កម្មកររោងចក្រ W&D ផ្ទុះការតវ៉ាជាថ្មីទៀត ក្រោយថៅកែបិទទ្វារមិនឲ្យចូលបំពេញការងារ

កម្មករប្រមាណ ១០០នាក់ក្នុងចំណោមកម្មករជិត ២ពាន់នាក់ ដែល​បម្រើការងារនៅរោងចក្រ W&D ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំទៅលោក ហ៊ុន សែន ឲ្យ​ជួយអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ពួកគេ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

កម្មករបម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ បានផ្ទុះការតវ៉ាជាថ្មីទៀតនៅថ្ងៃនេះ បន្ទាប់ពីថៅកែរោងចក្រនោះ បាន​បិទទ្វារ​​មិនឲ្យពួកគេចូលបំពេញការងារដូចការជូនដំណឹង។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែ​មករា ថៅកែរោងចក្រ W&D សម្រេចទទួលយកកម្មករទាំងអស់ដែលក្រុមហ៊ុនបានបញ្ឈប់ពេលកន្លងមក ឲ្យចូលធ្វើការងារវិញ ដោយទុករយៈពេល ២សប្តាហ៍ ប៉ុន្តែ មិនព្រមទទួលយកកម្មករមួយចំនួនតូចដែលរោងចក្រនេះចោទថា បានញុះញង់ឲ្យកម្មករតវ៉ា។

កម្មករម្នាក់ លោក ផាត់ សាមុត ប្រាប់ វីអូឌី ថា ក្រោយឃើញសេចក្តីប្រកាសព័ត៌មាននោះ ក្រុមកម្មករសម្រេចនាំគ្នាចូលបំពេញការងារនៅថ្ងៃនេះ ប៉ុន្តែ ភាគីក្រុមហ៊ុនបានបិទទ្វារមិនឲ្យកម្មករចូលបំពេញការងារឡើយ ដែល​ជំរុញ​ឲ្យ​ក្រុម​កម្មករ​ចេញ​តវ៉ាជាថ្មីទៀត។

លោកបន្ថែមថា៖ «ក្រុមកម្មករតវ៉ាហ្នឹង គឺពួកគាត់សុំចូលបម្រើការងារទាំងអស់គ្នាវិញ ដោយពុំមានការរើសអើង ដោយភាគីខាងរោងចក្រប្រកាន់គោលជំហរថា ឲ្យកម្មករចូលធ្វើការងារវិញ។ ដល់ពេលកម្មករចូល បែរជាបិទទ្វាមិនឲ្យកម្មករចូលទៅវិញ»

កម្មការិនី អ្នកស្រី​ ជា សុខា និយាយថា រោងចក្រ W&D កំពុងតែរើសអើងកម្មករវ័យចំណាស់ កម្មករធ្វើការយូរ កម្មករប្រុសៗ និងកម្មករមានផ្ទៃពោះជាដើម ដោយថា រោងចក្រមិនទទួលយកឲ្យចូលបម្រើការងារឡើយ។

អ្នកស្រីបន្ថើមថា៖ «បើសិនជាគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ គាត់មិនព្រមមកជួយដោះស្រាយឲ្យពួកខ្ញុំបានចូលធ្វើការងារទេ គឺពួកខ្ញុំនឹងនាំគ្នាហែរញត្តិទៅដាក់តាមក្រសួងទាំងអស់ ហើយពួកខ្ញុំក៏បោះតង់នៅថ្ងៃស្អែកនៅ​មុខរោងចក្រហ្នឹងម៉ង ដើម្បីឲ្យកម្មករឈរ ដើម្បីកុំឲ្យមានការរាំងស្ទះ ព្រោះថា ពួកនេះ វាចាំតែចាប់កំហុសទេ។ តែមានការរាំងស្ទះ វាចោទលើពួកខ្ញុំទៀតហើយ តែពួកវាវិញ អត់ចេះគោរពពាក្យសម្តីខ្លួនឯងទេ។ សរសេរជាអក្សរប៉ុណ្ណឹងហើយ នៅ​និយាយយកជាការមិនបានផង»

លោក តាំង ម៉េង មេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន W&D បានច្រានចោលការលើកឡើងនេះ ដោយថា រោងចក្រគឺទទួលយកកម្មករទាំងអស់ឲ្យចូលបម្រើការងារវិញ ប៉ុន្តែ លើកលែងតែកម្មករជាង ១០០នាក់​ប៉ុណ្ណោះ ដោយ​ថា កម្មករទាំងនោះបានញុះញង់​ឲ្យកម្មករតវ៉ា និងបង្កការរាំងស្ទះដល់ដំណើរការរកស៊ីរបស់ក្រុមហ៊ុន។

លោកបន្ថមថា៖ «កម្មករមួយចំនួនតូចហ្នឹង គាត់មានឈ្មោះក្នុងបញ្ជីហើយ ក្នុងហ្នឹងមាន ១០២នាក់។ កម្មករ១០២នាក់ហ្នឹងគាត់បានរារាំងកម្មករផ្សេងទៀតមិនឲ្យចូលធ្វើការងារ ហើយឥលូវហ្នឹងកំពុងតែបិទផ្លូវ បិទផ្លូវច្រកចេញចូលរបស់រោងចក្រមិនឲ្យកុងតឺន័រដឹក​ឥវ៉ាន់ចេញចូលទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បានទេជុំវិញករណីនេះ ដោយទូរស័ព្ទចូលគ្មានអ្នក​ទទួល។

កាលពីចុងឆ្នាំ២០១៨ កម្មករជិត ២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D​ បានផ្ទុះការតវ៉ាដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩ រហូតថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករជាង ១ពាន់នាក់ ដោយចោទ​ថា មិនគោរពតាមការសម្រេចរក្សាការពាររបស់តុលាការ ប៉ុន្តែ ក្រោយមក រោងចក្រនេះបានប្រកាសទទួលយកម្មករឲ្យចូលបម្រើការងារវិញ ដោយលើកលែងកម្មករមួយចំនួន។

នៅថ្ងៃទី២៦ ខែមករា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញលិខិតមួយការពាររោងចក្រ ដោយលើកឡើងថា ថៅកែរោងចក្រ W&D មិនមានកាតព្វកិច្ចណាមួយត្រូវទូទាត់ប្រាក់អតីតភាពការងារជាកញ្ចប់មុនឆ្នាំ២០១៩ ជូនកម្មករនោះទេ ដោយថា ការតវ៉ារបស់ក្រុមកម្មករទាំងនេះធ្វើឡើងដោយខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ