កម្ពុជា​​ប្រកាស​មិន​ឲ្យ​​សហគមន៍​អន្ដរជាតិ​លូក​ដៃ​ចូល​កិច្ចការផ្ទៃក្នុង

រូបភាពពីហ្វេសប៊ុកលោក ប្រាក់ សុខុន

ក្រសួង​ការបរទេស​កម្ពុជា បានចាត់ទុកការលូកដៃណាមួយពីភាគីទីបី​ថា នឹងបង្កឲ្យមានអស្ថិរភាពជាតិ និងបំផ្លាញដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការផ្សះផ្សារជាតិនៅកម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍​កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ទៅសហគមន៍អន្ដរជាតិកុំឲ្យជឿតាមសម្ដីញុះញង់របស់លោក សម រង្ស៊ី ដែលបានស្នើទៅ​សហគមន៍​អន្តរជាតិ ឲ្យចោទសួរពីភាពស្របច្បាប់របស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​ ក្រោកឡើងបះបោរប្រឆាំងរដ្ឋាភិបាល​សព្វ​ថ្ងៃ។

អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់រាល់ការប៉ុនប៉ងបំផ្លាញសន្ដិភាពនៅកម្ពុជា និងជំរុញទៅសហគមន៍អន្ដរជាតិ កុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលថា អាចឈានទៅបំផ្លាញដល់សន្ដិភាព ការគោរសិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។   

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនឹងប្រឆាំងទប់ស្កាត់តាមគ្រប់មធ្យោបាយចំពោះរាល់ការប៉ុនប៉ងនានា និងការធ្វើអន្ដរាគមន៍ពីភាគីទី៣ ក្នុងការបង្កអស្ថិរភាព និងបំផ្លាញមាតុភូមិ ក៏ដូចជាសុភមង្គលរបស់ប្រជាជនយើង […] យើងបានអំពាវនាវមិនឲ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងឲ្យមានការគោរពអធិបតេយ្យភាពរបស់កម្ពុជាដើម្បីឲ្យកម្ពុជាអាចបន្ដដំណើរការលើមាគ៌ារបស់ខ្លួនឆ្ពោះទៅសាមគ្គីជាតិ»។

ក្រោយពីស្ថានការណ៍នយោបាយហាក់មិនមានដំណោះស្រាយណាមួយនោះ ក្រុមអតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសដែលមានលោក សម រង្ស៊ី ជាប្រធាន បានប្រកាសពីគម្រោងធ្វើមាតុភូមិន៍និវត្តន៍មកប្រទេសកម្ពុជាវិញ ប៉ុន្ដែ គម្រោងនេះ ត្រូវបានរដ្ឋាភិបាលស្វាគមន៍ដោយការព្រមានបង្ក្រាប និងការចាប់ចងដាក់ពន្ធនារ ក្រោមហេតុផលថា អាចនឹងបង្កអសន្ដិសុខ និងស្ថិរភាពសង្គម។

ក្រៅពីប្រកាសអំពីគម្រោងធ្វើមាតុភូមិន៍និវត្តន៍នេះ លោក សម រង្ស៊ី ដែល​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ​នោះ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយថា រដ្ឋាភិបាលបច្ចុប្បន្នបានកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ និងយុត្តិធម៌នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ