វិភាគ​៖​ តើ​ការ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ឆ្លុះ​បញ្ចាំង​ពី​អ្វី​?​

លោក កឹម សុខា លោក ហ៊ុន សែន និងលោក សម រង្ស៊ី

បើ​គិត​ត្រឹម​ថ្ងៃ​ទី៣ ខែ​មីនា​កន្លង​មក​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​ឃុំ​ខ្លួន​អស់​រយៈ​ពេល ១៨​ខែ​រួច​មក​ហើយបូក​រួម​ទាំង​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ ក្រសួង​យុត្តិធម៌​បាន​បក​ស្រាយ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​រួច​ហើយ ប៉ុន្តែ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នៅ​ក្នុង​ផ្ទះ​របស់​លោក។

ទោះជាយ៉ាងណា ស្ថានទូតអាមេរិកប្រចាំកម្ពុជាវិញ បាននិយាយចំៗលើបណ្តាញសង្គមរបស់ខ្លួនថា លោក កឹម សុខា «គា​​ត់​​ជា​ម​នុ​ស្សស្អា​តស្អំ​ ដែលត្រូ​វបាន​ឃុំខ្លួ​នដោ​យអយុត្តិធម៌ក្រោ​មកា​រចោ​ទប្រ​កាន់មិនពិត»​។

*English below*តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ? វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។…

Posted by U.S. Embassy Phnom Penh, Cambodia on Friday, February 15, 2019

លោក កឹម សុខា ជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្លាប់ចុះពន្យល់ពលរដ្ឋតាមមូលដ្ឋាន​ឲ្យយល់​ដឹង​ពី​​ល​ទ្ធិ​ប្រ​ជាធិបតេយ្យ និង​​បាន​រិះគន់រដ្ឋាភិបាលឥតសំចៃមាត់​ពីការរំ​លោភ​សិទ្ធិ​ម​នុស្ស។

ប៉ុន្តែ ក្រោយពីលោកហក់ចូលធ្វើនយោបាយ ហើយធ្វើជាមេដឹ​កនាំគ​ណក្ស​ប្រឆាំងផងនោះ លោក កឹម សុខា ត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន។

មកដល់ពេលនេះ អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានឃុំខ្លួនទាំងក្នុងពន្ធនាគារ និងនៅក្នុងផ្ទះអស់ជាង ១​៨​ខែ​រួចមកហើយ ក្រោយ​ពី​ការ​ដឹកនាំ​របស់លោក ធ្វើឲ្យគណបក្សប្រឆាំងបានហក់ឡើង​ប្រជាប្រិយភាពជាប​ន្តបន្ទា​ប់​ទាំង​នៅក្នុងរដ្ឋសភា និងនៅថ្នាក់ឃុំ-សង្កាត់។

ងាកមកមើលអត្ថប្រយោជន៍វិញ សហរដ្ឋអាមេរិកក្រៅពីផ្តល់ជំនួយផ្នែកអភិវឌ្ឍ និងសេវាសុខភាពសាធារណៈ ប្រ​ទេ​ស​មហាអំ​ណាច​សេដ្ឋកិច្ច​របស់លោក​សេ​រីមួយនេះ ក៏ជាផ្សារធំទី២ បន្ទាប់ពីសហភាពអឺរ៉ុប ដែលកម្ពុ​ជានាំផ​លិ​​តផ​​ល​កាត់ដេរទៅលក់នៅទីនោះ តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ដែរ។

ការចាប់ឃុំខ្លួនលោក កឹម សុខា នេះ ក៏ជាហេតុផលចំបងមួយក្នុងចំណោមលក្ខខណ្ឌច្រើនទៀត ដែលស​ហភាព​អឺរ៉ុបកំពុង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ឲ្យដោះលែង ជាថ្នូរទៅនឹងរក្សាទុកប្រព័ន្ធអនុគ្រោះ​ពន្ធអ្វីៗគ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ ឬហៅកាត់ថា EBA។

ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក និង EBA របស់សហភាពអឺរ៉ុប កម្ពុ​ជាចំ​ណេញ​បានប្រាក់ប្រ​ហែល​​ជា ​១​ពាន់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំៗ​ពីការមិនបង់ពន្ធ។

ភាពចម្រូងចម្រាស់នៃជម្លោះនយោបាយនៅកម្ពុជានេះ ជំរុញឲ្យសហភាពអឺរ៉ុប ដំណើរការព្យួរប្រព័ន្ធ​អនុ​គ្រោះ​ព​ន្ធ ​EBA តែអឺរ៉ុប ទុក​ពេល ១៨​ខែ​ទៀត សម្រាប់បន្តឃ្លាំមើលពីការវិវឌ្ឍនយោបាយ​ រួមទាំងដោះលែងលោក កឹម សុខា។

ប៉ុន្តែ មកដល់ពេលនេះ ស្ថានការណ៍នយោបាយហាក់​មិនទាន់ឆ្លើយតប​ទៅនឹងការជំរុ​ញរប​ស់មហា​អំណាច​លោក​សេរីនៅឡើយទេ។

សំនួរ​ត្រង់​ថា តើការបន្តឃុំខ្លួនលោក កឹម សុខា ឆ្លុះបញ្ចាំងពីអ្វី?

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា វិភាគថា ករណីមិនទាន់ដោះលែងលោក កឹម​ សុខា អាចថា រដ្ឋា​ភិបា​លមិ​ន​បាន​ត្រៀម​ខ្លួន​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបទេ ដោយថា លក្ខ​ខ​​​ណ្ឌ​ដែលទាម​ទារឲ្យ​​បោះ​ឆ្នោតឡើ​ងវិញ ហើយមាន​គ​ណប​ក្សប្រ​ឆាំង​ចូលរួម អាចជា​គ្រោះថ្នា​ក់ដ​ល់​យន្ត​ការផ្ទេរអំណាច​ បើបក្សប្រ​ជា​ជនចា​ញ់កា​របោះ​ឆ្នោត។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោកថា៖ «គណបក្សកាន់អំណាចចង់រក្សាអំណាចទុកឲ្យអ្នកជំនាន់ក្រោយហ្នឹងច្រើនជាង ការប្រ​ឈមនឹង​ការបាត់​បង់ EBA។ អញ្ចឹង ហើយ​ការ​រក្សា​ទុក EBAហ្នឹង វាប្រឈមនឹងការបាត់បង់អំណាច​ច្រើនជាង។ ​អញ្ចឹង​ហើយ​ធ្វើឲ្យ​កាន់​អំ​ណា​​​ចមិនរក្សាទុក EBA ទេ»

លោក ​ឯម សុវ​ណ្ណារ៉ា វិភាគទៀតថា ការបន្តឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះនេះ ក៏ជាយុទ្ធសាស្ត្រនយោបាយ​របស់បក្សកាន់អំណាច រុញ​បក្ស​ប្រឆាំង​​ឲ្យបែកបា​ក់ផ្ទៃក្នុងកា​ន់តែខ្លាំងរ​ហូត​គ្មានលទ្ធភា​ពទៅប្រកួតការបោះ​ឆ្នោ​​តនៅ​​​ពេលខាងមុខក៏ថាបានដែរ។​

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ជ្រុងមួយទៀត ការមិនទាន់ដោះលែងលោក កឹម សុខា អាចថា បក្ស​កាន់អំ​ណាចកំពុងជួបបញ្ហាប្រឈមធំៗពីរ។ បញ្ហាទី១ លោកថា បើកាត់ទោសមេបក្សប្រឆាំងពីទោសក្បត់ជាតិ កម្ពុ​ជា​នឹង​មា​ន​ជម្លោះការទូតជាក្រុមប្រទេសលោកសេរី ដោយថា កន្លងទៅរដ្ឋាភិបាល​ចោទ​អាមេរិក​ថា ជាអ្ន​កនៅ​​ពី​​ក្រោយ​​លោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាល។

បញ្ហា​ប្រឈមទី២ អ្នកវិភាគរូបនេះ វិភាគថា បើដោះលែង លោក កឹម សុខា  ឲ្យធ្វើន​យោ​បាយឡើងវិញពេលនេះ បក្ស​កាន់អំណា​ច​ទំនង​ជា​បារម្ភ​ពី​ការដណ្តើមជ័យជម្នះ​លើដៃគូប្រកួត បើមានការរៀបចំការបោះឆ្នោតឡើងវិញ ដោ​យសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ។

ប៉ុន្តែ​ លោកបារម្ភថា ជម្រើសនយោបាយពេ​លនេះ ហាក់​កំពុង​ជំរុញ​កម្ពុជាឲ្យ​​ជួ​ប​វិបត្តិធ្ងន់ធ្ងរនៅថ្ងៃអនាគតបើ​គ្មា​ន​​អ្វី​​ប្រែ​ប្រួល។

លោកថា៖ «ខ្ញុំគិតថា នៅពេលដែលកម្ពុជាឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ខ្ញុំគិតថា លោក​ខាង​លិច​គេមិ​ននៅស្ងៀមទេ គេ​នឹង​ជំរុញចលនាប្រជាធិបតេយ្យហ្នឹ​ងកាន់តែកក្រើនថែមទៀត​។ ​អញ្ចឹង ​ចរន្តស​ង្គមកាន់តែផុ​យ​ស្រួ​​យ​ និងប្រះស្រាប់ថែមទៀត»

​​​​អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការបន្តឃុំខ្លួនលោក កឹម សុខា បង្ហាញពី​ការ​បន្ត​ធ្លាក់ចុះនៃប្រព័ន្ធយុត្តិធម៌ បើ​ប្រៀប​ធៀប​ទៅនឹងបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួនទៀត។

លោកបណ្ឌិត ឡៅ ម៉ុងហៃ

លោកថា៖ «ព្រោះនៅក្នុងច្បា​ប់អន្តរជាតិស្តីពី​សិទ្ធិមនុស្ស គេថា ជនជាប់ចោទ​ហ្នឹងត្រូវកាត់ទោសឲ្យ​ឆាប់រហ័ស​។ ​ដូច្នេះ [ការឃុំខ្លួនលោក កឹម សុខា] ១៨ខែហ្នឹង វាយូ​ណាស់ទៅហើ​យ។ អាហ្នឹង គេ​កំណត់អ​ញ្ចឹង។ ដូ​ច្នេះ បើអ​ត់មាន​ការកា​ត់ទោសក្នុងរយៈពេល ១៨ខែនេះទេ មាន​ន័យ​ថា គេ​អត់មានទោសទេ ត្រូវដោះលែងគេ ឲ្យក្លាយជាមនុស្សសេរី អត់​​​​មានការចោទប្រកាន់អីទៀតទេ»។

លោក ឡៅ ម៉ុងហៃ រំឭកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធ្លាប់ផ្តល់មេរៀនទៅដល់មេដឹកនាំមួយចំនួនរួមហើយ ពី​ការព្រងើយ​កន្តើយ​លើ​ការ​ជំរុញ​ឲ្យគោរសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ ដែលថា ប្រទេសទាំងនោះទទួ​ល​រ​ង​នូវ​ការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងវិធានការមួយចំនួនទៀត។ លោក​វិភាគថា បញ្ហាកម្ពុជាទំនងជាដូចគ្នាដែរ បើ​ស្ថាន​ភាព​សិទ្ធិម​នុស្ស និងប្រជាធិបតេយ្យមិនត្រូវបានស្តារឡើងវិញនោះ។

លោកថា៖ «សហគមន៍អឺរ៉ុបដែលបូកសរុបទៅ [មានសមាជិក២៨ប្រទេស] ជាមហាអំណាចមួយដែរ ជាពិ​សេសអាមេរិកហ្នឹងឯង បើតាម​ខ្ញុំ​ដឹង​ពី​វប្បធម៌របស់ប្រទេសទាំងនោះ គេមិនដែលទៅទាម​ទារអ្វីដែលធ្វើមិ​នបា​នហើ​យ​ចោលនោះទេ»។

អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) កាលពីខែមុន បានចេញផ្សា​យរបាយ​ការ​ណ៍​ស្ដី​ពី​«សន្ទស្សន៍និតិរដ្ឋស​ម្រាប់​ឆ្នាំ​២០១៩»​។

អង្គការឃ្លាំមើលយុត្តិធម៌ពិភពលោកមួយនេះ  បានបន្ដដាក់ចំណាត់​ថ្នាក់កម្ពុជា ជាប្រ​ទេស​មានប្រព័ន្ធ​យុត្ដិធ​ម៌ទន់​ខ្សោយបំផុត ក្នុង​ចំណោម​ប្រទេស​១២៦​។ បើតតាមចំណាត់ថ្នាក់កម្ពុជានៅលេខរៀង១២៥ ​ល្អ​ជាង​​ប្រទេស​​វេណេ​ស៊ុ​​យ​អេឡា​​តែមួយ​ប៉ុ​ណ្ណោះ។

របា​​យការណ៍ផ្ដល់ពិន្ទុផ្អែកលើតម្លាភាពរបស់​​រដ្ឋាភិបាល អំពើពុករលួយ សិទ្ធិមូល​ដ្ឋា​ន​ ការ​អនុ​វត្តច្បាប់ យុត្តិ​ធម៌​​​​សង្គម និង​យុត្តិធម៌​ផ្នែក​ព្រហ្ម​ទណ្ឌ។

ជ្រុងមួយទៀតនៃបញ្ហាសង្គមដែលអ្នកវិភាគមើលឃើញនោះ គឺថា ការបន្តឃុំខ្លួនលោក កឹម សុខា ក្រោម​សំ​ឡេ​ង​រិះ​គន់របស់សហគមន៍​អន្តរជាតិ​​​នេះ ជារបត់នយោបាយថ្មីនាសម័យទំនើប នាំកម្ពុជាទៅរកវិបត្តិ​សង្គ​មធ្ង​​ន់ដូ​ច​ពី​អ​តី​ត​កាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ