អឺរ៉ុប​​ចាប់​ផ្ដើម​​​នីតិវិធី​ដែល​ឈាន​ទៅ​ផ្អាក​ EBA​​​ ​ក្រោយ​កម្ពុជា​​​បរាជ័យ​កែ​លម្អ​បញ្ហា​​សិទ្ធិ​មនុស្ស

European Commissioner for Trade Cecilia Malmström | Emmanuel Dunand/AFP via Getty Images

សហគមន៍​អឺរ៉ុប​បាន​ប្រកាស​ថា ខ្លួន​ចាប់​ផ្ដើម​ដំណើរការ​នីតិវិធី​ឆ្ពោះ​ទៅ​រក​ការ​ផ្អាក​​ជា​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​នេះ ​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន​ដែល​ផ្ដល់​មក​ឲ្យ​ប្រទេស​កម្ពុជា​ ដើម្បី​កែលម្អ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​នេះដោយ​គណៈកម្មការ​អឺរ៉ុប។

សហភាព​អឺរ៉ុប​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា សហគមន៍​ទីផ្សារ​រួម​មួយ​នេះ គ្រាន់​តែ​ដក​ហូត​ជា​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ ប៉ុន្តែថា មិន​មែន​ជា​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ភ្លាមៗ​នោះ​ឡើយ។

ទោះ​ជាយ៉ាងណា ​សហភាព​អឺរ៉ុប​បាន​ប្រកាស​បន្ថែម​ថា វិធានការ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ អាច​នាំ​ទៅ​រក​ការ​ផ្អាក​​ឱកាស​ទទួល​បាន​ការ​អនុគ្រោះ​របស់​កម្ពុជា សម្រាប់​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​រួម​មួយ​នេះ នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ត្រូវ​បាន​ដក​ហូត​វិញ ប្រសិន​បើ​ប្រទេស​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី EBA បរាជ័យ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​សំខាន់ និង​សិទ្ធិ​ការងារ។

តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​ជា​អនុ​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Federica Moghorini ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ អឺរ៉ុប​បាន​មើល​ឃើញ​នូវ​​ដំណើរ​វិជ្ជមាន​មួយ​ចំនួន ដែល​កម្ពុជា​បាន​ចាត់​វិធានការ ដូច​ជា ការ​ដោះ​លែង​បុគ្គល​នយោបាយ សកម្មជន​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ ព្រម​ទាំង​បន្ធូ​បន្ថយ​ការ​រឹត​ត្បិត​លើ​អង្គការ​សង្គម​ស៊ីវិល និង​សកម្មភាព​សហភាព។

អ្នកស្រី Moghorini ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា៖ «ទោះជាយ៉ាងណា ដោយ​ពុំ​មាន​វិធានការ​​ដាច់​ស្រេច​ថែម​ទៀត​​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ ស្ថានការណ៍​ជាក់​ស្ដែង បាន​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​កម្ពុជា»។

​អ្នកស្រី Moghorini បន្ថែម​ថា​៖ «ក្នុង​នាម​សហភាព​អឺរ៉ុប យើង​ប្ដេជ្ញា​ចំពោះ​ភាព​ជា​ដៃ​គូ​ជាមួយ​កម្ពុជា ដែល​ធ្វើ​ឡើង​ដើម្បី​ប្រជាជន​កម្ពុជា។ ការ​គាំ​ទ្រ​របស់​យើង​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​បេះដូង​នៃ​ភាព​ជា​ដៃ​គូ​នេះ»។

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​រូប​នេះ សហគមន៍​អឺរ៉ុប​បាន​សម្រេច​ចាត់​វិធានការ​បែប​នេះ បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​និតិ​រដ្ឋ​នៅ​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

ចំណែក​ឯ​ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម អ្នកស្រី Cecilia Malmstrom បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ដែរ​ថា សហភាព​អឺរ៉ុប​ត្រូវ​ការ​មើល​សកម្មភាព​ជាក់​ស្ដែង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ខណៈ​ដែល​ពេល​វេលា​កាន់​តែ​រំកិល​ទៅ​មុខ​នោះ។

អ្នកស្រី Malmstrom ថ្លែង​ថា៖ «នៅ​ពេល​យើង​និយាយ​ថា គោល​នយោបាយ​សហភាព​អឺរ៉ុប គឺ​ផ្អែក​លើ​គុណ​តម្លៃ អញ្ចឹង វា​មិន​មែន​គ្រាន់​តែ​ជា​ការ​និយាយ​តែ​មាត់​ទេ។ យើង​មាន​មោទនភាព​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​បើក​ចំហរ​របស់​ពិភព​លោក​​សម្រាប់​បណ្ដា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច ហើយ​ភស្តុតាង​បង្ហាញ​ថា ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​រួម​របស់​អឺរ៉ុប អាច​ផ្ដល់​នូវ​កម្លាំង​ជំរុញ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នោះ»។

អ្នកស្រី​បន្ថែម​ថា​៖ «ប៉ុន្តែ ជា​ថ្នូរ​មក​វិញ យើង​ស្នើ​ឡើង​ថា ​បណ្ដា​ប្រទេស​នោះ​ បាន​គោរព​យ៉ាង​ពិត​ប្រាក​ដ​ទៅ​តាម​គោលការណ៍​ស្នូល។ ទំនាក់​ទំនង​របស់​យើង​ជាមួយ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ថា មាន​ការ​ធ្លាក់​ចុះ​​យ៉ាង​ធ្ងន់​ធ្ងរ​​នៅ​ពេល​និយាយ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​ស្រាយ ប្រសិន​បើ​កម្ពុជា​ចង់​រក្សា​ឱកាស​ចូល​ទៅ​ទីផ្សារ​របស់​យើង»។

សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៤.៩​ពាន់​លាន​ដុល្លារ​ចូល​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

សហគមន៍​អឺរ៉ុប បាន​បន្ថែម​ថា ផលិត​ផល​កាត់​ដេរ បន្លែ និង​ម្ហូប​អាហារ និង​ចក្រ​យាន មាន​ទំហំ​ដល់​ទៅ ៩៩​ភាគរយ​នៃ​ទំនិញ​សរុប​ដែល​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារ​មួយ​នេះ ហើយ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៤.៨​ពាន់​លាន​ដុល្លារអាមេរិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៕


កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវខ្លឹមសារចំនងជើងដែលមានសេចក្ដីថា «អឺរ៉ុប​ចាប់​ផ្ដើម​ដំណើរការ​ផ្អាក EBA សម្រាប់​កម្ពុជា ក្រោយ​រដ្ឋាភិបាល​បរាជ័យ​កែលម្អ​បញ្ហា​សិទ្ធិ​មនុស្ស» ដែលបានផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង៣៥នាទីយប់ ទៅជា «អឺរ៉ុប​​ចាប់​ផ្ដើម​​​នីតិវិធី​ដែល​ឈាន​ទៅ​ផ្អាក​ EBA​​​ ​ក្រោយ​កម្ពុជា​​​បរាជ័យ​កែ​លម្អ​បញ្ហា​​សិទ្ធិ​មនុស្ស» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២និង១៦នាទីរសៀល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ