អ្នក​កាសែត​៣​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​១​យប់​ ក្រោយ​​ចុះ​​យក​​ព័ត៌មាន​​អំពី​រណ្ដៅ​ដី​​នៅ​ខេត្ត​កណ្ដាល

សមត្ថកិច្ចចុះអន្តរាគមន៍រឿងទំនាស់រវាងឈ្មួញរកស៊ីដឹកដីម្នាក់ជាមួយអ្នកកាសែត នៅស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ បណ្ដាញសង្គម

អ្នកសារព័តមានចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន១យប់ ទៅ​តាមបណ្តឹងរបស់ឈ្មួញរកស៊ីដឹកដីម្នាក់​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ។

កាតអ្នកកាសែតទាំងបីនាក់ ដែលមានទំនាស់ជាមួយឈ្មួញរកស៊ីដីម្នាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ រូបភាព៖ បណ្ដាញសង្គម

ក្នុងបណ្តឹងចុះថ្ងៃទី១២ ខែ​កុម្ភៈ លោក តាក់ ជីឡៅ ម្ចាស់រណ្តៅ និងឡានដឹកដី បានប្តឹងអ្នកកាសែត ៣នាក់មកពីស្ថាប័នផ្សេងគ្នា ទៅ​អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ឲ្យចាត់វិធានការផ្លូវច្បាប់ ដោយចោទថា អ្នកសែតទាំង ៣នាក់នោះ បានបង្ក​ការរាំងស្ទះដល់ការរកស៊ីដឹកដី និងគំរាមគំហែងយកលុយចំនួន ៥ពាន់ដុល្លារ។

លោក តាក់ ជីឡៅ បាន​រៀបរាប់​ក្នុង​បណ្ដឹង​នោះ​ថា​៖ «ជនសង្ស័យទាំងបីនាក់ បានធ្វើសកម្មភាពប្រព្រឹត្តបទល្មើល ដោយប្រើមធ្យោបាយយកឡានមកបាំងមុខផ្លូវចេញចូល បណ្តាលឲ្យមានការរាំងស្ទះផ្លូវ ហើយជនសង្ស័យក៏និយាយបង្ខិតបង្ខំ និងគំរាមកូនចៅខ្ញុំ ឲ្យប្រគល់លុយចំនួន៥០០០ដុល្លារ»

អធិការនគរបាលស្រុកអង្គស្នួល លោក មាន សំណាង ប្រាប់ វីអូឌី យ៉ាងខ្លីថា ក្រោយទទួលបានពាក្យបណ្តឹងនេះ សម្ថកិច្ចរបស់លោកបានចុះទៅឃាត់ខ្លួនជនទាំង ៣នាក់នោះភ្លាម កាលពីម្សិលមិញ ដើម្បីសួរនាំ ប៉ុន្តែ បានដោះលែងវិញហើយនៅព្រឹកថ្ងៃ​នេះ បន្ទាប់ពីសួរនាំរួច។

លោក មាន សំណាង បន្ថែមថា៖ «បាទ ខាងសមត្ថកិច្ចយើងបានឃាត់​ខ្លួនយកមកសួរ តែឥលូវដោះលែងទៅវិញអស់ហើយ។ ចង់ដឹងលម្អិតមកជួប​ខ្ញុំនៅកន្លែងមក ខ្ញុំរវល់តិច»

បើតាមបណ្តឹង អ្នកសារព័ត៌មានទាំង ៣នាក់នោះ រួមមាន​លោក អួន មិនា ជាអ្នកយកព័ត៌ឲ្យសារព័ត៌មានខេមរអង្គរ លោក ទន់ ម៉ូវ អ្នកយកព័ត៌មានឲ្យសារព័ត៌មានខ្មែរណូត និងលោក ធួក សំណាង អ្នកយកព័ត៌មានឲ្យសារព័ត៌មានកំពតដេលី។ អ្នកទាំង ៣នាក់នេះ ត្រូវបានដើមបណ្តឹងប្តឹងទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ។

វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកសារព័ត៌មានទាំង ៣នាក់បានទេជុំវិញករណី​នេះ។

បើតាមរបាយការណ៍នគរបាល​ស្រុកអង្គស្នួល អ្នកសារព័ត៌មានទាំង ៣រូប​នោះ បានច្រានចោលការចោទប្រកាន់របស់ដើមបណ្តឹង ដោយថា ពួកគេមិនបានយករថយន្តបិទផ្លូវ និងគំរាមយកលុយនោះ​ឡើយ។

អ្នកកាសែតទាំង ៣នាក់នោះ បញ្ជាក់ក្នុងរបាយការណ៍ថា ពួកគេគ្រាន់តែចូលទៅយកព័ត៌មាននៅ​កន្លែងរណ្តៅដ៏ជ្រៅមួយដែលលោក តាក់ ជីឡៅ ជីកជ្រៅហួសគោលការណ៍ ដើម្បីយកមកផ្សព្វផ្សាយតែប៉ុណ្ណោះ។

កាលចុងខែមករា​កន្លង​មក​នេះ អ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព លោក ស៊ីម ឈីវឈានពិសិដ្ឋ បានរងអំពើហិង្សាពីសមាជិកសហគមន៍ ខណៈលោកចុះទៅយកព័ត៌មានពាក់ព័ន្ធការឈូសបំផ្លាញព្រៃលិចទឹកជុំវិញបឹងពារាំងក្នុងខេត្តសៀមរាប។

កាលពីថ្ងៃទី៣ ខែ​កុម្ភៈនេះ ទីភ្នាក់ងារព័ត៌មានម្នាក់នៅកាសែតបាត់ដំបងប៉ុស្តិ៍ ត្រូវបានជនមួយក្រុមវាយសម្លាប់នៅខេត្តក្រចេះ​ អំឡុង​ពេល​វិល​ត្រឡប់ពីរាំធុងបាស់ក្នុងភូមិជាមួយមិត្តភ័ក្រ។

របាយការណ៍​របស់​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ឲ្យ​ដឹង​ថា អ្នកសារព័ត៌មាននៅកម្ពុជាយ៉ាងតិចចំនួន ១៤នាក់ ត្រូវបានគេសម្លាប់​ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកសារព័ត៌មានចំនួន ១៤នាក់​នោះ មាន ៥នាក់ជាអ្នកដែលសរសេររិះគន់បក្សកាន់អំណាច ចំណែក ៧នាក់ទៀតបានធ្វើការស៊ើបអង្កេត និងរាយការណ៍អំពីអំពើពុករលួយពាក់ព័ន្ធនឹងបុគ្គលជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងស្ថាប័នយោធា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ