ថៃឃាត់ខ្លួនពលរដ្ឋខ្មែរ១៨នាក់ពាក់ព័ន្ធករណីចូលកាប់ឈើខុសច្បាប់

អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋកម្ពុជាដែលចូលឆ្លងដែនខុសច្បាប់នៅពេលកន្លងមក។ (រូបថតៈ Prasit Tangprasert)

អាជ្ញាធរថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរ ១៨នាក់​នៅ​ថ្ងៃ​នេះ បន្ទាប់ពីពួកគេរងការចោទថា បានចូលទៅកាប់ឈើខុសនៅឧទ្យានជាតិមួយកន្លែង​ស្ថិត​ក្នុង​ខេត្ត​នគររាជសីមា។

សារព័ត៌មានថៃបាងកក ប៉ុស្ដិ៍បានចុះផ្សាយថា នៅថ្ងៃចន្ទនេះ កម្លាំងសមត្ថកិច្ចថៃក្នុងស្រុកខនបុរី ខេត្តនគររាជសីមា បានឃាត់ខ្លួនជនជាតិខ្មែរ ១៧នាក់ ដោយអះអាងថា ពួកគេបានឆ្លងដែនខុសច្បាប់ និងចូលទៅកាប់ឈើក្រញូងនៅក្នុងឧទ្យានជាតិ «ថាប់ឡាន» ដែលជាតំបន់ការពារ​ព្រៃឈើ។

សារព័ត៌មានថៃបាងកក ប៉ុស្ដិ៍ បានដកស្រង់សម្ដីអាជ្ញាធរថៃ​មកចុះផ្សាយថា ការបង្ក្រាបបទល្មើសព្រៃឈើ និងឈានទៅចាប់ខ្លួនពលរដ្ឋខ្មែរទាំង ១៧នាក់នេះ គឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចថៃ បានចាប់ខ្លួនបុរសជាជនជាតិខ្មែរម្នាក់រួចមកហើយ ដែលបានលួចចូលកាប់ឈើក្នុងតំបន់ខាងលើ កាលពីថ្ងៃសៅរិ៍កន្លងមកនេះ ហើយរឹបបានវត្ថុតាងមួយចំនួន ដូចជា រណាអារឈើមួយ កាំភ្លើងកែច្នៃមួយ និងបង្វិចដាក់អាហារចំនួន ៣៧បង្វិច។

ចំពោះករណីបង្ក្រាបចុងក្រោយនេះ កម្លាំងសមត្ថកិច្ចថៃរឹបអូសបានរណាអារឈើមួយគ្រឿង សម្ភារៈប្រើប្រាស់មួយចំនួន និងឧបករណ៍ផ្សេងទៀត។​

បើតាមសារព័ត៌មានបាងកក ប៉ុស្ដិ៍ ពលរដ្ឋខ្មែរទាំង ១៨នាក់ត្រូវបានកម្លាំងតម្រួត និងសមត្ថកិច្ចថៃឃុំខ្លួនជាបណ្ដោះអាសន្ន​នៅស្នាក់ការក្នុងឧទ្យាន «ថាប់ឡាន» ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ និងដើម្បីស្វែងរកមុខមេខ្យល់ជាជនជាតិថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ