សហគមន៍ជនជាតិដើមភាគតិចនៅ​ព្រះវិហារ ថាការកាប់​ព្រៃឈើជាការបំផ្លាញ​មុខរបរប្រពៃណី

សកម្មជនព្រៃឡង់ កាលពីពេលកន្លងទៅ (រូបភាព៖ បណ្ដាញសង្គម)

ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ ទទូចឱ្យមន្ត្រីពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ក្នុងការការពារព្រៃឈើនៅតំបន់ព្រៃឡង់មានប្រសិទ្ធភាពបន្ថែម​ទៀត ដោយ​បារម្ភថា ការបាត់បង់ព្រៃឈើជាបន្តបន្ទាប់ ​ធ្វើឱ្យពួកគាត់ប្រឈមក្នុងជីវភាពប្រចាំថ្ងៃ ពិសេសបាត់បង់មុខរបរប្រពៃណីតែម្តង។

ក្រុមប្រជាសហគមន៍បានលើកឡើងបែបនេះក្នុងវេទិកាសាធារណៈមួយស្តីពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងអភិបាលកិច្ចលើវិស័យ​ធនធានធម្មជាតិនៅព្រឹក​នេះនៅឃុំធ្មា ​ស្រុកជ័យសែន ដោយមានអ្នកចូលរួមប្រមាណ៥រយនាក់។

រូបភាព ប្រជាសហគមន៍ នៅស្រុកជ័យសែន និង ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធខេត្តនេះ ក្នុងវេទិកា ស្តីពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងអភិបាលកិច្ចលើវិស័យធនធានព្រៃឈើ នៅព្រឹកថ្ងៃទី ១២ កុម្ភៈ ២០១៩ ។ រូបភាព៖ អ្នកសម្របសម្រួលបណ្តាញព្រៃឡង់ ផ្តល់ជូន

ពលរដ្ឋដែលប្រាប់ថា ជាតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំធ្មា អ្នកស្រី ភោគ ហុង អះអាងថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នៅតែកើតមាន ពិសេសការកាប់បំផ្លាញដើមច្បោះជ័របស់ពួកគាត់​។

អ្នកស្រីថា មានកត្តាមួយចំនួនដែលធ្វើឱ្យបទល្មើសនៅតែកើតឡើង ដោយថា មកពីការអនុវត្តច្បាប់ទៅលើអ្នកនៅពីក្រោយខ្នងជនល្មើសគ្មានប្រសិទ្ធភាព ព្រមទាំងការយល់ដឹងរបស់ពលរដ្ឋចំណាកស្រុកមកពីតំបន់ផ្សេងៗដែលគេជួលឱ្យចូលកាប់ឈើនៅមានកម្រិត។

អ្នកស្រីបន្តថា៖ «ទីមួយទៀត ខ្ញុំចង់ឱ្យអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជារដ្ឋាភិបាល​នៅថ្នាក់លើឱ្យគាត់បានដឹងឮ ហើយដើម្បីឱ្យគាត់ជំរុញមកអាជ្ញាធរមូលដ្ឋានឱ្យចេះរួមគ្នា​ការពារនិងជួយទប់ស្កាត់ទាំងអស់គ្នា » ។​

ស្រដៀងគ្នានេះ តំណាងសហគមន៍មកពីឃុំរៀបរយ លោក ឈុន លាង បង្ហាញក្តីបារម្ភចំពោះការបាត់បង់ព្រៃឈើ ពិសេសព្រៃជំនឿរបស់ពួកគាត់ ថាវាមិនត្រឹមតែប៉ះពាល់បរិស្ថានក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាប្រៀបដូចជាការវាយបំបែកឆ្នាំងបាយរបស់អ្នកស្រុកដែលរស់ពឹងអាស្រ័យលើផលអនុផលព្រៃឈើនៅតំបន់ព្រៃឡង់។

លោកបន្ថែមថា៖ «បាត់បង់ព្រៃឈើ អបិយជំនឿរបស់ខ្មែរយើងក៏បាត់បង់ដែរ ដែលធ្វើឱ្យខ្ញុំភ័យបារម្ភខ្លាំងកន្លែងហ្នឹង។ ហើយម្យ៉ាងទៀត ព្រៃឈើហ្នឹង! ចុះបើបច្ចុប្បន្ននេះអស់ ចុះបើក្មេងជំនាន់ក្រោយមក អត់មានឈើធ្វើផ្ទះធ្វើសម្បែងសម្រាប់ការរស់នៅ។ អីចឹង យើងអ្នកនៅក្នុងព្រៃ យើងអត់មានផ្ទះនៅ​ យើងអត់ដឹងរកអីបានទេបង »។

អាជ្ញាធរខេត្តព្រះវិហារ ដោយមានអភិបាលរងខេត្ត លោក សួស សេរី ជាតំណាង បានលើកឡើងក្នុងពិធីនោះថា ​បទល្មើសព្រៃនៅខេត្តនេះគឺកើត​មានខ្លះមែន។ លោក ថាអាជ្ញាធរ និងមន្ត្រីជំនាញ ព្រមទាំងសហការជាមួយសហគមន៍ នឹងបន្តយកចិត្តបន្ថែមទៀត​ដើម្បីថែរក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃអភិរក្សមួយនេះឱ្យកាន់តែមានប្រសិទ្ធភាព​។ ​

អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្តាញស្នូលព្រៃឡង់ទាំង៤ខេត្ត លោក សេង សុខហេង មានប្រសាសន៍ថា ​រដ្ឋាភិបាលបានធ្វើកំណែទម្រង់ច្រើនលើការងារថែរក្សាធនធានព្រៃឈើ ប៉ុន្តែលោកថា មិនមានប្រសិទ្ធភាពនោះឡើយ។

លោកថា បញ្ហាពុករលួយ​ ​វប្បធម៌និទណ្ឌភាព និងវប្បធម៌អន្តរាគមន៍ ដែលការពារនិងបើកដៃឱ្យជនល្មើស ជាមូលហេតុសំខាន់ធ្វើឱ្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសមានប្រសិទ្ធភាពតិចតួចឬ គ្មានប្រសិទ្ធភាពតែម្តង។

លោកបន្តថា៖ «បើសិនបាត់បង់ព្រៃឈើ ជីវិតគាត់ប្រាកដជាជួបនឹងបញ្ហាច្រើន ព្រោះគាត់កើតមកពឹងអាស្រ័យព្រៃហ្នឹងឯង។ បានន័យថា គាត់មានដើមច្បោះទៅ គាត់ទៅដងជ័រទៅដែលគាត់ប្រាប់ណា ហើយនៅអនុផលព្រៃឈើផ្សេងទៀត។ មានជាបន្លែបង្កា ជាឱសថបុរាណ ឬជាស្អីទៀតដែលគាត់សម្រាប់យកទៅដោះដូរឬលក់អីចឹងទៅ»។

យោងតាម​​របាយការណ៍​ឃ្លាំមើល​ពី​បច្ចុប្បន្នភាព​ព្រៃ​ឡង់​លើក​ទី ៧ ដែល​បណ្ដាញ​សហគមន៍​ព្រៃឡង់កាលពីខែមករា ឆ្នាំនេះ ​បាន​ឱ្យដឹងថាចាប់​ពី​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ២០១៧ ដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ​​ឲ្យ​ដឹងថា សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើត​មាន និង​មាន​ការ​កើន​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះផងដែរ។ ប៉ុន្តែរបាយការណ៍នេះ ត្រូវបានរដ្ឋាភិបាលច្រានចោល។

​របាយការណ៍ក្រសួងកសិកម្ម បង្ហាញថា សំណុំ​រឿង​បទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់ទន្ទ្រានដីព្រៃមានការថយចុះប្រមាណ២០% នៅឆ្នាំ២០១៨ បើប្រៀបធៀបនឹងឆ្នាំ២០១៧ កន្លងមក។  

ព្រៃឡង់​ឋិត​ក្នុង​ចន្លោះ​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រក​សត្វព្រៃ​កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង៤៣​ម៉ឺន​ហិកតា (៤៣១.៦៨៣​ហិកតា) ដែល​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។

ការ​សិក្សា​របស់​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ថា USAID តាម​រយៈ​គម្រោង​គាំទ្រ​ព្រៃឈើ និង​ជីវចម្រុះ​កាល​ពី​ឆ្នាំ​២០១៥ រក​ឃើញ​ថា ប្រជា​សហគមន៍​ជាង ២​សែន ៥​ម៉ឺន​នាក់ ​រស់​នៅ​ក្នុង​ភូមិជាង៣រយ(៣៤០) ជុំវិញ​តំបន់​ព្រៃឡង់។

ពលរដ្ឋទាំងនោះភាគច្រើនជាជនជាតិភាគតិច រស់​ពឹង​អាស្រ័យ​ស្ទើរ​ទាំង​ស្រុង​លើ​អនុផល​ពី​ព្រៃឈើ ដូចជាដងជ័រទឹក បោចវល្លិ៍ រកឃ្មុំ រកផ្សិត និងបេះបន្លែបង្ការ​សម្រាប់​ជីវភាព​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ