លោក ប្រាក់ សុខុន ថាអឺរ៉ុបគួរបន្ទោសលោក សម រង្ស៊ី ករណី​​អ្នកសុំសិទ្ធិធ្វើនយោបាយមានតិច

លោក ប្រាក់ សុខុន (ឆ្វេង) និងលោក សម រង្ស៊ី (ស្ដាំ)

ប្រមុខការទូតកម្ពុជាសំដែងការខកចិត្តចំពោះការព្រមានទណ្ឌកម្មរបស់អន្ដរជាតិមកលើកម្ពុជា និងទម្លាក់កំហុសនេះទៅលើលោក សម រង្ស៊ី ដែលហាមមន្ដ្រីបក្សប្រឆាំងមិនឲ្យទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

ថ្លែងក្នុងពិធីមួយនៅថ្ងៃនេះ រដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក​ ប្រាក់ សុខុន រំលឹកថា ក្នុងជំនួបមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៥ ខែកុម្ភៈ កម្ពុជាបានព្យាយាមពន្យល់ទៅគណៈកម្មាការអឺរ៉ុបទទួលកិច្ចការពាណិជ្ជកម្ម លោកស្រី Cecilia Malmström អំពីកិច្ចខិតខំរបស់រដ្ឋាភិបាល ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការកែច្បាប់បើកផ្លូវឲ្យអ្នកជាប់បំរាមរបស់តុលាការ អាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ  ដែលនេះគឺជាការឆ្លើយតបនឹងជំហររបស់អឺរ៉ុប ពាក់ព័ន្ធការព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

លោក ប្រាក់ សុខុន ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ ដែលរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

បើតាមលោក​ ប្រាក់ សុខុន ក្នុងជំនួបកាលពីចុងខែមុន លោកស្រី Cecilia Malmström បានលើកឡើងនូវក្ដីកង្វល់ពាក់ព័ន្ធគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់អ្នកនយោបាយបក្សប្រឆាំង ១១៨រូប និងការតម្រូវឲ្យពួកគេធ្វើលិខិតស្នើសុំ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។  ប៉ុន្ដែ លោក​ ប្រាក់ សុខុន ឆ្លើយតបថា ការដាក់លិខិតសុំសិទ្ធិនេះ គឺគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ និងថា អឺរ៉ុបគួរស្ដីបន្ទោសទៅលើលោក សម រង្ស៊ី ដែលបានផ្ញើរសារគំរាមមិនឲ្យអ្នកជាប់បំរាមរបស់តុលាការ ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

លោក​ ប្រាក់ សុខុន ថ្លែងថា៖ «លោកស្រី Malmström សួរយើងថា អ្នកឯងធ្វើច្បាប់ឲ្យគេទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយ អ្នកឯងចាំបាច់ឲ្យគេធ្វើលិខិតធ្វើអី ជាលិខិតដែលបង្គ្រប់កិច្ចតែប៉ុណ្ណឹងទេ […]ហើយមកបន្ទោសយើងធ្វើអី មិនបន្ទោសលោក សម រង្ស៊ី ដែលគំរាមចាត់ទុកអ្នកទាំងឡាយណាដែលទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ជាមនុស្សក្បត់ មិនទៅប្រាប់គាត់ កុំឲ្យគាត់បានមាត់ពេក។ បើគាត់ទៅគំរាមហាមឃាត់គេអញ្ចឹងហើយ បើសិនអត់គំរាម មនុស្សគេមកសុំសិទ្ធិនយោបាយឡើងវិញម៉ាកូគោកហើយ»។

ក្នុងពិធីនៅថ្ងៃនេះផងដែរ លោក ប្រាក់ សុខុន ហៅការព្រមានដាក់ទណ្ឌកម្មរបស់អឺរ៉ុបមកលើកម្ពុជា ថា ធ្វើឡើងយ៉ាង «កំរោល» និងមានស្ដង់ដារពីរលម្អៀងទៅរកប្រទេសមួយចំនួន ដែលលោកថា មានស្ថានភាពប្រជាធិបតេយ្យអន់ថយជាងកម្ពុជាទៅទៀត។

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ទាត់ចោលការលើកឡើងរបស់ប្រមុខការទូតកម្ពុជារូបនេះ ដោយថា ការបើកផ្លូវរបស់រដ្ឋាភិបាលគឺមិនអាចឲ្យមន្ដ្រីអតីតបក្សប្រឆាំងជាប់បំរាមទាំងនោះអាចទទួលយកបាននោះទេ។ លោក បន្តថា​ ដោយសារប្រធានរបស់ពួកគេគឺលោក កឹម សុខា មិនទាន់មានសេរីភាពពេញលេញ ដើម្បីធ្វើសេចក្ដីសម្រេចចិត្តបង្ហាញជំហររួមសម្រាប់អតីតបក្សប្រឆាំងមួយនេះ។

លោក មាជ សុវណ្ណារ៉ា ក្រោយចេញពីពន្ធនាគារ(រូបFB Meach Sovannara)

លោកបន្ដថា៖ «ជុំវិញបញ្ហាថាវាជាការរាំងស្ទះដោយប្រធាន សម រង្ស៊ី ខ្ញុំថា វាមិនមែនជារឿងចោទទេ សំខាន់នៅលើថាតើការឯកភាពផ្ទៃក្នុងរបស់ក្រុមអ្នកត្រូវបានគេរឹតត្បឹតឈប់ធ្វើនយោបាយហ្នឹងនឹងយល់យ៉ាងម៉េចពីខ្លួន។គាត់រៀងៗខ្លួននៃ១១០នាក់ជាង ក៏ដូចជាការពិគ្រោះយោបល់ពីលោកប្រធាន កឹម សុខា គឺថាបើយើងចាប់មេមាន់ក្រុង ហើយប្រលែងមេមាន់ គ្នាកំព្រាញ័រញាក់ដើម្បីទៅធ្វើអីនៅពេលខាងមុខ»។    

អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីខែធ្នូឆ្នាំមុន ដោយហាមប្រាមមិនឲ្យមន្ដ្រីអតីតបក្សប្រឆាំងទាំង១១៨រូបទៅសុំសិទ្ធិធ្វើនយោបាយនោះឡើយ ដោយលោកចាត់ទុកថា ច្បាប់នេះជាល្បិចបំបែកបំបាក់របស់បក្សកាន់អំណាច។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សហភាពអឺរ៉ុបមិនបានស្ដាប់តាមការជម្រុញរបស់លោក សម រង្ស៊ី នោះទេ ប៉ុន្ដែ គឺមកពីរដ្ឋាភិបាលខ្លួនឯងដែលបានដើរផ្ទុយពីអ្វីដែលអន្ដរជាតិចង់បាន។  

លោកវិភាគទៀតថា ច្បាប់បើកផ្លូវឲ្យអតីតបក្សប្រឆាំងចូលធ្វើនយោបាយដោយភ្ជាប់នូវលក្ខខណ្ឌបែបនេះបានបង្កប់នូវយុទ្ធសាស្ដ្របន្សាបឥទ្ធិពលគណបក្សប្រឆាំង ប៉ុន្ដែ លោកថា យុទ្ធសាស្ដ្រនេះមិនមានប្រសិទ្ធិភាពនោះទេ ដោយថា វាបានដើរក្រោយលោក សម រង្ស៊ី មួយជំហាន។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោកបន្ដថា៖ «អឺរ៉ុបគេមិនមែនស្ដាប់អតីតមេគណបក្សប្រឆាំង លោក សម រង្ស៊ី ទេ គឺអឺរ៉ុបគេគិតពីបរិបទនយោបាយ បរិយាកាសសិទ្ធិមនុស្ស ប្រជាធិបតេយ្យទេ […] យុទ្ធសាស្ដ្រដែលគណបក្សកាន់អំណាចវិសោធនកម្មមាត្រា៤៥ថ្មីស្ទួននោះ ហើយវាមិនអាចឆ្លើយតបនឹងតម្រូវការរបស់សហគមន៍អឺរ៉ុបទេ។ ខ្ញុំគិតថា វិសោធនកម្មច្បាប់ហ្នឹងហាក់ដូចជាអត់សូវមានប្រសិទ្ធិភាព ពីព្រោះយើងធ្វើមិនមែនព្រួញមួយបាញ់បានសត្វ២ ចង់បានសត្វ៣ទៅទៀតនុះ»។

ប៉ុន្ដែ ក្នុងពិធីមួយកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានព្រមានបិទផ្លូវចរចាជាមួយអតីតបក្សប្រឆាំង និងបិទទ្វារលែងទទួលសំណើសុំសិទ្ធិធ្វើនយោបាយតទៅទៀតនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ការព្រមានរបស់លោក ហ៊ុន សែន នេះ គឺបន្ទាប់ពីមានមនុស្ស៣នាក់ប៉ុណ្ណោះ បានចេញទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺលោក គង់ គាំ កូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា និង​សមាជិក​គណៈ​កម្មាការនាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីម សុវណ្ណនី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ