អាមេរិក​អំពាវនាវ​ឲ្យ​ទម្លាក់​បទចោទ​លើ​ កឹម សុខា​ ខណៈ​ EU​ផ្ដើម​​នីតិវិធី​ដែល​ឈាន​ដល់​ការ​​ព្យួរ​ EBA

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

សហរដ្ឋអាមេរិក ជំរុញ​ជាថ្មីឲ្យទម្លាក់បទចោទប្រកាន់លើអតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ស្រប​ពេល​ដែល​សហភាពអឺរ៉ុបចាប់ផ្ដើមនីតីវិធីដែល​ឈាន​ដល់ការ​ព្យួរប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះ​អាសន្ន​ពីកម្ពុជា។

ការអំពាវ​នាវបែបនេះ​របស់​សហរដ្ឋ​អាមេរិក​ ធ្វើឡើង​ក្នុង​សេចក្តីថ្លែងការណ៍ស្តីពីដំណើរការនីតិវិធីរបស់សហភាពអឺរ៉ុប ក្នុងការផ្អាកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម (EBA) សំរាប់ប្រទេសកម្ពុជា ដែល​ចេញផ្សយ​ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាថ្ងៃនេះ។

សេចក្តីថ្លែងការណ៍នោះ សរសេរថា៖ «សហរដ្ឋអាមេរិក សូមអំពាវនាវ​អោយថ្នាក់ដឹកនាំកម្ពុជា ស្តារ​ឡើងវិញ​នូវលទ្ធិប្រជាធិបតេយ្យ ពហុ​បក្សពិតប្រាកដ ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា។ យើងក៏សូមអំពាវនាវផងដែរ ​អោយប្រទេសកម្ពុជាទម្លាក់​ចោល​​នូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់​តាមទំនើងចិត្តទាំងអស់ ប្រឆាំង​នឹងអ្នក​ទោស​នយោបាយដទៃទៀត ហើយអនុញ្ញាតអោយ​​សហជីព អង្គការ​សារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀត​នៃ​​សង្គមស៊ីវិល ដំណើរការដោយ​គ្មាន​​ការរឹតត្បិតដែលមិនត្រឹមត្រូវ។»

សហរដ្ឋអាមេរិក ​​ថា​កម្ពុជា​​នៅតែ​មាន​​ឱកាសក្នុងការជៀសផុតពីផលវិបាកអវិជ្ជមាន​ផ្នែកសេដ្ឋកិច្ច​ នៃការដកការអនុគ្រោះពន្ធ EBA។ អាមេរិក ក៏បាន​អំពាវនាវផងដែរ​ឲ្យ​​មេដឹកនាំកម្ពុជាតម្កល់សុខុមាល​​​ភាពរបស់ប្រទេសឲ្យ​ខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ។

កាលពីថ្ងៃម្សិលមិញ សហភាព​អឺរ៉ុប​បាន​ប្រកាស​ផ្ដើមនីតីវិធីដែល​ឈាន​ដល់ការ​ព្យួរជាបណ្ដោះ​អាសន្ននូវ​ប្រព័ន្ធ​អនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែ​អាវុធហៅកាត់​ថា «​EBA» ​ពីកម្ពុជា ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​និតិ​រដ្ឋ​នៅ​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

ប៉ុន្ដែ សហភាពអឺរ៉ុបក៏ប្រកាសផងដែរថា កម្ពុជានៅមានពេលវេលាក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ដោយជំរុញឲ្យរដ្ឋាភិបាលងាកមកគោរពកាតព្វកិច្ចសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ដែលថា ជាបេះដូងនៃភាពជាដៃគូជាមួយសហគមន៍អឺរ៉ុប។

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ​​​ត្រូវ​បាន​​សមត្ថកិច្ចចាប់ខ្លួន និង​បញ្ជូន​ទៅ​​ឃុំ​ខ្លួននៅ​​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-វៀតណាម ​កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់ជាតិ»។ ប៉ុន្ដែ ជាង១ឆ្នាំក្រោយមក ទើបតុលាការសម្រេចឃុំខ្លួនលោកកឹម​ សុខា ក្នុងផ្ទះវិញរហូតមកទល់ពេលបច្ចុប្បន្ននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ