​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​ចំពោះ​ពលរដ្ឋ​ទន្ទ្រាន​យក​ដី​អនាធិបតេយ្យ​​ក្នុង​ខេត្ត​នេះ​

អាជ្ញាធរខេត្ត ចុះផ្សព្វផ្សាយច្បាប់ជូនប្រជាពលរដ្ឋ ដែលកំពុងបោះ បង្គោល និងសង់ខ្ទមយកដីរដ្ឋ និងដីឯកជនធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ ចាប់ពីព្រឹកថ្ងៃទី១២ រហូតដល់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

អាជ្ញាធរខេត្ត​ព្រះសីហនុបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្យល់ និងក្រុមពលរដ្ឋ ដែលកំពុងដើរចាប់យកដីធ្លី «អនា​ធិបតេយ្យ» នៅក្នុងខេត្តជាប់សមុទ្រមួយនេះ។

រដ្ឋបាលខេត្តព្រះសីហនុបានចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីដើមសប្តាហ៍នេះថា មួយរយៈចុងក្រោយនេះ​ មានពលរដ្ឋមកពីតំបន់ និងខេត្តផ្សេង បានទៅទន្ទ្រាន​យក​ដី​កម្មសិទ្ធិ​របស់​អ្នកដទៃ និង​ដី​រដ្ឋស្ថិតក្នុងភូមិគគីរ ឃុំបិទត្រាំង ធ្វើជាកម្មកសិទ្ធិខ្លួនយ៉ាងអនាធិបតេយ្យ។

អាជ្ញាធរខេត្តព្រះសីហនុ បញ្ជាក់ថា តាមការស្រាវជ្រាវ ក្រុមពលរដ្ឋដែលចូលទៅទន្ទ្រានយកដីខុសច្បាប់នោះ គឺមានមេខ្យល់នៅពីក្រោយ ហើយជាអ្នកអូសទាញឲ្យពលរដ្ឋធ្វើបែបនេះ ដើម្បីបង្កបញ្ហាដល់អាជ្ញាធរ។

អាជ្ញាធរខេត្តទេសចរណ៍មួយនេះ ឲ្យដឹង​ទៀត​ថា ខ្លួនបានបញ្ជាទៅសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវស៊ើបអង្កេត​រកមុខសញ្ញាមេ​ខ្លោង​ទាំងនោះហើយ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយខានតែបាន។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱក សារឿន បញ្ជាក់បន្ថែមថា យន្តការដំបូងនេះ គឺអាជ្ញាធរបានចុះផ្សាយឲ្យពលរដ្ឋទាំងនោះបញ្ឈប់សកម្មភាព និងពន្យល់ពលរដ្ឋឲ្យយល់ពីអំពីផ្លូវច្បាប់។

លោកបន្ថែមថា៖ «អាជ្ញាធរខេត្តបានដាក់ចេញគោលការណ៍ឲ្យខាងគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ ដើម្បីចុះធ្វើការពន្យល់អប់រំណែនាំ ក៏ដូចជាជូនដំណឹងផ្សព្វផ្សាយដល់ពួកគាត់ ដោយពួកគាត់មិនអាចដើរធ្វើអនាធិបតេយ្យបែបហ្នឹងបានទេ។ ការផ្សព្វផ្សាយហ្នឹង គឺជំរុញឲ្យ​ពួកគាត់អនុវត្តដោយយកច្បាប់ជាគោល។ ក្នុងករណីមិនគោរពច្បាប់ យើងមានតែយកវិធានការច្បាប់​មកអនុវត្តហើយ»

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជាប សុធារី មានប្រសាសន៍ថា ប្រសិន​មានករណីពលរដ្ឋចូលទៅទន្ទ្រានយកដីខុសច្បាប់មែន អាជ្ញាធរគួរតែប្រញាប់ទប់ស្កាត់ភ្លាមៗ ដើម្បីជៀសវាងបណ្តោយឲ្យពលរដ្ឋទាំងនោះចូលទៅកាន់កាប់រយៈពេលយូរ ហើយបង្កបង្កើនផលដែលធ្វើឲ្យពិបាកក្នុងការដោះស្រាយ។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះ ឲ្យដឹងថា ពលរដ្ឋ​កាន់​តែ​ច្រើន​បាន​ចូល​ទៅ​ចាប់​យក​ដី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​បង្ក​ឲ្យ​មាន​ជម្លោះ​ដី​ធ្លី​ជា​ហូរហែរ បន្ទាប់​ពី​តម្លៃ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ជាប់​មាត់​ឆ្នេរ​សមុទ្រ​មួយ​នេះបាន​ហក់​ឡើង​ខ្ពស់។

លោកស្រីបន្ថែមថា៖ «បើសិនជារឿងហ្នឹងជាការពិត មានប្រជាពលរដ្ឋមកពីតំបន់ផ្សេងខេត្តផ្សេងចូលមកចាប់ដី ឬធ្វើការវាស់វែង ឬលក់ដីទៅឲ្យពលរដ្ឋផ្សេងទៀតហ្នឹង អាជ្ញាធរគួរតែមានវិធានការទៅលើបុគ្គលដែលបានប្រព្រឹត្តបទល្មើសនោះ។ ហើយខ្ញុំក៏សូមអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រះសីហនុ ឬអ្នកមកខេត្តផ្សេងៗ បើបងប្អូនចង់ទិញដីធ្លីក្នុងខេត្តព្រះសីហនុមេត្តាទំនាក់ទំនងជាមួយអាជា្ញធរមូលដ្ឋានឲ្យបានច្បាស់លាស់ បើពុំមានការទំនាក់ទំនងទេបងប្អូនប្រាកដជាចាញ់បោកជនខិលខូចទាំងអស់ហ្នឹងហើយ»

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១ ខែមីនា រដ្ឋបាលខេត្តព្រះសីហនុបានប្រាប់ទៅប្រជាពលរដ្ឋដែលចូលទន្ទ្រានយកដីខុសច្បាប់ត្រូវបញ្ឈប់សកម្មភាពចូលទៅរំលោភបំពានលើដីកម្មសិទ្ធិអ្នកដទៃ ហើយរដ្ឋបាលខេត្តមួយនេះ បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះមេក្លោង និងអ្នកនៅពីក្រោយនៃការចូលកាន់កាប់ដីខុសច្បាប់នោះផងដែរ។

​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍តាមតេឡេក្រាមថា បញ្ហាទំនាស់ដីធ្លីនៅតែបន្ត​រ៉ាំរ៉ៃ និងរីករាលដាលកាន់តែធំដោះស្រាយមិនចេះចប់ ដោយសារមានមេខ្យល់នៅពីក្រោយ ចេះតែដើរបំផុសបំផុល និងញុះញង់ឲ្យពលរដ្ឋក្រីក្រទៅចាប់យកដីដោយសំអាងថា ឈ្នះបានដីចាញ់បានលុយ។

លោក សុខ ឥសាន បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ចប់បញ្ហានេះ រដ្ឋាភិបាលត្រូវតែហ៊ានវះកាត់កម្ចាត់មេខ្យល់នោះចោល ហើយថា ការវះកាត់មេខ្យល់ដែលនាំពលរដ្ឋទន្រ្ទានយកដីរដ្ឋ និងដីឯកជននានានោះ មិនជាប់ពាក់ព័ន្ធសីលធម៌ និងសិទ្ធិមនុស្ស​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា​កន្លង​មក ​ពលរដ្ឋ២នាក់ បានរងរបួស ក្នុង​នោះ​បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ បន្ទាប់​ពី​រង​គ្រាប់​កាំភ្លើង​​បាញ់​ចំ​ឆ្អឹង​ខ្នង ខណៈ​ពលរដ្ឋ ៤​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុងហេតុ​ការ​ណ៍បង្ក្រាប​ដ៏​ហិង្សា​ទៅ​លើ​អ្នក​ភូមិ​ប្រហែល ៣០០​នាក់ ដែល​តវ៉ាជំទាស់ទៅ​នឹង​សមត្ថកិច្ច​ចម្រុះចុះ​ទៅ​អនុវត្ត​សាល​ដីការ​របស់​តុលាការ​កំពូល។

ក្រោយកិច្ចប្រជុំ និងស្ដាប់យោបល់ពីឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក ហ៊ុន សែន បាន​សម្រេច​ដក​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ពីរ​រូប ​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ​ផៃ ប៊ុនវណ្ណៈ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបើកការបង្ក្រាបយ៉ាងហិង្សាលើពលរដ្ឋមានជម្លោះដីធ្លីទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ