សង្គមស៊ីវិល​ជំរុញឱ្យអនុវត្ត​ច្បាប់​លើ​មន្ត្រី​នគរបាល​ប្រព្រឹត្ត​​ខុស​នីតិវិធី​លើ​ការ​ចាប់​ខ្លួន​ពលរដ្ឋ

មន្ត្រី​នៅ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក ឡាយ ប៊ុនថូ បានឱ្យដឹងតាមរយៈការផ្សាយ​វីដេអូផ្ទាល់ជាមួយសារព័ត៌មានអនឡាញថា រូប​លោក​ត្រូវ​បាន​មន្ត្រី​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​នេះ នៅ​ក្បែរ​ស្ថានីយ៍​ប្រេង​សាំង​សូគីម៉ិច តាម​បណ្ដោយ​មហា​វិថី​​ព្រះមុនីវង្ស ដោយ​ត្រូវ​បាន​សង្ស័យ​ថា ​ជា​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន។ រូបភាព៖ បណ្ដាញសង្គម

សង្គមស៊ីវិលទទូចឱ្យ​នគរបាល​ជាតិ​អនុវត្ត​ច្បាប់​ទៅ​លើ​មន្ត្រី​របស់​ខ្លួន ក្រោយ​ពី​ពលរដ្ឋ​ម្នាក់​ចោទ​ថា បាន​ចាប់​ខ្លួន​រូប​គាត់​វាយ​ខ្នោះ និង​ប្រើ​អំពើ​ហិង្សា​​រំលោភ​បំពាន​លើ​រូបរាង​កាយ​​ខុស​នីតិវិធី​ច្បាប់។

មន្ត្រី​នៅ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក ឡាយ ប៊ុនថូ បានឱ្យដឹងតាមរយៈការផ្សាយ​វីដេអូផ្ទាល់ជាមួយសារព័ត៌មានអនឡាញថា រូប​លោក​ត្រូវ​បាន​មន្ត្រី​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​នេះ នៅ​ក្បែរ​ស្ថានីយ៍​ប្រេង​សាំង​សូគីម៉ិច តាម​បណ្ដោយ​មហា​វិថី​​ព្រះមុនីវង្ស ដោយ​ត្រូវ​បាន​សង្ស័យ​ថា ​ជា​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន។

លោក ឡាយ ប៊ុនថូ បាន​រៀប​រាប់​បន្ត​ថា មន្ត្រី​នគរបាល​ប្រហែល​ ១០នាក់ បានចាប់លោក​វាយខ្នោះដៃ និងវាយជាច្រើនដៃ ហើយរុញ​បញ្ចូល​ឡាន​ទាំង​គ្មាន​ដីកា​ពី​តុលាការ​នោះ​ឡើយ។

លោក ឡាយ ប៊ុនថូ បាន​រៀបរាប់​​ក្នុង​វីដេអូ​នោះ​ថា រូប​លោកត្រូវ​បាន​ដោះ​លែង​មក​វិញ ក្រោយ​ពី​មន្ត្រី​នគរបាល​រក​មិន​ឃើញ​កំហុស ហើយ​មន្ត្រី​នគរបាល​ដែល​ចាប់​ខ្លួន​លោក​ទាំង​គ្មាន​ដីកា​ពី​តុលាការ​នោះ បាន​សុំ​ទោស​លោក​ និងស្នើ​សុំឱ្យបញ្ចប់រឿងនេះ ប៉ុន្តែលោកបញ្ជាក់ថា នឹងដាក់ពាក្យប្តឹងមន្ត្រីទាំងនោះពីបទប្រើប្រាស់អំពើហិង្សា និងការអនុវត្តច្បាប់ធ្វេសប្រហែសមកលើរូបលោក​។

លោកបន្ថែមថា៖ «និយាយទៅ ខ្ញុំថា ខុសច្បាប់ទៅចុះ ព្រោះការអនុវត្តនេះអត់ត្រូវទេ គ្រាន់តែមាន​ការចង្អុលបង្ហាញរបស់ជនសង្ស័យមួយចង្អុលបង្ហាញដាក់ខ្ញុំ គាត់ទៅចាប់ខ្ញុំប្រផាប់ប្រភីង នៅប្រើប្រាស់អំពើហិង្សាដាក់ខ្ញុំទៀត។ អីចឹង ខ្ញុំសុំឱ្យគាត់បកស្រាយមក​ខាងនាយកដ្ឋានហ្នឹង​ថា តើនីតិវិធីហ្នឹងមានដីកាម៉េច? ហើយមានចំណាត់ការម៉េចបានជាគេអនុវត្តនីតិវិធីអីចឹង? បើគ្រាន់តែសង្ស័យអីចឹង ចាប់គ្នាវ៉ៃ ហើយដល់ពេលខុស អាងសុំទោស វាអត់ត្រូវទៀតទេ»។​

មន្ត្រីផ្នែកស៊ើបអង្កេតជាន់ខ្ពស់​នៃ​សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បាន​ជំរុញ​ទៅ​នគរបាល​ជាតិ ឲ្យ​​អនុវត្ត​ច្បាប់​ទៅ​លើ​មន្ត្រី​របស់​ខ្លួន ដោយ​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខុស​នីតិវិធី និង​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ពលរដ្ឋ គឺ​ជា​ការ​បំពាន​​សិទ្ធិ​មនុស្ស ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា

លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា៖ «គឺយើងត្រូវដោះស្រាយទៅតាមផ្លូវច្បាប់​ឡើងវិញ ព្រោះអត់មានថា យើងមានរឿងហ្នឹងហើយ យើងធ្វើការសុំទោស យើងរួចខ្លួន មិនមែនទេ ព្រោះការអនុវត្តច្បាប់ អត់មានការលើកលែងទៅលើការសុំទោសអីចឹងយកមកបញ្ចប់ទេ។ បើមិនអីចឹង នៅពេលអ្នកមានលុយ ឬ​មានឥទ្ធិពលណាមួយ គាត់ទៅប្រព្រឹត្តទៅអំពើខុសហើយ ចេះតែធ្វើការសុំទោស​ ដើម្បីរួចខ្លួនអីចឹងទៅ អាហ្នឹងអត់អាចធ្វើបានទេ»

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ឱ្យ វីអូឌី​ ដឹងនៅថ្ងៃនេះថា មន្ត្រី​នគរបាល​ជាតិ​ពិត​ជា​បាន​អនុវត្ត​ខុស​នីតិវិធី ហើយ​លោក​អះ​អាង​ថា នគរបាល​ជាតិ​ក៏​បាន​ដាក់​ពិន័យ​ក្រុម​មន្ត្រី​នគរបាល​ទាំង​នោះ​ទៅ​តាម​វិធានការ​ច្បាប់​ផង​ដែរ បន្ថែម​ពី​លើ​ការ​សុំ​ទោស។

លោកបន្ថែមថា៖ «សម្រាប់បុគ្គលដែលអនុវត្តខុសឆ្គង នឹងសម្រេចពិនិត្យមើល​ជាមួយលក្ខខណ្ឌប្រតិបត្តិការហ្នឹង ហើយនឹងវិន័យរបស់កងកម្លាំង​ថា តើគាត់ត្រូវទទួលពិន័យរបៀបណា? យើងមិនមែនទុកចោលទេ យើងត្រូវអប់រំណែនាំ និងដកពិសោធន៍ កុំឱ្យថ្ងៃក្រោយទៅមានបញ្ហាហ្នឹងទៀត»

អ្នកជំនាញផ្នែកច្បាប់ លោក​មេធាវី សុក សំអឿន បាន​ហៅ​ការ​សុំ​ទោស​ពី​មន្ត្រី​នគរបាល​នោះ​ថា ជា​រឿង​ល្អ ប៉ុន្តែ លោក​ចាត់​ទុក​អំពើ​ហិង្សា​លើ​ពលរដ្ឋ ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដែល​ត្រូវ​ប្រឈម​ទោសទៅ​តាម​ច្បាប់។

លោកមេធាវី សុក សំអឿន

លោកបន្តថា៖ «ព្រោះថា ទោះបីមែនក៏ដោយ ក៏មិនត្រូវប្រើហិង្សាដែរ ប៉ុន្តែ វាអាចដែរ អាចប្រើហិង្សានៅពេលចាប់ ប្រសិនបើជាមនុស្ស ជនសង្ស័យហ្នឹង គាត់តដៃតអីហ្នឹងណា។ ធម្មតាបើមិននេះ[វៃ] វាមិនកើតទេ»

មន្ត្រី​នគរបាល​ បាន​ចាប់​ខ្លួន​លោក ប៊ន សំណាង និង​លោក សុក សំអឿន នៅ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤​កន្លង​មក ប៉ុន្តែ ពលរដ្ឋ​ទាំង ២​រូប​​នេះ ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​​រក​ពុំ​ឃើញ​ថា ពួកគេ​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ឡើយ។

ទោះជាយ៉ាងណា លោក ប៊ន សំណាង និង​លោក សុក សំអឿន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​អស់​រយៈ​ពេល ៦​ឆ្នាំ ប៉ុន្តែ គ្មាន​សំណង​ណា​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ទៅ​ដល់​ពលរដ្ឋ​ទាំង ២​រូប​នេះ​ឡើយ ហើយ​ក៏​គ្មាន​មន្ត្រី​នគរបាល​ណា​ម្នាក់ ត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អនុវត្ត​ខុស​នីតិវិធី​នេះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ