អតីតមេឃុំ CNRP ម្នាក់ត្រូវសមត្ថកិច្ចហៅទៅ​បំភ្លឺ ក្រោយលោក ហ៊ុន សែន ព្រមានកម្ចេចរចនា​សម្ព័ន្ធ​បក្សប្រឆាំង

លោក ស៊ន រដ្ឋា អតីតមេឃុំមួយ​រូប​មក​ពី​គណបក្សសង្រ្គោះជាតិ​​នៅ​ខេត្ត​កំពង់ចាម។ រូបភាព៖ ហ្វេសប៊ុក លោក ស៊ន រដ្ឋា / ត្រកួន មិនភ្លេចបឹង

អតីតមេឃុំមួយ​រូប​មក​ពី​គណបក្សសង្រ្គោះជាតិ​​នៅ​ខេត្ត​កំពង់ចាម បាន​ទទូចទៅ​អាជ្ញាធរមូលដ្ឋាន ឲ្យ​បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងប្រើរូបភាពគំរាមកំហែងដល់អតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងបន្តទៀត។

អតីតមេឃុំមេព្រីង ស្ថិត​ក្នុង​ស្រុកបាធាយ លោក ស៊ន រដ្ឋា ឱ្យដឹងថា លោកបានទៅចូលបំភ្លឺនៅប៉ុស្តិ៍រដ្ឋបាលឃុំ​នៅព្រឹកនេះ តាមការកោះហៅរបស់នគរបាល ដោយមន្ត្រីនគរបាលសាកសួរលោកអំពីករណីបំផ្លាញលូបង្ហូរទឹកដាក់ស្រែនៅចំណុចគោអើត ប៉ុន្តែ លោកថា លោក​មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។

លោក​បញ្ជាក់ថា ​ក្រោយពេលទៅពិនិត្យដល់ទីតាំង សមត្ថកិច្ច និងមន្ត្រីជំនាញស្រុក ក៏បានទទួលស្គាល់ថា ស្នាម​បែកបាក់នោះ បាន​កើត​ឡើង​យូរមកហើយ ប៉ុន្តែ លោក​ហៅ​ការ​ហៅ​ទៅ​បំភ្លឺ​នេះ​ថា ជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាង។

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំ គឺជាមុខសញ្ញាគេតែម្តង។ ខ្ញុំគិតថា អីចឹង។ ​ជាមុខសញ្ញាគេចង់បំភិតបំភ័យ ចង់ឱ្យយើងបាក់​ស្មារតីអីចឹង។ ខ្ញុំគិតថា អីចឹងច្រើន​ជាង ព្រោះ វាអត់មានហេតុផលអីត្រូវហៅខ្ញុំទៅផង ហើយក្នុងហ្នឹង វា​​ជាមុខសញ្ញាផុយស្រួយជាងគេ គឺខ្ញុំតែម្តងនៅក្នុងឃុំមេព្រីងហ្នឹង»

នាយនគរបាលប៉ុស្តិ៍ឃុំមេព្រីង លោក ប៉ែត សុផុន បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ហៅ​អតីត​មេ​ឃុំ​រូប​នេះ​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​នេះ​មែន ដោយ​ថា ធ្វើឡើងតាមបណ្តឹងរបស់អ្នកភូមិ ជុំវិញករណី​បំផ្លាញទ្វារលូបង្ហូរទឹកមួយកន្លែងនៅក្នុងឃុំ។

ប៉ុន្តែ លោក​បដិសេធ​ថា ករណីនេះ​មិនពាក់ព័ន្ធរឿងនយោបាយ ឬ​ជាការគំរាមកំហែងនោះឡើយ ហើយ​ថា ជាការបំពេញភារកិច្ចឆ្លើយតបនឹង​ពលរដ្ឋប៉ុណ្ណោះ។

លោក ប៉ែត សុផុន បន្ថែមថា៖ «ខ្ញុំគ្រាន់តែថា រកខុសរកត្រូវ ចង់ដឹងថា នរណាគេ​ដែលបានបំផ្លិចបំផ្លាញហ្នុង។ ខ្ញុំគ្រាន់តែចង់ដឹងតែប៉ុណ្ណឹងទេ​ ហើយមិនពាក់ព័ន្ធរឿងនយោបាយអីទេ»

អតីត​មេឃុំ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​ទៅ​បំភ្លឺ​បែប​នេះមួយ​សប្ដាហ៍​ក្រោយ​ការ​បែក​ធ្លាយ​សំឡេង​មួយ ដែល​ត្រូវ​បាន​គេ​គិត​ថា ជា​សំឡេង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាននិយាយអំពីគម្រោងទប់ទល់នឹងការវិលត្រឡប់ចូលស្រុក​របស់លោក សម រង្ស៊ី និង​ទប់ទល់ទៅនឹងបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសំណាក់សហភាពអឺរ៉ុប។

សំឡេងដដែលនេះ បានបញ្ជាឱ្យមន្ត្រីទាំងអស់ប្រើប្រាស់បញ្ហា​ការ​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាឱកាសដើម្បីពង្រឹងខ្លួនឯង និងដើម្បីកម្ចេចចោលក្រុមបក្សប្រឆាំងដែលនៅសេសសល់ក្នុងប្រទេសកម្ពុជាឱ្យបានឆាប់រហ័ស ដោយមិនអនុញ្ញាតឱ្យពួកនេះមានជីវិតទៀតឡើយ។

សំឡេង​បែក​ធ្លាយ៖ «គឺរឹតពួកអាប្រឆាំងដែលនៅសេសសល់ឱ្យវារលំរលាយ ព្រោះគ្មាននរណាដែលនឹងត្រូវមកប្រដៅយើងបានទៀតទេ ព្រោះអ្នកឯងបានធ្វើដាក់ខ្ញុំដូច្នេះហើយ។ ដូច្នេះ ជាឱកាសដែលយើងលត់​ពួកអានៅខាងក្នុង ផ្តាច់ខ្សែចង្វាក់របស់វាឱ្យអស់។ ឥលូវ វាកំពុងដើរប្រជុំនៅតាមហាង តាមស្អីនានាដែលខ្ញុំសុំយកឱកាសនេះ ខ្ញុំនឹងបញ្ជូនបញ្ហានេះ​សម្រាប់អភិបាលខេត្ត សម្រាប់ការណែនាំនានាទៅគ្រប់កន្លែងផងដែរ ព្រោះយើងមិនអាចឱ្យអាក្រុមនេះរស់ទេ»

មន្ត្រីអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា ការកោះហៅអតីតមេឃុំចូលបំភ្លឺ ​ជារឿងធម្មតានៅពេលមានការចោទប្រកាន់អ្វីមួយ ប៉ុន្តែ លោកថា វិធានការបែបនេះ គឺផ្តោត​ទៅលើក្រុមអតីតបក្សប្រឆាំងប៉ុណ្ណោះ។

សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ ហៅ​ការអនុវត្តច្បាប់​បែបនេះ និងមានការព្រមានកម្ចេចក្រុមបក្សប្រឆាំងផង​ថា ជាការដើរផ្ទុយទៅនឹងច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផងដែរ។

លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា៖ «យើងយល់ថា វាជារឿងមួយដែលធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងធ្ងន់ធ្ងរ ព្រោះសិទ្ធិទាំងអស់នេះ គឺត្រូវបានមានចែងនៅក្នុងច្បាប់កំពូលរបស់ប្រទេសយើងផង ក៏ដូចជាច្បាប់អន្តរជាតិដែល ប្រទេសយើងជាភាគីហត្ថលេខា នៅក្នុងអនុសញ្ញាទាំងអស់ហ្នឹងផង»

ក្រុម​សកម្មជន និង​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ​ឲ្យ​ឆ្លើយ​បំភ្លឺ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន ជុំ​វិញ​សកម្មភាព​របស់​ពួកគេ​គាំ​ទ្រ​អតីត​មេដឹកនាំ​បក្ស​មួយ​នេះ។

កាលពីចុងឆ្នាំមុន សមត្ថកិច្ចខេត្តកណ្ដាល បានកោះហៅអតីតមន្ត្រីជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ​ចំនួន​ជិត១០ នាក់ ទៅ​សាកសួរ ជុំវិញការបង្ហាញជំហររបស់​ពួកគេ​​គាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

អតីតមន្ត្រីជាប់ឆ្នោត និងសកម្មជនបក្សសង្រ្គោះជាតិ​ចំនួន ១០​នាក់ទៀត ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ កោះហៅ​កាល​ពី​ខែ​មុន ដើម្បីសាកសួរ​ជុំវិញការបង្ហោះសារនយោបាយលើបណ្តាញសង្គមគាំទ្រជំហររួមគ្នារបស់អតីតមេបក្សប្រឆាំង និងការវិលត្រឡប់របស់លោក សម រង្ស៊ី ផង។

អតីតសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក គង់ ម៉ាស់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងហាងកាហ្វេមួយនៅរាជធានីភ្នំពេញកាលពីខែមករា ជុំវិញការបង្ហោះសារនៅបណ្តាញសង្គមជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ