លោក ហ៊ុន សែន៖ សុខទុក្ខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បំពេញការងារក្នុងការិយាល័យ(រូបដែលបង្ហោះលើហ្វេសប៊ុក របស់លោក ហ៊ុន សែន នៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៩)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ២ថ្ងៃជាប់ៗគ្នាគឺម្សិលមិញនិងថ្ងៃនេះ ដោយថ្លែងអំណរគុណចំពោះការបោះឆ្នោតគាំទ្រ ហើយលោកថា លោកនឹងខិតខំធ្វើការងារហើយចាត់ទុកសុខទុក្ខរបស់ពលរដ្ឋដូចសុខទុក្ខរបស់រូបលោកផ្ទាល់។​

លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីតម្លៃនៃសន្តិភាព ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន។​លោកក៏បានអរគុណដល់ពលរដ្ឋ និងប្តេជ្ញាក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ដើម្បីប្រជាពលរដ្ឋ។

 លោកសរសេរ៖ «សូមអរគុណចំពោះការស្រឡាញ់រាប់អាន និងទំនុកចិត្ត ជាមួយនឹងភាពជឿជាក់ និងការគាំទ្រឥតងាករេពីបងប្អូនជនរួមជាតិចំពោះរូបខ្ញុំ។ ព្រោះសុខទុក្ខរបស់បងប្អូន គឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ ដែលខ្ញុំត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខជានិច្ច ដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរ។»

លោក ហ៊ុន សែន ក៏បានលើកឡើងថា មានតែគណបក្សរបស់លោក តែមួយគត់ ដែលខ្លាំង និងធានាដល់ការរក្សាសន្តិភាព។​

លោក សរសេរ៖ «គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្សប្រជាជន គឺធានាដាច់ខាតមិនអោយ សង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ។»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ គិតមកដល់ពេលនេះលោកកាន់តំណែងបាន៣៤ឆ្នាំ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ