ពាណិជ្ជករ​​អាមេរិក​​នៅ​​កម្ពុជា​​បង្ហាញ​​ក្តី​​បារម្ភ ​ប្រសិន​​បាត់បង់​​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​​ GSP

ក្រុមប្រឹក្សាភិបាល​នៃ​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​លោក Allen Dodgson Tan (រូបភាព៖ ហ្វេសប៊ុក Allen Dodgson Tan)

ក្រុម​ពាណិជ្ជករ​អាមេរិក​នៅ​កម្ពុជា​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​សភា​អាមេរិក ​ឲ្យ​ពិចារណា​ឡើង​​​​​វិញ​ពី​ការ​ស្នើ​ដក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ GSP ពី​​កម្ពុជា ដោយ​ថា ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​។

កាល​ពី​ខែ​កុម្ភៈកន្លង​ទៅ ​សមាជិក​សភា​អាមេរិក​ ​លោក Chris Coons លោក Ted Cruz លោក Alan Lowenthal និង​លោក Steve Chabot ​បាន​ស្នើ​ច្បាប់​មួយ​ទៅ​ឱ្យ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដើម្បី​ផ្អាក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​កម្ពុជា ​​ដោយ​លើក​ឡើង​ពី​​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស។

ក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​កាន់​សភា​អាមេរិក​ចុះ​ថ្ងៃ​ទី​១៣ ខែមីនា សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​របស់​ពួកគេ​ ប្រសិន​ជា​អាមេរិក​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​មែន​នោះ។

ក្រុម​ពាណិជ្ជករ​អាមេរិក បាន​លើក​ឡើង​ថា វិធាន​របស់​អាមេរិក មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ជនជាតិ​អាមេរិក​ដែល​រក​ស៊ី​នៅ​កម្ពុជា និង​ប្រជាជន​ខ្មែរ​ជា​ច្រើន​លាន​នាក់​ទៀត​ដែល​ទទួល​ផល​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

ក្នុង​លិខិត​នោះ​សរសេរ​ថា​៖ «បំណងប្រាថ្នារបស់សមាជិកសភាដែលមានកិត្តិយសរបស់យើង គឺដើម្បីដាក់សម្ពាធនយោបាយលើរាជរដ្ឋាភិបាលកម្ពុជា ដែល​​​មិនអាចទទួលយកបាននោះទេ ហើយវិធីសាស្ត្រនេះ គឺជាផលវិបាកទៅវិញទេ​​»

នៅ​ក្នុង​លិខិត​ដដែល​នោះ ​សភា​ពាណិជ្ជកម្ម​អាមេរិក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​ការ​ប្រើ​ប្រាស់​ GSP ក្នុង​ការ​ផ្ញើ​សារ​នយោបាយ​នោះ ​គឺ​មិន​មាន​ក្នុង​គោល​ការណ៍​ច្បាប់​​ពាណិជ្ជកម្ម​អាមេរិក​ឆ្នាំ​១៩៧៤​នោះ​ទេ។

ក្នុង​លិខិត​នោះ​បន្ថែម​ថា៖ «គោលការណ៍ច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ លើកឡើងថាត្រូវផ្តល់ឱកាសដល់ប្រទេសក្រីក្រក្នុងការប្រើពាណិជ្ជកម្មដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនដើម្បីចាកចេញពីភាពក្រីក្រ»

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក ស៊ាង ថៃ ប្រាប់​VOD នៅ​ព្រឹក​នេះ​ថា​ លោកស្នើ​​ឲ្យ​សមាជិក​សភា​អាមេរិក​ទាំង​នោះ ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ស្នើ​នេះ ខណៈ​លោក​ក៏​ចង់​ឲ្យ​ពួកគេ​មក​កម្ពុជា​ដោយ​ផ្ទាល់ ​ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​ជាក់​ស្ដែង​ផង​ដែរ។

លោក ស៊ាង ថៃ ប្រាប់​ថា៖ «ព្រោះ​ការ​រក​ស៊ី​របស់​ប្រជាជន​កម្ពុជា​ ក៏​ដូច​ជា​វិនិយោគ​ទុន​អាមេរិក​នៅ​កម្ពុជា​សព្វថ្ងៃ​ នៅ​តែ​ដំណើរ​ការ​ប្រក្រតី​ទេ។ សុំ​ឲ្យ​គាត់​មើល​ឲ្យ​បាន​សព្វ​ជ្រុង​ជ្រោយ​ បើ​សិន​ជា​គាត់​អញ្ជើញ​មក​កម្ពុជា​មើល​ឃើញ​ទិដ្ឋភាព​ពិត​ប្រាកដ​នៅ​កម្ពុជា រឿង​ហ្នឹង​ជា​ការ​ល្អ។ អញ្ចឹង​​បាន​ជា​លិខិត​របស់​សភា​ពាណិជ្ជកម្ម​អាមេរិក​ហ្នឹង​ គឺ​ជា​រឿង​មួយ​ល្អ​ ព្រោះ​ដើម្បី​បង្ហាញ​ទៅ​គាត់​នៅ​ខាង​ក្រៅ​នោះ​បាន​ឃើញ»

កម្ពុជា​ទទួល​បាន​ពន្ធ​អនុគ្រោះ GSP ពីសហរដ្ឋអាមេរិកនៅឆ្នាំ១៩៩៧ ក្រោយពី​មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើ​យ​សហរដ្ឋអាមេរិក​ គឺ​ជា​ទីផ្សារ​ធំ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​សហគមន៍​អឺរ៉ុប។

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC ឲ្យ​ដឹង​ថា ​រៀង​រាល់១៥​ថ្ងៃ​ រោងចក្រផលិតសម្ភារធ្វើ​ដំណើរ​មួយដែលបានបើក​នៅ​កម្ពុជា ដែលសម្ភារធ្វើដំណើរទាំងអស់នោះត្រូវបាននាំ​ចូលទៅ​​កាន់​ទី​ផ្សារ​អាមេរិកដោយ​ឥត​គិត​ពន្ធ​តាម​រយៈ​ GSP នេះ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ កញ្ញា លី ស្រីស្រស់ មាន​ប្រសាសន៍​ថា​ បើ​ទោះ​បី​ GSP របស់​អាមេរិក​មិន​មាន​ទំហំ​ធំ​​ដូច ​EBA​ របស់​អឺរ៉ុប​ក៏​ដោយ​ តែ​វា​មាន​សារៈសំខាន់​​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចកម្ពុជា ដោយសារ​ វា​​អាច​ជួយ​ឲ្យផលិត​ផល​របស់​កម្ពុជា​អាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ដទៃ​បាន។ កញ្ញា​ជំរុញ​ទៅ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​រក្សា​ភាព​អនុគ្រោះ​ពន្ធទាំង​នេះ​ឲ្យ​បាន​​​ជា​ជាង​បាត់បង់។

កញ្ញា​ស្រី​ស្រស់៖ «ប្រសិន​ជា​រដ្ឋាភិបាល​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការ​លើក​តម្កើងសិទ្ធិ​មនុស្ស​ជាដើម​ហ្នឹង ​ខ្ញុំ​គិត​ថា ​ជា​រឿង​មួយ​ដែល​មិន​ទាន់​ហួស​ពេល​សង្គ្រោះ និង​បញ្ចៀស​ពី​វិបត្តិ​សេដ្ឋកិច្ច​។ អញ្ចឹង​ ខ្ញុំ​គិត​ថា ​យើង​នៅ​តែ​មាន​ពេល​សម្រាប់​កែ​ប្រែ​ស្ថានការណ៍​ដដែល»

តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​ មាន​តម្លៃ​សរុប​ជាង ៣.៣១​ពាន់​លាន​ដុល្លារ​​ ដោយ​កើន​២៧​ភាគរយ​ បើ​ធៀប​នឹង​ទំហំ ២.៦១​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧ ក្នុង​នោះ​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​ មាន​តម្លៃ​ជិត​៣​ពាន់​លាន​ដុល្លារ។

កាល​ពីខែ​មីនា​ ​ឆ្នាំ​២០១៨​កន្លងទៅ​ សហរដ្ឋ​អាមេរិក​បាន​សម្រេច​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP មក​កាន់​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០២០បន្ត​ទៀត​ ដើម្បី​ជួយ​ជ្រោម​ជ្រែង​ផលិត​ផល​កាត់​ដេរ​របស់​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ