លោក ព្រាប កុល ជំរុញ​​រដ្ឋាភិបាលឲ្យ​​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​ដើម្បី​រក្សា​​ប្រព័ន្ធ​អនុគ្រោះ​ពី​អឺរ៉ុប

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីសន្ទស្សន៍ នៃការយល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

នាយក​ប្រតិបត្តិអង្គការ​តម្លាភាពកម្ពុជា​ លោក ព្រាប កុល​ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ ដើម្បី​ទប់​ស្កាត់​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​សហគមន៍​អឺរ៉ុប​ផ្ដល់​មក​កម្ពុជា។

លោក ព្រាប កុល ថ្លែង​ប្រាប់​វីអូឌី​បែប​នេះ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ពី​ទីក្រុង​ប៊្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក ជា​ទី​ដែល​លោក​ទើប​តែ​បញ្ចប់​កិច្ច​ប្រជុំ​មួយ​ជាមួយ​ក្រុម​មន្ត្រី​មួយ​ចំនួន​នៅ​ទីនោះ។

មេដឹកនាំ​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​បែប​នេះ ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ចាប់​ផ្ដើម​នីតិវិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ត្រូវ​បាន​ផ្ដល់​មក​ឲ្យ​កម្ពុជា។

លោក ព្រាប កុល ​មានប្រសាសន៍ថា លោក​បានជួបជាមួយនឹងមន្រ្តី​ដែលធ្វើការងារ​សហប្រតិបត្តិការ​បរទេស សមាជិក​គណៈកម្មការ​ពាណិជ្ជកម្ម និង​ទីប្រឹក្សាជាន់ខ្ពស់សហគមន៍អឺរ៉ុប។

លោក ព្រាប​ កុល មានប្រសាសន៍ថា៖ «តាម​មើលទៅ​ គឺ ​EU ម៉ឹងម៉ាត់មែនទែន ហ្មត់ចត់ ហើយ​លើកនេះមានការ​គាំទ្រ​ពី​រដ្ឋជា​សមាជិក​ទៀត។ អញ្ចឹង​ ​គេលេងមែនទែនតែ​ម្ដងតាមស្តាប់ទៅណា។ តែ​សួរថា ​អាចកែប្រែបានទេ គឺអាចកែបាន អាស្រ័យលើឥរិយាបទ​របស់​រដ្ឋអំណាចនៅកម្ពុជា»។​

សហភាព​អឺរ៉ុប​បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១១​កុម្ភៈនេះថា ខ្លួន​ចាប់​ផ្ដើម​ដំណើរការ​​ដែលអាច​ឈានទៅដល់ការ​ផ្អាក​​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន​ដែល​ផ្ដល់​មក​ឲ្យ​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ បានលើកឡើងថា ​សហគមន៍​ទីផ្សារ​រួម​មួយ​នេះ គ្រាន់​តែ​ដក​ហូត​ជា​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ ប៉ុន្តែថា មិន​មែន​ជា​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ភ្លាមៗ​នោះ​ឡើយ។

ទោះ​ជាយ៉ាងណា ​សហភាព​អឺរ៉ុប​បាន​ប្រកាស​បន្ថែម​ថា វិធានការ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ អាច​នាំ​ទៅ​រក​ការ​ផ្អាក​​ឱកាស​ទទួល​បាន​ការ​អនុគ្រោះ​របស់​កម្ពុជា សម្រាប់​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​រួម​មួយ​នេះ នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»។

យោងតាម​លោក​ ព្រាប កុល ​ដំណើរការនៃការឈានទៅផ្អាកទាំងស្រុង​នូវ EBA សម្រាប់ប្រទេសកម្ពុជា ​នឹង​ត្រូវ​ឆ្លងកាត់ពេលវេលា​ ១២ខែទៀត។

លោក​បញ្ជាក់​ថា ប្រាំមួយខែ​ដំបូង​ចាប់​ពីខែ​កុម្ភៈនេះ គឺជា​ដំណាក់កាលទី១ ដែល​សហគមន៍​អឺរ៉ុប​នឹង​ជជែក​សួរនាំ​ភាគីពាក់ព័ន្ធ ហើយបីខែជំហានទី២ គឺ​ជាដំណាក់កាល​ប្រមូល​ភស្តុតាង​ សរសេរ​របាយការណ៍​ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន។​

បើ​តាម​លោក​ ព្រាប​ កុល រដ្ឋាភិបាល​កម្ពុជា​នឹង​មានពេល​មួយខែដើម្បីឆ្លើយ​តប មុន​នឹង​ចូល​ដល់ដំណាក់កាលទីបួន​ គឺការ​សម្រេច​ចិត្ត​ដែល​ EU នឹង​ចំណាយពេល​ពីរ​ខែ។

លោក ព្រាប កុល ​មានប្រសាសន៍​ថា​ បើ​សហគមន៍​អឺរ៉ុប​ពិត​ជា​សម្រេច​ផ្តាច់ ​EBA សម្រាប់ប្រទេសកម្ពុជា​មែន នោះ​ការ​ផ្តាច់នេះ​នឹង​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ខែ​កុម្ភៈ​ឆ្នាំ២០២០។

សារព័ត៌មានដើមអំពិល(DAP-News) បានស្រង់​សម្ដី​អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ចុះ​ផ្សាយ​ថា រដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈដោះស្រាយរួចជាស្រេចហើយ ខណៈកម្ពុជាគ្រាន់តែបាត់ការអនុគ្រោះពន្ធតែប៉ុណ្ណោះ មិនមែនបាត់បង់ទីផ្សារនាំទំនិញទៅទីផ្សារអឺរ៉ុបនោះទេ។

សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៤.៩​ពាន់​លាន​ដុល្លារ​ចូល​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

សហគមន៍​អឺរ៉ុប បាន​បន្ថែម​ថា ផលិត​ផល​កាត់​ដេរ បន្លែ និង​ម្ហូប​អាហារ និង​ចក្រ​យាន មាន​ទំហំ​ដល់​ទៅ ៩៩​ភាគរយ​នៃ​ទំនិញ​សរុប​ដែល​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារ​មួយ​នេះ ហើយ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៤.៨​ពាន់​លាន​ដុល្លារអាមេរិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ