វិភាគ​៖ តើ​មាន​អ្វី​​នៅពី​ក្រោយ​វិ​ធាន​ការ​វះ​កាត់​រប​ស់លោ​ក​ ហ៊ុន​ សែន​?

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក ហ៊ុន សែន)

កាល​ពី​សប្តាហ៍មុន​នេះ រដ្ឋាភិលបានបង្ហាញស្នាដៃធំៗពីរ គឺការបង្ក្រាបគ្រឿងញៀនកណ្តាលរាជធានីភ្នំពេញនៅមជ្ឈ​មណ្ឌ​លកម្សាន្ត​រ៉ក និងដក​តំណែង​​អភិបា​ល​ខេត្ត​រង​ពីរ​រូប​នៅ​ខេត្តព្រះសីហនុ ក្រោយពីមានការបង្ក្រាបអ្នក​មាន​ជ​ម្លោះ​ដីធ្លី​យ៉ាងហិង្សា។

ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា ដល់ពេលរដ្ឋាភិបាលត្រូវវះកាត់ដើម្បីអនុវត្ត​អភិក្រមទាំង៥ តាមយុទ្ធ​សាស្ត្រចតុកោណ​ដំណាក់កា​លទី៤ សម្រាប់​ការធ្វើកំណែទម្រង់ស៊ីជម្រៅនៅអាណត្តិទី៦នេះ។

ប៉ុន្តែ ជ្រុងមួយនៃចំណាត់ការដកតំណែងមន្ត្រីជាន់ខ្ពស់នៅខេត្តព្រះសីហនុ បានធ្វើឡើងក្រោយពីលោក ហ៊ុន សែន ជួបប្រជុំជាមួយ​ឧត្តម​ក្រុម​​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើង​ដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពោលគឺ​ក្រោ​យ​ការ​បោះ​​​​​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ ដែល​គ្មាន​ការ​ចូលរួម​ពី​គណបក្សសង្គ្រោះជា​តិ ដែលជាគណបក្ស​ប្រឆាំងដ៏ធំមានអ្នកគាំ​ទ្រជិត​ពា​ក់ក​ណ្តាលប្រទេស។

ភាពចម្រូងចម្រាសនេះ ជំរុញឲ្យប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានស​ហ​រដ្ឋ​​អា​មេរិក និង​សហភាព​អឺរ៉ុប ជាដើម បានប្រកាសមិនទទួលស្គាល់​ការឈ្នះឆ្នោតរបស់​លោក ហ៊ុន សែន និង​​កំ​​ពុង​ដាក់​ស​ម្ពា​​ធឲ្យស្តារប្រជាធិបតេយ្យឡើង​វិ​ញ។

សំនួរត្រង់ថា តើមានអ្វីនៅពីក្រោយវិធានការវះកាត់របស់មេដឹកនាំបក្សកាន់អំណាចនេះទេ ?

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការដែលរដ្ឋាភិបាលអះអាងថា ចាប់ផ្តើមអ​នុវត្តវិ​ធានការវះកាត់នេះ អាចជា​សញ្ញា​ព្រមាន​ទៅមន្ត្រីខិលខូចដទៃទៀត​ឲ្យ​ដឹង​ថា រដ្ឋាភិបាលចាប់ផ្តើម​ធ្វើ​កំណែ​ទម្រង់​តាម​ប្រ​ព័ន្ធ​នយោបាយ​របស់ចិនកុម្មុយនីស្ត ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​រដ្ឋាភិបាល​ឯកបក្សរបស់ខ្លួនធ្លាក់​ទៅក្នុង​ស្ថានភា​ពមួយ​ពិបា​ករ​ក​កា​រគាំទ្រពីពលរដ្ឋ។

ប៉ុន្តែ អ្នកវិភាគរូបនេះ រំឭកថា វិធានការនេះនឹងមិន​ជោគជ័យទេ បើឧក្រិដ្ឋជនគ្រឿងញៀន និងម​ន្ត្រី​ខិ​លខូច​ដែ​ល​មា​នខ្នងក្រាស់ មិន​ត្រូវ​បាន​វែក​មុខ​​នាំមកផ្តន្ទាទោសបានដូចប្រទេសចិននោះ។

អ្នកស្រាវជ្រាវពីការអភិឌ្ឍសង្គម លោកបណ្ឌិត មាស នី

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា៖ «ខ្ញុំគិតថា ថ្នាំញៀនប៉ុណ្ណេះ មិនមែនអ្នកកំប៉ិចកំប៉ុកលួចដាក់ហោប៉ាវចេញទៅបានទេ។ វា​ទាល់​តែ​អ្នក​គ្រ​ប់គ្រង​​ក្នុង​ហ្នឹង អ​នុញ្ញាតបានកើតមាន បានទៅរួច អាហ្នឹងសំខាន់។ ប៉ុន្តែ យើងក៏កំពុងតាមដានមើលដែរថា តើ​ការកំណែទម្រង់​រ​ប​​​ស់​រដ្ឋាភិបាល​​ហ្នឹង ជាការធ្វើកំណែទម្រង់ពិតប្រាកដផ្អែកទៅលើរដ្ឋធម្មនុញ្ញ ឬក៏ធ្វើតាមប្រព័ន្ធ​នយោបា​យរ​បស់ចិន»

លោក មាស នី វិភាគទៀតថា វិធានការនេះ​ក៏ជាការចង់ទាក់ទាញការចាប់អារម្មណ៍​ពីសហគមន៍​អន្តរជា​តិដែ​ល​តែង​តែរិះគន់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និងនីតិរដ្ឋ។

លោ​ក មាស នី វិភាគទៀតថា ជ្រុងមួយទៀតនៃការប្រកាសវិធានការធ្វើកំ​ណែទម្រង់រប​ស់បក្សកាន់​អំណាចនេះ ក៏​ជាស​ញ្ញាមួយមួយទៀត បង្ហាញថា បក្សកាន់អំណាច បានគិតពីការ​ត្រៀមខ្លួន​ឆ្ពោះទៅរកទីលានប្រកួតដោយ​តម្លា​ភា​ពឡើ​​ងវិញ​ ក្នុងករណីអស់លទ្ធភាពទប់ទល់​នឹង​សម្ពាធ​អន្តរជាតិនោះ។

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​បន្ត​ថា៖ «ទី២ គឺជារឿងដែលគណបក្សប្រជាជនកម្ពុជាខ្លួនឯងត្រូវតែធ្វើកំណែទម្រង់ច្បាស់លាស់​​ ហើយ​ស៊ី​ជ​ម្រៅមួយ ហើយពិតប្រាកដទៀត ដើម្បីត្រៀមលក្ខណៈ បើសិន​ជាមានការវិលត្រឡប់វិ​ញ​របស់គណ​បក្សប្រឆាំង​ក្នុង​បែប​បទ​ណា​មួយ​ អាច​មិន​មែន​ជាសង្គ្រោះជាតិ តែអាចមានឈ្មោះក្រុមហ្នឹងជាក្រុមសង្គ្រោះជាតិដដែលនោះ ខ្ញុំគិត​ថា ​គណបក្សកាន់អំណាច នឹង​ជួប​ការ​លំបាក​ខ្លាំងៗ​ទៀត​នៅ​លើ​ទីលានប្រកួតនៃការបោះឆ្នោត ប្រសិនបើ​​​ការបោះ​ឆ្នោត​​​​ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌»។

កាលពីថ្ងៃទី២៨ ខែ​កុម្ភៈ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញផ្សា​យរបាយ​ការ​ណ៍​ស្ដី​ពី ​«សន្ទស្សន៍និតីរដ្ឋស​ម្រាប់ឆ្នាំ២០១៩»​។

អង្គការឃ្លាំមើលយុត្តិធម៌ពិភពលោកមួយនេះ  បានបន្ដដាក់ចំណាត់​ថ្នាក់កម្ពុជា ជាប្រ​ទេស​មានប្រព័ន្ធ​យុត្ដិធ​ម៌ទន់​ខ្សោយបំផុត ក្នុង​ចំណោម​ប្រទេស១២៦ ពោលគឺ​កម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់លេខ១២៥ ​ល្អ​ជាង​តែ​​ប្រទេស​​វេណេ​ស៊ុ​​យ​អេឡា​​មួយ​ប៉ុណ្ណោះ។

របា​យការណ៍អង្គការអន្ដរជាតិនេះ បានផ្ដល់ពិន្ទុទាបដល់កម្ពុជាក្នុងសូចនាករមួយចំនួន ដូចជា ការទប់អំណាចរប​ស់​​រដ្ឋាភិបាល អំពើពុករលួយ តម្លាភាពរបស់រដ្ឋាភិបាល សិទ្ធិសេរីភាពមូលដ្ឋាន សណ្ដាប់ធ្នាប់ និងសន្ដិសុខ ការ​អនុ​វត្តច្បាប់ យុត្តិធម៌សង្គម និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ។

អ្នកវិ​ភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការដ​កដំណែងម​ន្ត្រីជាន់ខ្ពស់ ​នៅខេត្តព្រះសីហនុ និងបង្ក្រា​ប​គ្រឿ​ង​ញៀន​នៅ​មជ្ឈមណ្ឌលកម្សាន្ត​រ៉ក លោកវិភាគថា មិនមែនជាវិធានការវះកាត់ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅទេ ព្រោះថា មន្ត្រី​ធំ​ៗ​ដែលជាប់ពាក់ព័ន្ធ មិន​ទាន់​វែក​មុខ​នៅឡើយ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា អ្វីដែលនៅពីក្រោយ​វិធានការវះកាត់នេះ គឺចង់ទប់ស្ថានការណ៍​មួយរយៈ កុំឲ្យពលរដ្ឋ​បន្តកា​រភ្ជាក់​ផ្អើល​កាន់​តែ​​ខ្លាំង ក្រោយ​ការបែកធ្លាយនៃការចរាចរគ្រឿងញៀននៅក្នុងក្លឹបកម្សាន្ត​មួយចំនួនក្នុងរាជធានី និងកា​​រភ្ញា​​​ក់​ផ្អើល​ពី​រូបភាព​ប្រើ​ហិង្សា​លើ​អ្នក​មានជម្លោះដីធ្លីពីកងកម្លាំងរបស់រដ្ឋាភិបាល។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា៖ «ខ្ញុំមើលការវះកាត់ហ្នឹង ចង់និយាយថា បើបូសវាកើត​ វះអត់សូវចំបូស ចង់និយាយថា អាបូសតូចៗវះ​ អាបូសធំអត់វះ។ ​អ​ញ្ចឹង​ទៅ អាបូសធំ ទុកលេបថ្នាំ​បង្ក្រាប ដល់អញ្ចឹងទៅវាមិនបាត់ទេ វានឹងកើតកូនបូសតូចៗទៀត»

លោក ឯម សុវណ្ណា វិភាគទៀតថា អ្វីដែលរដ្ឋាភិបាលអះអាងថា ប្រើវិធានការវះកាត់ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅនេះ ក៏មិន​មែ​ន​ជា​ប្រព័ន្ធ​នយោបាយ​ចិនដែរ ដោយថា ប្រទេសចិន​មានទោសប្រហាជីវិត ហើយគេចាត់វិធានការមិនរើសមុខទេ ទោះ​​មន្ត្រី​​នោះធំប៉ុណ្ណាក៏ដោយ ឲ្យ​តែ​រក​ឃើញថា ជាប់ព័ន្ធនឹងបទល្មើស។

អ្នកជំនាញគោលនយោបាយ​ និងជាសាស្ដ្រាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental College សហ​រដ្ឋ​អាមេរិក លោក អៀ សុផល មើលឃើញថា វិធាន​ការវះ​កាត់ម​ន្ដ្រីខិត​ខូចអ​សក​ម្មចេញ​ពី​តំ​​ណែ​ងនេះ លោកថា គឺ​គ្រាន់​តែ​ជា​ការសម្ដែង​ឲ្យ​ពលរដ្ឋ​មើលឃើញថា រដ្ឋាភិបាល​កំពុង​ធ្វើកំណែទ​ម្រង់ស៊ីជ្រៅ​ក្នុង​​ការដឹកនាំរបស់ខ្លួន។

ប៉ុន្ដែ អ្នកជំនាញគោលនយោបាយរូបនេះ រំឭកថា កំណែទម្រង់ពិតប្រាកដ គឺត្រូវធ្វើឡើងចា​ប់ពីមន្ដ្រីជាន់ខ្ព​ស់រដ្ឋាភិបាល​ផងដែរ បើរក​ឃើញ​ថា ពួក​គេ​បានប្រព្រឹត្តកំហុស មិនមែនចាប់ផ្ដើមចំពោះមន្ដ្រីថ្នាក់ទាបនោះទេ។

លោក អៀ សុផល វិភាគទៀតថា វិធានការនេះ រដ្ឋាភិបាលក៏កំពុងអូសទាញពលរដ្ឋឲ្យភ្លេច​ពីការបោះឆ្នោ​តដ៏​ច​ម្រូ​ងច​ម្រាស់ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាក​មកចាប់​អារម្ម​ណ៍ថា គណ​​បក្ស​​ដែលបានជាប់ឆ្នោតជារដ្ឋាភិបាលស្របច្បាប់ ហើយកំពុងធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅមួយ សម្រាប់ឆ្លើ​​យ​តប​ទៅ​នឹងកង្វល់​របស់ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ