លោក ព្រាប កុល ជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់ចូលរួមស្វែងរកដំណោះស្រាយករណី EBA

លោក ព្រាប កុល និយាយក្នុងកម្មវិធីសិក្ខាសាលាមួយ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ព្រាប កុល/ Preap Kol

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងជាអ្នកដែលសកម្មក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួម ដោយថា នេះជារឿងទាំងអស់គ្នា មិនមែនពាក់ព័ន្ធតែជាមួយក្រុមអ្នកនយោបាយនោះទេ។

លោក​ ព្រាប កុល សរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា បញ្ហា EBA ពាក់ព័ន្ធពលរដ្ឋខ្មែររាប់លាននាក់ ហើយថា អ្នកទាំងអស់គ្នាមានសិទ្ធិ និងកាតព្វកិច្ចចូលរួមស្វែងរកដំណោះស្រាយ។​

លោក ព្រាប កុល៖ «បញ្ហា EBA មិនមែនជាបញ្ហាពាក់ព័ន្ធតែជាមួយអ្នកនយោបាយប៉ុណ្ណោះទេ។ វាជាបញ្ហាដែលជះឥទ្ធពលដល់ពលរដ្ឋខ្មែររាប់លាននាក់ និងប៉ះពាល់ដល់អ្នកជំនួញ ពាណិជ្ជករ ដែលវិនិយោគនៅកម្ពុជាជាច្រើននាក់។ ដូច្នេះ យើងទាំងអស់មានសិទ្ធិ និងមានកាតព្វកិច្ចដឹងឮ ឈឺឆ្អាល និងចូលរួមស្វែងរកដំណោះស្រាយ។ យើងមិនគួរនៅស្ងៀម ហើយរង់ចាំក្លាយជាជនរងគ្រោះនោះទេ។ »

លោក ព្រាប កុល បញ្ជាក់ថា លោកផ្ទាល់បានត្រៀមខ្លួនរួចហើយសម្រាប់ការចូលរួមក្នុងនាមជាពលរដ្ឋដែលអាចក្លាយជាជនរងគ្រោះ និងក្នុងនាមជាបុគ្គលដែលមានមុខងារលើឆាកអន្តរជាតិ។​

កាលពីថ្ងៃទី១១ ខែកុម្ភៈ សហភាពអឺរ៉ុបបានសម្រេចចាប់ផ្តើមនីតិវិធីនៃដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។ នីតិវិធីនេះត្រូវការពេល១៨ខែ ហើយក្នុងចន្លោះពេលនេះ អាចលុបចោលគម្រោងព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះវិញ បើសិនជាភាគីកម្ពុជា និងអឺរ៉ុបរកឃើញចំណុចឯកភាពគ្នា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ