គ្រួសារមួយដែលរងគ្រោះដោយទឹកអាស៊ីត បារម្ភពីសុវត្ថិភាព ព្រោះជនល្មើសមិនទាន់ចាប់បាន​

ជនរងគ្រោះនិងជនរងគ្រោះ ក្នុងហេតុការណ៍វាយប្រហារដោយទឹកអាស៊ីតនេះបានកើតឡើងកាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០១៨។ រូបភាព៖ ពេជ្រ ចំរុង

គ្រួសារជនរងគ្រោះដោយទឹកអាស៊ីតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បារម្ភពីបញ្ហាសុវត្ថិភាព ដោយសារសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនល្មើសមកដាក់ទោសបាននៅឡើយ។

នារីម្នាក់ឈ្មោះ រ៉ា សុភានីត អាយុ១៩ឆ្នាំ សព្វថ្ងៃ រស់នៅភូមិឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្នើសុំឲ្យសមត្ថកិច្ចតាមចាប់ប្ដីរបស់គាត់ដែលមានឈ្មោះ អ៊ុក កុម្ភៈ បន្ទាប់ពីបុរសរូបនោះបានជះទឹកអាស៊ីតមកលើរូបគាត់​ និងបណ្ដាលឲ្យមនុស្ស ២នាក់ផ្សេងទៀតរងរបួស។ សុភានីត រៀបរាប់ថា ហេតុការណ៍វាយប្រហារដោយទឹកអាស៊ីតនេះបានកើតឡើងកាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០១៨។ គាត់ឲ្យដឹងបន្ថែមថា ជនល្មើសបានគេចខ្លួនបាត់ ហើយ​បានទូរសព្ទមកគំរាមនាងជាបន្ដបន្ទាប់។

រ៉ា សុភានីត អះអាងថា មូលហេតុដែលធ្វើឲ្យបុរសជាប្ដីឈានដល់ការប្រើហិង្សាដោយទឹកអាស៊ីតនេះ គឺបន្ទាប់ពីពួកគេទាំងពីរបានឈ្លោះទាស់ទែងគ្នានៅក្នុងគ្រួសារ ហើយរូបនាងបានចាកចេញពីប្ដី ទៅរស់នៅជាមួយម្ដាយ នៅខេត្តកណ្ដាល។

សុភានីត រៀបរាប់ថា៖ «ជះទឹកអាស៊ីតនៅម្ដុំជិតវត្ត។ មុនដំបូងគេជិះម៉ូតូ មីងខ្ញុំគាត់និយាយថា នោះ អាភ័ក្រ ហើយខ្ញុំក្រឡេកទៅឃើញ ហើយគេជិះម៉ូតូមកវិញ ជះទឹកអាស៊ីតមក ខ្ញុំស្មានតែគេជះទឹកកកតើ។ ខ្ញុំបានហៅលេខឲ្យប៉ូលិស ប៉ុន្ដែ គ្មានបានស្អីផង ដឹងគាត់ បើខ្ញុំហៅលេខឲ្យហើយ ដឹងគាត់ចាប់បាន ឬអត់។ ចង់ ចង់ឲ្យគេចាប់ឲ្យបាន រាល់ថ្ងៃនៅតែភ័យ»។        

ជនរងគ្រោះម្នាក់ទៀតនៅក្នុងហេតុការណ៍វាយប្រហារដោយទឹកអាស៊ីតនោះ គឺអ្នកនាង ម៉ៃ ស្រីឡា អាយុ២៣ឆ្នាំ និយាយថា ទោះបីជាពួកគេទាំងបីនាក់ត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេលវេលាក៏ដោយ ប៉ុន្ដែ ក្មេងតូចដែលជាកូនរបស់គាត់ ចាំបាច់ត្រូវទទួលយកការព្យាបាលជាប្រចាំរហូតដល់ជាសះស្បើយ។​ ម្យ៉ាងទៀត ស្រីឡា ក៏មានការបារម្ភចំពោះបញ្ហាសុវត្ថិភាពគ្រួសារ បើជនដៃដល់មកសងសឹកម្ដងទៀតនោះ។

ស្រីឡា និយាយថា៖ «ខ្លាច រាល់ថ្ងៃហ្នឹង បិទទ្វាររហូត ខ្លាចគេមកម្ដងទៀត សម្លាប់មួយគ្រួសារហ្នឹង»។   

នាយប៉ុស្ដិ៍នគរបាលឃុំសន្លុង លោក ប៉ាន់ សាន្ដ ប្រាប់ថា ក្រោយមានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការហើយ។ លោកថា នៅពេលនេះ គឺរង់​ចាំដីកាស្វែងរកចាប់ខ្លួនពីតុលាការតែប៉ុណ្ណោះ ដើម្បីតាមចាប់ជនល្មើសមកដាក់ទោស។

យ៉ាងណាក៏ដោយ លោកថា សមត្ថកិច្ចមានការលំបាកក្នុងការតាមចាប់ខ្លួនជនល្មើសមកផ្តន្ទាទោស ដោយថា ជនល្មើសបានរត់គេចខ្លួនបាត់ ហើយមានដើមកំណើតនៅតំបន់ផ្សេងឯណោះ។   

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ជនរងគ្រោះដោយសារការវាយប្រហារដោយទឹកអាស៊ីត ពិបាកក្នុងការស្វែងរកយុត្តិធម៌ ដោយថា ជនល្មើសបានរត់គេចខ្លួនបាត់ និងខ្លះទៀត ជាអ្នកមានអំណាច ឬមានខ្សែធំជាដើម។

លោកបន្ដថា៖ «ករណីជះទឹកអាស៊ីតនេះ គឺភាគតិចណាស់ដែលជនប្រព្រឹត្តបទល្មើស ត្រូវបានចាប់ខ្លួនហើយយកមកផ្ដន្ទាទោស ហើយយើងឃើញថា មានតែដំណើរការរឿងនៅតុលាការ ។ ប៉ុន្ដែ ជនល្មើលគេចខ្លួនមិនទាន់បានចាប់យកមកផ្ដន្ទាទោស។ មួយចំនួន គាត់មិនហ៊ានប្ដឹងទេ សម្របសម្រួលយកសំណងជាដើម»។ 

ក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី៥កុម្ភៈ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch បានសម្ភាសន៍មនុស្សចំនួន ៨១នាក់ រួមមានសាច់ញាតិជនរងគ្រោះដោយការវាយប្រហារដោយទឹកអាស៊ីត មេធាវី អ្នកជំនាញ និងអ្នកលក់ដូរទឹកអាស៊ីតក្នុងប្រទេសកម្ពុជា។ អង្គការនេះ ក៏បានសម្ភាសន៍ជនរងគ្រោះចំនួន ១៧នាក់ ដោយអះអាងថា ពួកគេទទួលបានយុត្តិធម៌តិចតួច និងបានទទួលរងការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរ ឲ្យទទួលយកសំណងមិនសមរម្យ។

អង្គការ Human Rights Watch លើកឡើងក្នុងរបាយការណ៍ថា បើទោះបីជារដ្ឋាភិបាលបានអនុម័តច្បាប់ដើម្បីគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់អាស៊ីតខ្លាំងបានមួយកម្រិតនៅរាជធានីភ្នំពេញក៏ដោយ ប៉ុន្ដែ នៅតាមបណ្ដាខេត្តផ្សេងទៀត នៅតែមានការចែកចាយទឹកអាស៊ីតដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ។ ម្យ៉ាងទៀត ក្រុមជនរងគ្រោះអះអាងថា ពួកគេនៅតែត្រូវបង់ថ្លៃសេវាព្យាបាលសុខភាពនៅពេលពួកគេទៅព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ហើយថា ជនល្មើសក៏កម្រត្រូវបានគេចាប់យកមកផ្ដន្ទាទោស៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ