចោទថា ខ្ញុំអ្នកបញ្ជា!»

ទោះយ៉ាងណា លោក មង្គល ទទួលស្គាល់ថា ក្រុមការងារលោកជាអ្នកបង្កហិង្សា ដោយថា ពួកគេធ្លាប់គុំគួនពីរឿងលើ​លោក ពិសិដ្ឋ បង្ហោះព័ត៌មានទាក់ទងនឹងសហគមបឹងពារាំង រួមទាំងពួកគេស្រវឹងស្រាផង។

នាយប៉ុស្តិ៍នគរបាលរដ្ឋាបាលសង្កាត់ជ្រាវ លោក ស៊ត់ សៃ បដិសេធ​បកស្រាយ​ករណី​នេះ ហើយ​​អធិការនគរបាលក្រុងសៀមរាប លោក ទេព ចាន់ណា ប្រាប់​ថា លោក​មិនទាន់អាចឆ្លើយតបបានដែរ ដោយលោកថា កំពុងជាប់ប្រជុំ។

សម្រាប់មន្ត្រីសិទ្ធិមនុស្សអង្គការអាដហុកប្រចាំខេត្តសៀមរាបដែលបានតាមឃ្លាំមើលរឿងនេះ លោក សួស ណារិន មានប្រសាសន៍ថា ​លោកសំណូមពរឲ្យតុលាការចាត់ការសំណុំរឿងនេះតាមនីតិវិធី ទោះជាមានសំណងក៏ដោយ ព្រោះនេះជាករណីព្រហ្មទណ្ឌ។

លោក សួស ណារិន មានប្រសាសន៍ថា៖ «ក្នុងនាមសង្គមស៊ីវិលយើងសុំឲ្យអនុវត្តនីតិវិធីទៅតាមផ្លូវតុលាការឲ្យមានស្តង់ដារតែមួយ កុំឲ្យមានស្តង់ដារពីរ។ ធ្វើម៉េចអ្នកណាដែលប្រព្រឹត្តទោសត្រូវទទួលទោសតាមច្បាប់ គឺទោះបីមានសំណងក៏ដោយ ក៏យើងមិនអាចបញ្ចប់បានដែរព្រោះនេះជារឿងព្រហ្មទណ្ឌ។ ហើយបណ្តឹងគាត់ដាក់ទៅបណ្តឹងទៅតុលការថ្ងៃ២៨នេះហើយ បន្ទាប់ពីគាត់ដាក់នៅប៉ុស្តិ៍ម្សិលមិញរួចហើយ ថ្ងៃនេះគាត់នឹងដាក់បញ្ជូនសំណុំរឿងទៅតុលាការទៀត»

​លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោកបានចុះទៅយកព័ត៌មានពីបទល្មើសនេសាទ​កាលពីល្ងាចថ្ងៃ​ទី​២៦ ខែ​មករា បន្ទាប់ពីទទួលបានសេចក្ដី​រាយការណ៍ពីពលរដ្ឋពីបទល្មើសនេសាទ ហើយបានជួបហេតុការណ៍ហិង្សាដូច្នេះ។

ចំណែក លោក គង់ មង្គល ឲ្យដឹងថា ពួកលោកទាំងពីរធ្លាប់មានរឿងក្តីជាមួយគ្នាកន្លងមក ដោយសារ​លោក ពិសិដ្ឋ ផ្សាយព័ត៌មានមិនពិតពីសហគមន៍​របស់​លោក។

ចាប់តាំងពីឆ្នាំ១៩៩៤​មក អ្នកសារព័ត៌មាននៅកម្ពុជាយ៉ាងតិចចំនួន ១៣​នាក់ ត្រូវបានគេសម្លាប់  ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរមិនទាន់ចាប់ជនល្មើសមកផ្ដន្ទាទោសនោះឡើយ។

ក្នុងចំណោមអ្នកសារព័ត៌មានចំនួន ១៣នាក់  មាន ៥​នាក់ជាអ្នកកាសែតដែលសសេររិះគន់បក្សកាន់អំណាច ចំណែក ៧នាក់ទៀត ធ្វើការស៊ើបអង្កេត និងរាយការណ៍​អំពី​អំពើពុករលួយពាក់ព័ន្ធនឹងបុគ្គលជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងស្ថាប័នយោធា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ