លោក​​ ​ហ៊ុន​ សែន​ អះអាងពី​ការលូតលាស់នៃ​សេ​ដ្ឋ​កិច្ច​ ខណៈ​អឺរ៉ុប​​ផ្ដើម​​​នីតិវិធី​ដែល​ឈាន​ទៅ​ផ្អាក​ EBA​​​ ​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីរំលឹកខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ រូបភាព៖ ហេង វិចិត្រ

នាយក​រដ្ឋម​ន្ត្រី​កម្ពុជា ​លោក ​ហ៊ុន ​សែ​ន ​លើកឡើង​ថា សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់ ពេលនេះគឺបានងើបលូតលាស់និងកាន់តែរឹងមាំ​។

ការលើកឡើងរបស់​ លោក ហ៊ុន សែន​ បែបនេះ ធ្វើឡើងមួយថ្ងៃ​ក្រោយ​ពេល​ដែល​ស​ហ​ភាពអឺ​រ៉ុបប្រកាសចាប់​ផ្តើ​មនីតិ​វិធីដែល​ឈាន​ដល់​កា​រ​​​ផ្អាក​ប្រព័ន្ធ​​អ​នុ​​​គ្រោះ​​ពន្ធជាបណ្ដោះអាសន្ន​។ ​

សហភាពអឺរ៉ុ​ប​​ នៅច្ងៃចន្ទម្សិ​ល​មិ​ញ​នេះ បាន​ប្រកាសថា​ ប្រព័​ន្ធ​​អនុគ្រោះ​ពន្ធដែលផ្តល់ឲ្យកម្ពុជា​ អាច​ត្រូវ​​ដ​ក​ហូត​​វិញ​ ប្រសិ​ន​បើ​​ប្រទេស​​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី EBA មួយនេះ ​ បរា​ជ័យ​​ក្នុង​​​កា​រធ្វើឲ្យប្រសើរ​ឡើងវិញពីស្ថានភាព​គោរព​សិទ្ធិ​​មនុស្ស​​ និ​ង​ប្រ​ជា​ធិប​តេយ្យ។​​ សហភាពអឺរ៉ុបបានជំរុញជាថ្មី​ទៅរដ្ឋាភិបាលកម្ពុជាឲ្យស្តារប្រជាធិបតេយ្យឡើងវិញ ​ក្រោយពីអាជ្ញាធរកម្ពុជាចាប់​ឃុំ​ខ្លួន​មេ​ដឹ​ក​នាំបក្សប្រឆាំង លោក កឹម សុខា ការរំលាយគណបក្សបក្សសង្គ្រោះជាតិចេញពីឆាកនយោបាយ និង​យាយីដ​ល់​ស​ង្គម​ស៊ី​វិល​ជា​ដើម។

លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារនេះថា កម្ពុជាមិនអាចរំ​ពឹងលើជំនួយប​រទេស​តែមួយ​មុខ​​ទេ ហើយថា កម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និ​ង​​អធិបតេយ្យភាពរ​បស់ខ្លួនទៅដោះ​ដូរជាថ្នូ​រ​នឹង​អ្វី​មួយនោះដែរ។

សុខសប្បាយជាទេបងប្អូនជនរួមជាតិស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ…

Posted by Samdech Hun Sen, Cambodian Prime Minister on Monday, February 11, 2019

មេដឹកនាំកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា កម្ពុជាពេលនេះបានងើបផុតពី​ភាពក្រីក្រ​ជាមួយ​នឹ​ង​កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ដោយសារចំណូលពន្ឋកាន់តែខ្ពស់។

លោកបានព្យាករណ៍ថា៖ «ថ្ងៃអនាគត គឺកម្ពុជានឹងក្លា​យ​ជា​ប្រ​ទេ​ស​មា​ន​​​ប្រា​ក់ចំ​ណូលម​ធ្យមកម្រិ​តខ្ពស់​នៅឆ្នាំ ២០​៣០ និ​ងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

សហភាព​អឺរ៉ុប បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍​ថា នៅឆ្នាំ​២០១៨ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ចូលទៅលក់នៅទីផ្សាររបស់ខ្លួន មាន​តម្លៃ​ដល់​ទៅជិត៥ពាន់លានដុល្លារ(៤.៩​ពាន់​លាន)​។ អឺរ៉ុប ថាក្នុងនោះទំនិញ​មាន​តម្លៃ​ដល់​ទៅ៤.៨​ពាន់​លាន​ដុល្លារ​ ស្ថិត​នៅ​ក្រោ​​​ម​​​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា វិធានការរបស់សហ​ភាព​អឺ​រ៉ុ​​ប​​​​​ពេ​លនេះមិនមែនជាការផ្តល់ជម្រើសចុងក្រោយទេ។ លោក បន្តថា​ ៣០ឆ្នាំទៀត​កម្ពុជា​នឹង​មិន​ក្លាយ​​ជាប្រ​ទេសមាន​ប្រាក់​ចំ​​ណូ​​​ល​មធ្យម​ក​ម្រិ​​ត​​ខ្ពស់ដូចការរំពឹងទុកដែរ បើរដ្ឋាភិបាលចេញដំណើរពីស្ថាន​ភាព​បែប​​នេះនោះ​។​

លោក មឿន តុលា រំឭកថា ការចង់រក្សាទុកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម​សម្រាប់ជាប្រយោជន៍ជាតិ មក​ដល់​ពេ​​ល​​នេះ វា​មិនទាន់ហួសពេលទេ បើមេដឹកនាំគិតពីប្រយោជន៍ជាតិនោះ។

លោកថា៖ «កម្ពុជាគួរតែពិចារណាឲ្យបានហ្មត់ចត់មែនទែន ជាពិសេសមេដឹកនំាជាតិហ្នឹង។ បើសិនជាយើងគិតពីប្រយោជន៍ជាតិ ប្រ​យោ​ជន៍ប្រជាពលរដ្ឋយើងជាធំ កុំគិតពីប្រយោជន៍បក្ស​ កុំគិតពីប្រយោជន៍បុគ្គល ឬក៏ប្រយោជន៍គ្រួសារ ខ្ញុំថា យើងអត់​មិនទាន់​ហួ​សពេ​លទេ ព្រោះខ្ញុំយល់ សហគមន៍អឺរ៉ុបហាក់មិនមានចេតនាដក EBA នេះទាំងស្រុងទេ»។

អ្នកវិភាគនយោបាយលោក ឯម​ សុវណ្ណារ៉ា​ លើកឡើងថា វិធានការព្យួរប្រព័ន្ធអនុគ្រោះ​ពន្ធនេះ មិន​មែនជាដំ​ណាក់​​កាល​ចុងក្រោយរបស់ក្រុមប្រទេសលោកសេរីទេ។ លោក បារម្ភថា វិធានការអាចនឹងមានជាបន្តបន្ទាប់ទៀត ពីសហរដ្ឋអាមេរិក​ ដូចជាវិធានកា​របង្កក​ទ្រ​​​ព្យ​​​​​សម្បត្តិឥស្ស​រជននយោបា​យមួយចំនួ​នទៀតជាដើម ​បើរដ្ឋាភិបាលមិនធ្វើឲ្យស្ថានការណ៍នយោបាយវិលទៅ​ធានាដល់​ដំ​ណើរ​​កា​រប្រជាធិបតេយ្យឡើងវិញនោះ។

លោក មានប្រសាសន៍ថា៖ «យើងថា វាអាចនឹងឈានមកជាបន្តបន្ទាប់ គឺ EBA ហើយ GSP របស់សហរដ្ឋអាមេរិកនឹងមកតាមក្រោយ ហើ​យ​វាឈានដល់ដំណាក់កាលហ្នឹង។ ប៉ុន្តែ បើគេព្យួរហើយ យើងអត់មានប្រែប្រួលទេ ខ្ញុំគិតថា គេអាច​បង្កកទ្រ​ព្យសម្ប​ត្តិឥ​ស្ស​រជនមួយចំនួនទៀត។»

​ទោះជាយ៉ាងណា សហភាព​អឺរ៉ុប បាន​បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួន​ប្ដេជ្ញា​រក្សាភាព​ជា​ដៃ​គូ​ជាមួយ​កម្ពុជា ​ដើម្បី​ប្រជា​ជន​​​​​​កម្ពុជា និងការធ្វើឲ្យប្រសើ​រឡើង​វិញ​ពីស្ថា​នភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ