សង្គមស៊ីវិល និងអ្នកច្បាប់​ជំរុញ​​ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល​ ជា​ជាង​បង្កើត​ក្រុម​មេធាវី​សម្រាប់​ជួយស្ត្រី​ក្រីក្រ

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា

មន្ត្រីសង្គមស៊ីវិល និងអ្នកច្បាប់ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល ជា​ជាង​បង្កើត​ក្រុម​មេធាវី​ថ្មី​សម្រាប់​ការពារ​ស្ត្រី​ក្រីក្រ​នៅ​ទូទាំង​ប្រទេស។

ការ​បង្កើត​ក្រុម​មេធាវី​ថ្មី​មួយ ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អំឡុង​ពេល​​លោក​បាន​ចូលរួម​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី។

សំណើរ​លើ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុ​ន សែន បាន​ឲ្យ​ដឹងថា ក្រុម​មេធាវី​ថ្មី​របស់​រដ្ឋាភិបាល​ត្រូវ​ដាក់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​មេធាវី​រដ្ឋាភិបាល លោក គី តិច ដើម្បី​ជួយ​ដល់​ស្ត្រី​ក្រី​ក្រ​នៅ​ទូទាំង​ប្រទេស។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែន​ ករុណា លើក​ឡើង​ថា ក្រុម​មេធាវី​ថ្មី​នេះ អាច​ជា​ផ្នែក​មួយ​ជួយ​សេវា​ផ្លូវ​ច្បាប់​ដល់​ស្ត្រី​ក្រីក្រ ដែល​ប្រឈម​នឹង​កង្វះ​ខាត​ថវិកា​សម្រាប់​ចំណាយ ប៉ុន្តែ លោក​ថា លោក​ចង់​ឃើញ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល​វិញ ដើម្បី​ឲ្យ​ទទួល​បាន​ផល​វិជ្ជមាន​លឿន​ជាង​នេះ។

លោក ស៊ឹង សែនកុរណា មានប្រសាសន៍ថា៖ «រឿង​ដែលរកយុត្តិធម៌សង្គម ដែលអាចធ្វើទៅបានល្អ គឺ​មានតួនាទីអនុវត្តច្បាប់ យើងរាប់ចាប់ពីនគរបាលយុត្តិធម៌រហូត​ទៅដល់មន្ត្រីតុលាការ តាំងពីជាន់ទាប ជាន់ខ្ពស់ ដែលជាតួនាទីតាមផ្លូវ​ច្បាប់ គេឲ្យពួកគាត់ទៅកាន់ការងារហ្នឹង ដើម្បីធ្វើកិច្ចការងារផ្នែកការពារសិទ្ធិស្ត្រី ឬសិទ្ធិមនុស្សទាំងអស់ ដើម្បីការពារយុត្តិធម៌សង្គម»

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ការបង្កើតក្រុមមេធាវីការពារក្តីជូនជនក្រីក្រជារឿងល្អ សម្រាប់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពច្បាប់ ប៉ុន្តែ មេធាវីរូបនោះស្នើទៅមេធាវីដែលកាន់រឿងក្តី ត្រូវ​ធ្វើការងារឈរលើគោលការណ៍ឯករាជ្យ និងមានក្រមសីលធម៌។

លោកមានប្រសាសន៍ថា៖ «បើសិនជារៀបចំត្រឹមត្រូវ​ ស្ថាប័ននេះ​វាអាចក្លាយទៅជាភ្នែក​ច្រមុះរដ្ឋាភិបាល ហើយប្រសិនបើស្ថាប័នឯករាជ្យ ហើយធ្វើការដោយ​យុត្តិធម៌ អាចជួយមួយចំណែកដែរ ដែលធ្វើឲ្យប្រព័ន្ធយុត្តិធម៌ វា​កាត់ក្តីដោយយុត្តិធម៌បាន​»

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក សួន វិសាល មានប្រសាសន៍ថា រដ្ឋាភិបាលជួយផ្តល់ថវិកាដល់ស្ថាប័ននេះ ៩០០លានរៀលក្នុងមួយឆ្នាំ ដើម្បីជួយដល់ជនក្រីក្រដែលមកពឹងពាក់មេធាវី​។ ប៉ុន្តែ លោកថា ថវិកានេះមិនជួយឲ្យពួកគេជួយដល់ជនក្រីក្របានគ្រប់ជ្រុងជ្រោយនោះទេ។

ទោះជាបែបនេះក្តី លោក វិសាល លើក​ឡើង​ថា បើរដ្ឋាភិបាលបង្កើតក្រុមមេធាវីជួយដល់ជនក្រីក្រផ្ទាល់កាន់តែល្អ ដោយថា គណៈមេធាវីនឹងសហការជាមួយរដ្ឋាភិបាល ដើម្បីជួយផ្តល់មេធាវី និងផ្តល់យោបល់ផ្នែកច្បាប់បន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «ទាក់ទងការជួយគាំទ្រក្នុងន័យ​លើកទឹកចិត្តឲ្យមេធាវីរបស់យើង ដែលអាច​ស្ម័គ្រចិត្តជួយសម្តេច​បាន គឺតាមសម្តេច​ចាត់ចែង។ យើង​​អាច​ជួយផ្តល់មេធាវី ជួយជ្រោមជ្រែងដល់កិច្ចការហ្នឹង ឬក៏មានយោបល់សួរដល់យើង យើងនឹងផ្តល់យោបល់​ ដើម្បីធ្វើម៉េច​ឲ្យសកម្មភាពល្អប្រសើរ ក្នុងន័យគាំទ្រ»

កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ លោក ស ខេង មានប្រសាសន៍ថា បច្ចុបន្ន​នេះ ចំនួនអ្នកជាប់ឃុំនៅពន្ធនាគារទាំងអស់មានចំនួន​ជាង ៣ម៉ឺននាក់។ ចំនួននេះ លោកថា អ្នកជាប់ឃុំប្រមាណ ២ ភាគ ៣ គឺពាក់ព័ន្ធបញ្ហាគ្រឿងញៀន ដោយថា ក្នុងនោះ មានអ្នកជាប់ឃុំយ៉ាងច្រើន មិនទាន់ជម្រះក្តីនៅឡើយ។  ​

របាយការណ៍របស់អង្គការលីកាដូ កាលពីចុងឆ្នាំ២០១៨ មានចំណងជើងថា «ពេលដែលត្រូវដោះលែងឲ្យនៅក្រៅឃុំ៖ បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់» ​ដោយ​ធ្វើការងារទៅលើពន្ធនាគារចំនួន ១៨កន្លែង​ក្នុងចំណោមពន្ធនាគារចំនួន ២៨កន្លែង នៅទូទាំងប្រទេស បាន​រក​ឃើញ​ថា ក្នុងចំណោមជនជាប់ឃុំចំនួនជាង ២ម៉ឺននាក់(២៥ ៩២៦) មានអ្នកជាប់ឃុំជា​ស្ត្រី​ចំនួនជាង ២ពាន់នាក់(២ ២៤៣) ហើយប្រហែល​ពាក់កណ្តាល​នៃស្ត្រី​ដែល​បានជាប់ឃុំទាំង​អស់​នោះ គឺមិនទាន់​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ពីបទ​ល្មើស​ជាក់លាក់​ណាមួយ​នៅ​ឡើយ​ទេ។

លីកាដូអះអាងថា ​ការឃុំខ្លួន​បណ្តោះ​អាសន្ន​​រង់​ចាំសវនាការ​ច្រើន​ហួស​ហេតុ ​​ធ្វើឲ្យស្ថានភាព​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​ស្រាប់​ កាន់តែធ្ងន់ធ្ងរ​ឡើង ​ហើយផ្តល់ផល​ប៉ះពាល់​ដល់​ជន​ងាយ​រង​គ្រោះ​មួយ​ចំនួន​ ដូចជា កុមារ​ដែល​រស់នៅ​ជាមួយម្តាយ​ក្នុងពន្ធនាគារ ឬ​ស្រ្តី​មាន​ផ្ទៃពោះ​ដែល​សម្រាល​កូន​​ក្នុងពន្ធនាគារ។

របាយការណ៍នេះ បញ្ជាក់ថា ​​​ស្ត្រីទាំងអស់ដែលជាប់ឃុំ ​មានស្ត្រី​មាន​ផ្ទៃពោះចំនួន ៣០​នាក់​ ​​និង​ស្ត្រី​​ចំនួន​ ១៣៥នាក់ កំពុង​រស់នៅជា​មួយ​កូនតូច​ដែល​មាន​អាយុក្រោម​ ៣ឆ្នាំ​ចំនួន​​ ១៣៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ