កម្មកររោងចក្រមួយនៅស្វាយរៀង ផ្ទុះការតវ៉ាក្រោយថៅកែអត់បើកប្រាក់ឈ្នួលឲ្យពួកគេ

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន់ ជៀហាវ ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈឺលូ ខេត្តស្វាយរៀងបានផ្ទុះការតវ៉ា បន្ទាប់ពីថៅកែរោងចក្រមិនបាន​បើកប្រាក់ឈ្នួលជូនពួកគេតាមកាលកំណត់ នៅខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ

កម្មករបម្រើការងារនៅរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសឈឺលូ ខេត្តស្វាយរៀងបានផ្ទុះការតវ៉ា បន្ទាប់ពីថៅកែរោងចក្រមិនបាន​បើកប្រាក់ឈ្នួលជូនពួកគេតាមកាលកំណត់។

កម្មការនីម្នាក់អ្នក សុខ ផាន់នា ប្រាប់ វី.អូ.ឌី ថា កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រ វ៉ាន់ ជៀហាវ ស្ថិតក្នុងសង្កាត់ស្វាយរៀង បានធ្វើការ​តវ៉ារយៈពេល៤ថ្ងៃហើយ ដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់ឈ្នួល​ជូនពួកគេ។

កម្មការនីរូបនេះបន្តថា ជាធម្មតារោងចក្រត្រូវបើកប្រាក់ឈ្នួលឲ្យ​កម្មករនៅថ្ងៃទី៨ ប៉ុន្តែ រហូតមកដល់ថ្ងៃទី១២នេះហើយ ក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលជូនកម្មករឡើយ។ ប្រភពដដែលឲ្យដឹងបន្ថែមថា​ ភាគី​រោងចក្រក៏កំពុងដឹកឥវ៉ាន់មួយចំនួនចេញផងដែរ ដោយមិនបាន​ជូនដំណឹងទៅក្រុមកម្មករឡើយ ដែលធ្វើឲ្យពួកគេ​បារម្ភខ្លាចថៅកែរត់ចោល។

អ្នកស្រីបន្ថែមថា៖ «ក្នុងកន្លះខែហ្នឹង ថៅកែអត់បានបើកប្រាក់ខែឲ្យកម្មករទេ។ គាត់ចេះតែបង្ខំឲ្យកម្មករធ្វើការងារដើម្បីចេញឥវ៉ាន់អស់ ហើយកម្មករចេះតែសង្ស័យ ព្រោះឥវ៉ាន់ត្រូវធ្វើហ្នឹងមិនបាននាំចូលមកទៀតទេ តែចេះតែបង្ខំឲ្យកម្មករធ្វើការលើក​ឥវ៉ាន់ដែលនៅហ្នឹងដើម្បីបញ្ជូនចេញ។ […] ហើយម្សិលមិញហ្នឹង ខាងក្រុមហ៊ុន គាត់បានដឹកម៉ាស៊ីនចេញទៅខ្លះមិន(ដឹង)យកទៅណាទេ ធ្វើឲ្យកម្មករចេះតែសង្ស័យហើយអត់ព្រមចូលធ្វើការងារ»

កម្មការនីម្នាក់ទៀតអ្នកស្រី ជា ថាវី និយាយថា កន្លងមកអ្នកគ្រប់គ្រងនៅរោងចក្រនេះមិនគោរពច្បាប់ការងារទេ និងបានគៀបសង្កត់ដោយបង្ខំឲ្យកម្មករធ្វើ​ការងារ រួមទាំងបញ្ឈប់កម្មករមួយចំនួន​​មិនប្រាប់មូលហេតុថែមទៀត។

អ្នកស្រី បន្ថែមថា៖«រោងចក្រនេះអត់មានសហជីពទេ ហើយតំណាងកម្មករក៏អត់មានច្បាស់លាស់។ […] កម្មករត្រូវបានបញ្ឈប់ជាបន្តបន្ទាប់ មានរឿងអីបន្តិចក៏បញ្ឈប់ដែរ ដោយមិនបានគិតលុយឲ្យទេ ហើយប្រាក់បំណាច់ឆ្នាំក៏អត់មានគិតឲ្យកម្មករដែរ»

រដ្ឋបាលរោងចក្រ វ៉ាន ជៀហាវ ដែលសុំលាក់ឈ្នោះ លើកឡើង​ប្រាប់ វី.អូ.ឌី ថា មូលហេតុដែលក្រុមហ៊ុនមិនបើកប្រាក់ឈ្នួលជូនកម្មករតាមការកំណត់ ដោយសារដោយសារមានការរាំងស្ទះផ្នែកហិរញ្ញវត្ថុបន្តិចបន្តួច គឺបញ្ហាផ្ទេរប្រាក់​ពីធនាគារមានភាពយឺតយ៉ាវ។​ ប៉ុន្តែ យ៉ាងណាក៏ដោយ រដ្ឋបាលរូបនេះថា យ៉ាងយូរ២ថ្ងៃទៀតកម្មករនឹងទទួលបានការបើកប្រាក់ឈ្នួលអស់ហើយ។

លោកបន្ថែមថា៖ «ខាងចិនគេវេរលុយចូលធនាគារចិននៅភ្នំពេញ ហើយធនាគារចិននៅភ្នំពេញត្រូវវេរចូលធនាគារកាណាឌីយ៉ានៅស្វាយរៀង ដើម្បីឲ្យប្រធានរោងចក្រ វ៉ាន់ជៀហាវ បានទៅដកលុយ។ ប៉ុន្តែ ដោយសារនៅថ្ងៃចូលឆ្នាំចិន ធនាគារចិននៅភ្នំពេញ គេសម្រាកដែរ ដល់អញ្ចឹងទៅ ធ្វើឲ្យដំណើរបង្វិលលុយមានការយឺតយ៉ាវ បើតាមធនាគារគេប្រាប់ថា យ៉ាងយូរស្អែកឬខានស្អែក នឹងបានហើយ»

ប្រធានមន្ទីរការងារខេត្តស្វាយរៀងលោក ហាស់ ប៉ុនធី មានប្រសាសន៍ថា ករណីកម្មករតវ៉ានេះលោកបានបញ្ជូនមន្រ្តីទៅសម្របសម្រួលដោះស្រាយហើយ ដោយលោកថា ភាគីក្រុមហ៊ុនសន្យាបើកប្រាក់ឈ្នួលជូនកម្មករនៅថ្ងៃស្អែកនេះ។

លោក បន្ត​ថា៖ «យើងបានចាត់មន្ត្រីទៅដោះស្រាយហើយ។ មិនមែនថៅកែមិនបើកនោះទេ មកពីការបង្វិលលុយនៅរដូវចូលឆ្នាំចិនហ្នឹងមានការយឺតយ៉ាវ ដោយលុយគេវេរពីចិនមកចូលធនាគារកាណាឌីយ៉ា ដែលដល់ហើយវាបែបបទយ៉ាងម៉េចទៀត? លុយវាអត់ទាន់ធ្លាក់ចូលក្នុងកុង ក្រុមហ៊ុន។ តែយ៉ាងណាក្រុមហ៊ុនសន្យាបើកឲ្យស្អែកថ្ងៃ១៣»។

រដ្ឋបាលមន្រ្តីរដ្ឋបាលឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាន់ ជៀហាវ មានថៅកែជាជនជាតិចិន និងមានកម្មករ៥៤២ នាក់កំពុងបម្រើការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ