អ្នកជំនាញព្រមានពីហានិភ័យរបស់កម្ពុជា ក្រោយអឺរ៉ុប​និង​អាមេរិក​បន្ដជំរុញឲ្យ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស

ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ លោក ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Michael Walter Michalak ជានាយកគ្រប់គ្រងតំបន់ និង ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាស៊ាន-អាមេរិក (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រុមអ្នកជំនាញគោលនយោបាយព្រមានពីហានិភ័យសេដ្ឋកិច្ច និងទំនាក់ទំនងការទូតរបស់កម្ពុជា បន្ទាប់ពីសហគមន៍អន្ដរជាតិព្រមាន​អំពី​វិធានការ​ឆ្លើយ​តប​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។

សហភាពអឺរ៉ុបបាន​ប្រកាស​ឲ្យ​ដឹង​​​អំពី​ការ​ចាប់ផ្ដើម​នីតិវិធី​ដំណើរការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»​ សម្រាប់​ប្រទេស​កម្ពុជាកាល​ពី​សប្ដាហ៍​មុន។

ចំណែក​ឯ​សហរដ្ឋអាមេរិក​វិញ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ​បានបង្ហោះរូបរបស់អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ហើយ​រៀបរាប់​ថា លោកត្រូវបានគេចាប់ឃុំឃាំងអស់រយៈពេលជាង១ឆ្នាំ ដោយ «អយុត្តិធម៌» និងគ្មានភស្ដុតាងណាមួយសោះ។

*English below*តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ? វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។…

Posted by U.S. Embassy Phnom Penh, Cambodia on Friday, February 15, 2019

ប៉ុន្ដែ ក្រសួងយុត្ដិធម៌ និងក្រសួងការបរទេសកម្ពុជាចាត់ទុកសកម្មភាពរបស់ស្ថានទូតអាមេរិក ថា គ្មានលក្ខណៈការទូត និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Emily Zeeberg ប្រាប់ VOD តាមរយៈសារអេឡិចត្រូនិចនៅថ្ងៃអង្គារនេះថា កម្ពុជាមិនអាចមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកនោះឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជា​មិនបញ្ឈប់ការចោទប្រកាន់​ទៅ​លើ​ខ្លួន និង​លើ​លោក កឹម សុខា នោះ។

លោកស្រី Emily Zeeberg​ ប្រាប់ថា៖ «លោក កឹម សុខា ត្រូវបានគេចោទថា បានឃុបឃិតជាមួយអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលនេះមិនមានហេតុផល និងខុសឆ្គង។ ដូចច្នេះ រដ្ឋាភិបាលកម្ពុជាបានយកយើងទៅជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ។ កម្ពុជាមិនអាចមានទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាមេរិកទេ រហូតទាល់តែរឿងនេះត្រូវបានដោះស្រាយសមរម្យ និងការគោរពគ្នាទៅវិញទៅមក»។

អ្នកជំនាញគោលនយោបាយ​ និងជាសាស្ដ្រាចារ្យផ្នែកកិច្ចការការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental College សហរដ្ឋអាមេរិក លោក អ៊ា សុផល មានប្រសាសន៍ថា សហរដ្ឋមេរិក និងសហភាពអឺរ៉ុបកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា។

អ្នក​ជំនាញ​ផ្នែក​សិក្សា​គោល​នយោបាយ​អន្តរជាតិ​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រៅពីអឺរ៉ុប និងអាមេរិក អូស្ដ្រាលីក៏ទំនងជាប្រទេស​អាចចូលរួមដាក់សម្ពាធ​មកលើកម្ពុជាផងដែរ ដូចជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការទំលាយសកម្មភាពពាក់ព័ន្ធនឹងអំពើពុករលួយរបស់មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល។

លោក អៀ សុផល ព្រមានផងដែរថា កម្ពុជានឹងខាតបង់ផលប្រយោជន៍កាន់តែច្រើនទៅមហាអំណាចចិន ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនអើពើចំពោះការជំរុញរបស់ក្រុមប្រទេសលោកសេរី ហើយងាកទៅពឹងផ្អែកចិនកាន់តែខ្លាំងនោះ។

លោក ហ៊ុន សែន ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

អ្នកជំនាញផ្នែកនយោបាយ លោក ឯម សុវណ្ណារ៉ា ព្រមានថា កម្ពុជានឹងជួបហានិភ័យសេដ្ឋកិច្ច និងទំនាក់ទំនងការទូតរបស់ខ្លួន ប្រសិនបើ​សហរដ្ឋ​អាមេរិក និងសម្ព័ន្ធមិត្តរបស់​គេ​ យល់ឃើញដូចគ្នានឹងសហភាពអឺរ៉ុប ហើយដាក់សម្ពាធផ្សេងទៀត​មកលើកម្ពុជា ដូចជា អាមេរិកអាចកោះប្រជុំសន្និសីទសន្ដិភាពទីក្រុងប៉ារីសឡើងវិញ សើរើប្រព័ន្ធអនុគ្រោះពន្ធជាមួយកម្ពុជា និងអនុម័តច្បាប់បង្កកទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលជាដើម។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍ថា៖ «សហគមន៍អឺរ៉ុប គេដាក់ចំណាត់ការមុនមកលើកម្ពុជា ខ្ញុំគិតថា អាមេរិកនឹងដើរតាមក្រោយ ហើយទាំង ៤ភាគី គឺអង់គ្លេស និងជប៉ុន នឹងទៅតាមហើយ។ បើសរុប ៧ប្រទេស​ វាជិត ៧០ភាគរយ អញ្ចឹងកម្ពុជាអាចខាតច្រើនហើយ។ គេហៅហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏មានប្រទេសមួយចំនួននៅដើរតាមគាត់ដែរ ដូចកាណាដា អូស្រ្ដាលី អីហ្នឹង! សុទ្ធតែនៅក្នុងសម្ព័ន្ធភាពរបស់គាត់ហើយ»។

ក្រោយ​ពី​ការ​បោះឆ្នោត​នៅ​ចុង​ខែកក្កដា​ឆ្នាំ​មុន រដ្ឋសភាអាមេរិកបានអនុម័តច្បាប់មួយ ដែល​បាន​ស្នើដាក់ទណ្ឌកម្មប្រមុខរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំបក្សកាន់អំណាចចំនួន ១៦រូប​ផ្សេងទៀត មិនឲ្យជាន់ទឹកដីសហរដ្ឋអាមេរិក ជុំវិញអ្វីដែលអាមេរិកចោទថា បានបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

មេដឹកនាំកំពូលៗ ដែលស្ថិតក្នុងបញ្ជីដាក់ទណ្ឌកម្មនោះ រួមមាន លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង កូន ២​នាក់​ក្នុង​ចំណោម​កូន ៤​នាក់​របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងលោកស្រី ហ៊ុន ម៉ាណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ និងប្រធានកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ