ចៅអធិការវត្តប៉ាកណាម ថាកំពុងខ្វះចង្ហាន់ តែមន្រ្តីធម្មការច្រានចោលព័ត៌មាននេះ

ទិដ្ឋភាពនៅខាងក្រៅខ្លោងទ្វារវត្តវត្តបាក់ណាម។ រូបភាព៖ ហេង វិចិត្រ

ចៅអធិការវត្តមួយនៅជាប់ព្រំដែនកម្ពុជា-វៀតណាម មានសង្ឃដីកា​ថា ពេលនេះព្រះសង្ឃកំពុងខ្វះចង្ហាន់ ដោយសារនៅតំបន់នោះមិនមានពុទ្ធបរិស័ទខ្មែររស់នៅច្រើន តែ​មន្រ្តី​ធម្មការថា ការលើកឡើងនេះមិនពិតនោះទេ។

ចៅអធិការវត្តប៉ាកណាម ស្ថិតនៅក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល​ ព្រះតេជគុណ ញ៉ឺង ឡេង មានសង្ឃដីកាប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា បច្ចុប្បន្នពុទ្ធបរិស័ទខ្មែរដែលរស់នៅក្បែរវត្តមានប្រមាណជា៣គ្រួសារតែប៉ុណ្ណោះ ហើយពួកគេតែងតែដាក់ព្រះសង្ឃជារៀង​រាល់ថ្ងៃ ប៉ុន្តែចង្ហាន់នោះមិនគ្រប់គ្រាន់សម្រាប់ព្រះសង្ឃឆាន់នោះទេ។ ករណីនេះព្រះតេជគុណមានសង្ឃដីកាថា ព្រះសង្ឃដែលគង់នៅទីនោះ​ជាង១០អង្គ កំពុងជួបបញ្ហាប្រឈមនឹងការខ្វះចង្ហាន់​។

ព្រះនាមសង្ឃដែលគង់នៅវត្តវត្តប៉ាកណាម។ រូបភាព៖ ហេង វិចិត្រ

ព្រះតេជគុណមានសង្ឃដីកាថា៖ «ព្រះសង្ឃពិបាកចង្ហាន់ ញាតិញោមរកនិមន្តបុណ្យទាន អត់មានទេ។ ព្រះសង្ឃនៅក្នុងវត្តនេះ មួយឆ្នាំទៅមួយឆ្នាំ គឺអត់ដែលស្គាល់បុណ្យមួយរោងអីសោះ។ ហើយយើងចង់កសាងសមិទ្ធិ​ផលអ្វីមួយក៏ពិបាកដែរ។ ប្រសិនបើញាតិញោមអត់រវីរវល់ជាមួយវត្តមួយនេះ ច្បាស់ជាតទៅមុខទៀត ព្រះសង្ឃក៏មិនអាច​គង់នៅបានដែរ ដោយសារព្រះសង្ឃរស់នៅអាស្រ័យបច្ច័យបួន កាលណាខ្វះគ្រឿងបច្ច័យបួនទាំងអស់ហ្នឹងហើយ ទាំងយើងទាំងគេក៏នៅមិនបានដែរ​»។

ចៅអធិការវត្តរូប​នេះ បាន​សំណូមពរឲ្យ​ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដាក់វេនគ្នាជួយធ្វើបុណ្យប្រគេនចង្ហាន់ជូនព្រះសង្ឃ និងកសាងវត្តនោះឲ្យបានល្អបន្ថែមទៀត ដោយថាដើម្បីជាសសរទ្រូងរឹងមាំរបស់ជាតិ ដោយសារវត្តនេះនៅជិតព្រំដែនកម្ពុជា-វៀតណាម។

ព្រះតេជគុណ ញ៉ឺង ឡេង មានសង្ឃដីកាឲ្យដឹងផងដែរថា​ គណៈកម្មការវត្តប៉ាកណាមនឹងធ្វើបុណ្យផ្កាសាមគ្គីនៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ ដើម្បីប្រមូលបច្ច័យធ្វើសាលាឆាន់ដែលត្រូវចំណាយអស់ជាង១២ទៅ១៣ម៉ឺនដុល្លារ ក៏ដូចជាសម្រាប់​កសាងសមិទ្ធិ​ផលនានាក្នុងវត្តផង​ដែរ​។

ប្រធានការិយាល័យនៃមន្ទីរធម្មការ និងសាសនា ស្រុកកោះធំ លោក តឿង ស្រ៊ុន មានប្រសាសន៍ថា ​ចង្ហាន់នៅវត្តប៉ាកណាមមិនខ្វះនោះទេ ដោយសារមន្ទីរធម្មការបាននឹងកំពុង​សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជួយអភិវឌ្ឍក្នុងវត្តនោះផង​ដែរ។

លោកមានប្រសាសន៍ថា៖ «ឥឡូវនេះផ្លូវទៅដល់ហើយ ផ្លូវកៅស៊ូទៅដល់វត្ត ផ្លូវចូលវត្តចាក់បេតុងកម្រាស់មួយតឹកទៀត មានអ្វីដែលត្រូវខ្វះ​ខាត មិនមានអ្វីពិបាកទៀត ឥឡូវ​ខ្ញុំកំពុង​ចាប់ផ្តើមកសាងរបងវត្ត កុំឲ្យមានការពាក់ព័ន្ធទៅវៀតណាមលួចចូល[ដីខ្មែរ​]»។

ព្រះវិហារនៅវត្តប៉ាក់ណាម។ រូបភាព៖ ហេង វិចិត្រ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ