កម្មកររោងចក្រ W&D ជាង១០០នាក់ ត្រូវបានថៅកែបញ្ឈប់ ដោយចោទថាញុះញង់កម្មករដទៃឲ្យតវ៉ា

កម្មករជាច្រើននាក់​ដែល​បម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ផ្ទុះការតវ៉ាជាថ្មី រឿងដែលថៅកែបញ្ឈប់កម្មករមួយចំនួន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ផ្ដល់ឲ្យ

កម្មករជាង១០០នាក់​ដែល​បម្រើការងារនៅរោងចក្រ W&D ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ត្រូវបានថៅកែបញ្ឈប់ពីការងារ។

ក្នុងលិខិតលើកទី២ចុះថ្ងៃទី១៣ ខែកុម្ភៈ ថៅកែរោងចក្រ W&D ប្រកាសទទួលយកកម្មករមួយចំនួន​ឲ្យចូលបំពេញការងារវិញ ដោយទុករយៈពេល៣ថ្ងៃ។ ប៉ុន្តែ ភាគីរោងចក្រ​មិនព្រមទទួលកម្មករ១២៧នាក់នោះទេ ដោយថា ពួកគេ​ទាំងនោះ បានរាំរាង និងញុះញង់ឲ្យកម្មករផ្សេងទៀតតវ៉ាប្រឆាំងរោងចក្រ។

កម្មការិនីម្នាក់ អ្នកស្រី ជា សុខា ដែលមានឈ្មោះត្រូវបញ្ឈប់ពីការងារដែរនោះ បានច្រានចោលការចោទប្រកាន់របស់ភាគីរោងចក្រ។​ អ្នកស្រី ថាករណីក្រុមហ៊ុនប្រកាសមិនទទួលយកកម្មករមួយចំនួននោះ គឺជាការរើសអើង និងគេចវេសមិនទទួលខុសត្រូវលើសំណងរបស់កម្មករ។

កម្មការិនីរូបនេះឲ្យដឹងថា កម្មករដែលថៅកែប្រកាសមិនទទួលយកនោះ ភាគច្រើនជាកម្មករធ្វើការងារយូរឆ្នាំ និងមានវ័យចំណាស់ ដែលបានបម្រើការងារនៅរោងចក្រនេះចន្លោះ​ពី៨ទៅ១០ឆ្នាំ។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំលូកដៃចូលនៅពេលដែលអ្នកនាំបង្កើតរឿងហ្នឹងឡើង ព្រលែងកម្មករចោល។ ពេលគេហៅប្រជុំ គឺពួកគាត់បានគេចមុខបាត់អស់ហ្មង ដល់ពេលអញ្ចឹងធ្វើឲ្យពួកខ្ញុំជាកម្មករ តែលតោលអត់មានតំណាងចូលប្រជុំ ម្ល៉ោះ​ហើយក៏ពួកខ្ញុំចេញមុខនៅពេលហ្នឹងឯង។ ហើយចេញមុខហ្នឹង ពួកខ្ញុំប្រកាន់គោលការណ៍តែមួយចំណុចទេ គឺខ្ញុំសុំឲ្យខាងរោងចក្រ ប្រសិនបើគាត់មិនគិតលុយឲ្យកម្មករជាកញ្ចប់ក៏ហីទៅចុះ ប៉ុន្តែ ខ្ញុំស្នើសុំ ដោយចាប់ពីថ្ងៃទី១ខែ១នេះតទៅ ប្រសិនបើមានកម្មករណាម្នាក់ចង់ឈប់ឬសម្រាកពីការងារ គឺសុំឲ្យរោងចក្រត្រូវគិតគូរលុយអតីតភាព និងលុយអត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមច្បាប់ផង ព្រោះថា កន្លងមករោងចក្រមួយនេះ កម្មករធ្វើការ១០ឆ្នាំក៏ដោយ តែឈប់ទៅមិនដែលទទួលបានអីទេ»

បើទោះជាភាគីរោងចក្រប្រកាសទទួលយកកម្មករមួយចំនួនឲ្យចូលធ្វើការងារវិញ និងមួយចំនួនមិនព្រមទទួលយកក៏ដោយ ក្រុមកម្មកររាប់រយនាក់នៅតែបន្តកូដកម្មមុខរោងចក្រដដែល ខណៈមន្រ្តីក្រសួងការងារកោះហៅតំណាងកម្មករឲ្យទៅដោះស្រាយនៅទីស្តីការក្រសួងនៅរសៀលនេះដែរ។

កម្មករម្នាក់ទៀតដែលមានឈ្មោះក្នុងបញ្ជីត្រូវបញ្ឈប់ពីការងារដែរនោះ លោក ផាត់ សាមុត ប្រាប់ វី.អូ.ឌី ថា ក្រសួងការងារបានកោះហៅតំណាងកម្មករឲ្យចូលទៅដោះស្រាយវិវាទការងារនៅទីស្តីការក្រសួងនៅរសៀលថ្ងៃនេះ។ លោកបន្តថា ប្រសិនបើពុំមានដំណោះស្រាយទេ ក្រុមកម្មករអាចហែរញត្តិទៅដាក់តាមស្ថាប័នរដ្ឋផ្សេងៗទៀត។

លោកបន្ថែមថា៖ «តែប្រសិនជាខាងក្រសួងការងារ គេមិនដោះស្រាយឲ្យ គេមិនព្រមចរចាជាមួយកម្មករទេ ក្រុមកម្មករពួកគាត់ប្រហែលជាមានផែនការហែរញត្តិទៅក្រសួងការងារ ទៅខុទ្ទកាល័យសម្តេចនៅមុខវត្តបុទុម និងខុទ្ទកាល័យនៅតាខ្មៅ ព្រោះពួកគាត់អត់មានស្នើសុំអីច្រើនទេ គឺគាត់ស្នើសុំចូលបម្រើការងារដោយពុំមានការរើសអើងអ្នកណាម្នាក់ និងលក្ខខណ្ឌច្បាស់លាស់»

វិ.អូ.ឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេជុំវិញវិវាទការងារនៅរោងចក្រមួយនេះ។

លោក តាំង ម៉េង មេធាវីតំណាងឲ្យក្រុមហ៊ុន W&D ធ្លាប់បញ្ជាក់ប្រាប់ វី.អូ.ឌី ថា ករណីក្រុមហ៊ុនបញ្ឈប់កម្មករជាង១០០នាក់នោះ ដោយសារតែកម្មករទាំងនោះបានញុះញង់​ទៅឲ្យកម្មករតវ៉ា និងបង្កការរាំងស្ទះដល់ដំណើរការរបស់ក្រុមហ៊ុន ដែលលោកថាសកម្មភាពរារាំងនោះជាទង្វើខុសច្បាប់។

លោកបន្ថែមថា៖ «ថៅកែរោងចក្រ គាត់អនុញ្ញាតឲ្យកម្មករចូលទាំងអស់ហ្នឹង ប៉ុន្ តែគាត់លើកលែងកម្មករមួយចំនួនតូចដែលធ្វើឲ្យប៉ះពាល់ដល់រោងចក្រ។ គាត់បានបិទផ្លូវមិនឲ្យគេចូលធ្វើការហ្នឹង គឺថៅកែមិនអនុញ្ញាតឲ្យចូលទេ។ កម្មករមួយចំនួនតូចហ្នឹង គាត់មានឈ្មោះក្នុងបញ្ជីហើយ។ គាត់បានរារាំងកម្មករផ្សេងទៀតមិនឲ្យចូលធ្វើការងារ»

មន្រ្តីដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត មានប្រសាសន៍ថា ករណីក្រុមហ៊ុនប្រកាសមិនព្រមទទួលយកកម្មករមួយចំនួនចូលធ្វើការងារនោះ គឺជាការរំលោភបំពាន។ លោក បន្តថា ក្នុងកិច្ចប្រជុំជាមួយភាគីក្រសួងនៅរសៀលនេះ សហជីពរបស់លោកនឹងរាយការណ៍បញ្ហនេះទៅក្រសួង និងសុំភាគីក្រុមហ៊ុនដកពាក្យបណ្តឹងដែលបានប្តឹងកម្មករជាង២០នាក់ទៅតុលាការផងដែរ។

លោកបន្ថែមថា៖ «សកម្មភាពនេះកាន់តែរំលោភបំពាន និងដាក់សម្ពាធទៅលើបងប្អូនកម្មករ ហើយធ្វើបែបហ្នឹងជាចេតនាមិនចង់ឲ្យបងប្អូនកម្មករចូលធ្វើការ។ គាត់ចង់ចូលៗទាំងអស់គ្នា បើមានការបញ្ឈប់បែបហ្នឹង គាត់មិនសុខចិត្តទេ គាត់នៅតែបន្តតវ៉ាទាមទារទៀត។ ហើយថ្ងៃហ្នឹងម៉ោង២កន្លះ យើងនឹងជួបជាមួយភាគីក្រសួងការងារ យើងនឹងលើកឡើងមកជជែកពីបញ្ហាបញ្ឈប់កម្មករ គឺឲ្យក្រុមហ៊ុនទទួលកម្មករចូលធ្វើការងារវិញទាំងអស់ដោយឥតលក្ខខណ្ឌ និងស្នើឲ្យដកពាក្យបណ្តឹងពីតុលាការវិញ»

កាលពីចុងឆ្នាំ២០១៨ កម្មករជិត២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D បានផ្ទុះការតវ៉ាដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩ រហូតថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករជាង១ពាន់នាក់ ដោយសារមិនគោរពតាមការសម្រេចរក្សាការពាររបស់តុលាការ។ ប៉ុន្តែ ក្រោយមករោងចក្រនេះ បានប្រកាសទទួលយកកម្មករឲ្យចូលបម្រើការងារវិញ ដោយលើកលែងកម្មករមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ