លោក​ ស ខេង​ បញ្ជា​ឲ្យ​ពង្រឹង​ប្រសិទ្ធិភាព​ដោះស្រាយ​បញ្ហា​ជាមួយ​​សង្គម​ស៊ីវិល​

លោក ស ខេង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​សភា​ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាទៅរដ្ឋបាលរាជធានី-ខេត្ត ឲ្យពង្រឹងប្រសិទ្ធិភាព តាមការណែនាំរបស់ខ្លួនកន្ល​ង​​ទៅ ដែល​ត​ម្រូវ​ឲ្យបើកវេទិកាសាធារណៈ ស្តាប់កង្វល់សង្គមស៊ីវិល និងស្វែងរកដំណោះស្រាយ។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លោក ស ខេង បានចេញលិខិតណែនាំមួយ តម្រូវឲ្យរដ្ឋបាលរាជធានី-ខេត្ត ឲ្យ​រៀ​បចំវេទិកាពិគ្រោះយោបល់ជា​មួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នា​នា​នៅ​មូល​ដ្ឋាន ឲ្យ​បាន​​​​ទៀងទាត់រាល់ឆមាស ឬតាមការចាំបាច់ ដើម្បីស្វែងរកដោះ​ស្រា​យ ។

លិខិតថ្មីមួយទៀត ចុះថ្ងៃទី១៤ ខែមីនាម្សិលមិញនេះ លោក ស ខេង បញ្ជាឲ្យរដ្ឋបាលរាជធានី ខេត្ត ធ្វើកិច្ចការ​នេះឲ្យ​មា​ន​ប្រ​សិទ្ធិភាព ដោ​យត​ម្រូវ​ឲ្យមន្ត្រីក្រោមឱវាទ៖

«ធ្វើការកំណត់ឲ្យបានជាក់លាក់ នូវកាលបរិច្ឆេទនៃការរៀ​បចំ​វេទិ​កាពិគ្រោះយោប​ល់​ស​ម្រាប់ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ទីរជំនាញនានា អាជ្ញាធរមា​នសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក​ ​​ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងសមាគម អង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នៅមូលដ្ឋាន រួចហើ​យត្រូវផ្ញើជូ​នកា​ល​​​ប​​រិច្ឆេទនៃការរៀបចំវេទិការនោះមកក្រសួងមហាផ្ទៃ»។

លោក ស ខេង បញ្ជាក់ក្នុងលិខិតនោះថា បន្ទាប់ពីបញ្ចប់អង្គវេទិកា រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើរបាយការណ៍​ជា​លា​យ​​​លក្ខណ៍អក្សរពីលទ្ធផល សំណើ សំណូមពរៗសំខាន់ រួមទាំងបញ្ហា​នានាដែលមិនអា​ចដោះស្រាយ​បាននៅ​ក្នុង​សម​ត្ថ​​កិច្ចរបស់ខ្លួនផ្ញើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការសម្របសម្រួល និងជួយគាំទ្រក្នុងការដោះស្រាយ។

អ្នកនាំពាក្យខេត្តព្រះសីហនុលោក ឱ សារឿន មានប្រសាសន៍ថា អាជ្ញាធរខេត្តបានដោះស្រាយបញ្ហាមួយចំនួន ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាសហគមន៍ និងបញ្ហាមួយចំនួនទៀតបានបញ្ជូនបន្ត​ទៅថ្នាក់ជាតិឲ្យជួយដោះ​​ស្រា​​យដូច​ជា​បញ្ហាហេដ្ឋារចនាសម្ព័ន្ធជាដើម។

លោកថា៖ «អាជ្ញាធរបានធ្វើជារបាយការណ៍ លើកស្នើឡើងទៅរដ្ឋាភិបាលដើម្បីឲ្យលោកសម្រេច ក្នុងហ្នឹងដូ​ចជាពា​ក់​​​​ព័​ន្ធ​នឹងហេដ្ឋារចនាសម្ព័ន្ធអីហ្នឹង ក៏បានដោះស្រាយមួយចំនួនហើយដែរ»។

អភិ​បាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា ខេត្តកំពុងពង្រឹងប្រសិទ្ធិភាព​តាមគោលការណ៍​ណែ​​នាំ​ រ​បស់ក្រសួងមហាផ្ទៃនេះ។

លោកថា៖ «ក្នុងខេត្តព្រះវិហារដើមឆ្នាំ២០១៩នេះ យើងបានធ្វើវេទិកានេះចំនួនពីរដងហើយ ។ ហើយបញ្ហា​ច្រើន​យើ​ងបាន​ដោះស្រាយហើយ»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សិទ្ធិអង្គការ​សង្គម​ស៊ីវិ​ល និងសហគមន៍នៅថ្នាក់មូលដ្ឋាន ដែលធានាដោយច្បាប់ មិនទាន់ប្រសើរឡើងវិញទេ បើទោះបីក្រសួងមហាផ្ទៃធ្លាប់ ណែ​​​នាំដ​ល់អា​ជ្ញា​ធរ​​ឲ្យសម្របសម្រួលក៏ដោយ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ សំអាងថា អ្នកចូលរួមប្រារព្វទិវានារីអន្តរជាតិ៨មីនា កាលសប្តាហ៍មុននេះ ​អាជ្ញា​ធរ​រាជធា​​នី-ខេ​ត្តខ្លះ នៅបន្តរារាំងពួកគេនៅឡើយ។

លោក អំ សំអាត ផ្តល់ជាយោបល់ថា ការអន្តរាគមន៍របស់លោក ស ខេង ថ្មីទៀតនេះ ជាសញ្ញាវិជ្ជមានមួយ ប៉ុ​ន្តែ ​លោ​​​កថា ប្រសិទ្ធិភាពជាងនេះ ក្រសួងមត្រូវមា​នវិធានការជាក់​ស្តែងទៅលើម​ន្ត្រីណាដែ​លបំពានច្បាប់ បិទសិ​ទ្ធិ​ស​​​​កម្មភាពសង្គមស៊ីវិល។

លោកថា៖ «កាលណាបើសិនជាមានមន្ត្រីណា ឬក្រុមមន្ត្រីណាដែលគាត់រំខាន​យាយីមិនគោរពបទបញ្ជាហ្នឹ​ង ត្រូវ​តែវិ​ន័​យ​ផ្នែ​ករដ្ឋបាល ឬក៏វិន័យផ្សេងៗ អាហ្នឹងទើបអាចអនុវត្តទៅបាន»។

តំណាងក្រុមអង្គការសង្គមស៊ីវិល អំឡុងកិច្ចប្រជុំជាមួយក្រសួងមហាផ្ទៃ កាលពីចុងខែមករាឆ្នាំ២០១៩នេះ បានលើ​ក​ឡើងចំៗនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយអំពាវនាវទៅរដ្ឋាភិបាល​ឲ្យឈប់ចោទ​ប្រកាន់ ពួ​កគេ​ថា ជាក្រុមបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាល ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលបានចេញផ្សាយសៀវភៅ «ស» ដែលអះអាងថា កម្ពុជាកំពុ​ងកើត​មាន​នូវប​ដិវត្ដន៍​ពណ៌​មួយដែលរៀបចំឡើងអតីតគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ក្នុងសៀវភៅនោះ រដ្ឋាភិ​បាលក៏បានចោទប្រកាន់អង្គការជាង ៣០០ ថា បានចូលរួមក្នុងបដិវត្តន៍នោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ