សាធារណៈជនផ្តល់អំណោយដល់កម្មករោងចក្រ W&Dដែលតវ៉ាជិត៣ខែមកនេះ

កម្មកររោងចក្រW&D បរិភោគអាហារនៅកន្លែងតវ៉ាក្បែររោងចក្រកាលពីថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៩(រូបផ្តល់ឲ្យពីកម្មករ)

ពលរដ្ឋ និងមន្រ្តីរាជការមួយចំនួនបានផ្តល់អំណោយដល់ក្រុមកម្មកររោងចក្រ W&D ខណៈកម្មករទាំងនោះតវ៉ារឿងវិវាទការងារជិត៣ខែពុំទទួលបានដំណោះស្រាយ និងកំពុងជួបបញ្ហាជីវភាពខ្វះខាត។

កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រ W&D បានបន្តនាំគ្នាប្រមូលផ្តុំដោយមានដាក់ឆ្នាំងធំៗសម្រាប់ដាំបាយ និងធ្វើម្ហូបនៅមុខរោងចក្រ ដើម្បីរងចាំដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។

ស្រ្តីវ័យជាង៦០ឆ្នាំម្នាក់អ្នកស្រី ជុំ ឡុង ជាម្ចាស់អំណោយម្នាក់ក្នុងចំណោមម្ចាស់អំណោយផ្សេងទៀតប្រាប់វី.អូ.ឌីថា ដោយសារឃើញកម្មករឈរតវ៉ាហាសថ្ងៃជាច្រើនខែពុំទទួលបានដំណោះស្រាយ និងមានចិត្តអាណិតអាសូរផងនោះ គាត់បានយកអង្ករ និងសម្ភារបរិភោគមួយចំនួនចែកជូនឲ្យកម្មករទាំងនោះ។

អ្នកស្រីបន្ថែមថា«ខ្ញុំមើលអញ្ចេះណាក្មួយ ! ក្រុមកម្មករធ្វើបាតុកម្មហ្មឹងនៅហាសថ្ងៃ យូរថ្ងៃហើយ អាណិត ។ បានជាខ្ញុំមានទឹកចិត្តថា ខ្ញុំមានលុយ១០០ដុល្លារឲ្យកូនទៅទិញអង្ករមួយប៉ាវ ហើយទឹកសុទ្ធនោះ២យួរ ចែកជូនទៅឲ្យកម្មករ ហ្នឹងដើម្បីធ្វើទានទេ ព្រោះខ្ញុំចាស់ហើយ ខ្ញុំអត់បានអី ឬយកមុខយកមាត់អីទេ»

សប្បុរសជនយកទឹកនិងអង្ករចែកជូនកម្មករ(រូបកម្មករផ្តល់ឲ្យ)

កម្មការិនីម្នាក់អ្នកស្រី សាន ហាន ឲ្យដឹងថា រយៈពេលតវ៉ាជិត៣ខែមកនេះរួបគាត់ និងកម្មករផ្សេងទៀតបានជួបការលំបាកជាច្រើនដូចជា ពុំមានលុយបង់ថ្ងៃផ្ទះជួល ទឹកភ្លើង បង់សង់ធនាគារ ថ្លៃកូនរៀន និងថ្លៃចំណាយប្រចាំថ្ងៃជាដើម។

កម្មការនីរូបនេះបន្តថា ខណៈក្រុមកម្មករកំពុងជួបការលំបាកគឺមាន ពលរដ្ឋប្រមាណ៥ទៅ៦នាក់រួមទាំងមន្រ្តីអាជ្ញាធរផង បានផ្តល់ជាអង្ករ ត្រីសាច់ និងសម្ភារផ្សេងៗទៀតដល់កម្មករ។

អ្នកស្រីបន្ថែមថា«យើងអត់មានលុយណាសងគេ ហើយទៅជួលផ្ទះគេ គ្នាអត់មានលុយ ម្ចាស់ផ្ទះជួលគេដេញចេញ គ្នាអត់មានលុយបង់ផ្ទះគេវាចូលចង់ជិត៣ខែហើយគេដេញចេញ។ ហើយម្នាក់ទៀតសម្រេចទៅនៅវត្តដោយសារអត់មានលុយបង់ថ្លៃផ្ទះជួលគេ វេតទនាខ្លាំងណាស់ លុយក៏អត់ បាយក៏អត់ ម្ហូបក៏អត់មាន ជូនកាល១ថ្ងៃអត់មានបានហូបអីចូលក្នុងពោះដែរ សូម្បីតែលុយ៥រយក៏មានលុយទិញទឹកដែរវេទនាណាស់ ហើយតវ៉ារាល់ថ្ងៃហ្នឹងក្តៅឡើងហែងរកតែទឹកផឹកក៏អត់មានផង»

តំណាងកម្មករ លោក សឿង ប្រុស និយាយថា បញ្ហាវិវាទការងារនៅរោងចក្រ W&D ពុំទាន់មានពន្លឺណាមួយអាចដោះស្រាយ បាននោះទេ ដោយថា អាជ្ញាធរពាក់ព័ន្ធជាពិសេសក្រសួងការងារបានត្រឹមសន្យាពន្លឿនការដោះស្រាយតែប៉ុណ្ណោះ។

លោកបន្ថែមថា«ខ្ញុំស្នើសុំដល់មន្រ្តីក្រសួងការងារពាក់ព័ន្ធសុំណុំរឿងរោងចក្រ W&D ហ្នឹងសុំឲ្យគាត់ពន្លឿនការដោះស្រាយជូនបងប្អូនកម្មករទាំងអស់ផងព្រោះពួកគាត់កូដកម្មអស់រយៈពេលជិត៣ខែហើយអត់ទាន់មានដំណោះស្រាយទេ គឺពួកខ្ញុំមានការលំបាកច្រើនណាស់។ បើបងប្អូនខ្លះទៀត គាត់មានកូនឈឺ ម្តាយឈឺ គឺគាត់ទាល់ហ្មងអ្នកខ្លះខ្ចីគេ អ្នកខ្លះជំពាក់គេផង។ ហើយសុំស្នើទៅសម្តេចមេត្តាជួយពន្លឿនការដោះស្រាយកូនចៅផងព្រះអីកូនចៅវេទនា ជួបផលលំបាកច្រើនណាស់»

មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក និន វណ្ណៈ ប្រាប់ វីអូឌី ថា សុំណុំរឿងវិវាទការងារនៅរោងចក្រ W&Dនេះ បានផុតសមត្ថកិច្ចក្រសួងចូលដល់ដៃតុលាការហើយ ប៉ុន្តែបញ្ហានេះរងចាំការសម្រេចពីថ្នាក់លើសិន ដោយថា មេធាវីរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនកំពុងដំណើរការធ្វើរឿងនេះ។

លោកបន្ថែមថា« យើងរងចាំថ្នាក់លើបន្តដោះស្រាយទៀត ព្រោះឥលូវនេះវាផុតសមត្ថកិច្ចរបស់ក្រសួងហើយដោយសារបងប្អូន ទាំងអស់នោះត្រូវបានតុលាការសម្រេចទៅតាមដីការក្សាការពារ ហើយមួយទៀតបងប្អូនបានទៅឲ្យខាងមេធាវីរបស់សម្តេចតេជោជួយ អញ្ចឹងទេខាងមេធាវីកំពុងធ្វើលើកិច្ចការនេះ»

សប្បុរសជនចែកទឹក និងសម្ភារផ្សេងទៀតដល់កម្មករ
(រូបកម្មករផ្តល់ឲ្យ)

មន្រ្តីដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត មានប្រសាសន៍ថា ករណីកម្មកររោងចក្រ W&D បន្តអូស បន្លាយមិនអាចដោះស្រាយបញ្ចប់នេះ គឺបង្ហាញឲ្យឃើញពីភាពកម្សោយអសមត្ថភាពក្នុងការដោះស្រាយរបស់ក្រសួងការងារ។

លោកបន្ថែមថា«ក្រសួងការងារជាក្រសួងសមី ប៉ុន្តែមិនមានចំណាត់ការណាមួយក្នុងការដោះស្រាយ យើងឃើញថាបងប្អូនកម្មករបានចូលតាមនីតិវិធីរហូត ប៉ុន្តែអវត្តមានខាងភាគីក្រុមហ៊ុនរហូតអញ្ចឹងក្រសួងការងារហ្នឹងអសត្ថភាពក្នុងការអញ្ជើញភាគីក្រុមហ៊ុនឲ្យចូលរួមដោះស្រាយទី១។ ទី២ទៀតទាក់ទងនឹងការដោះស្រាយនៅក្នុងក្រុមហ៊ុនហ្នឹង បើខាងក្រុមហ៊ុនមិនឲ្យចូលក្នុងការដោះស្រាយគឺអត់មានចំណាត់ការឬវិធានការណាមួយដោះស្រាយនៅក្នុងក្រុមហ៊ុនទេ។ ម្តងទៅក្រសួងអវត្តមាន ម្តងមកខណ្ឌមានជ័យអវត្តមានទៀត»

កាលពីថ្ងៃទី០៥ ខែមីនាកម្មកររាប់រយនាក់បាន​ដើរហែក្បួនពីរោងចក្រទៅរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ឲ្យជួយដោះស្រាយវិវាទការងាររបស់ពួកគេ ខណៈវិវាទនោះអូសបន្លាយជិត៣ខែ។

កាលពីចុងឆ្នាំ២០១៨ កម្មករជិត២ពាន់នាក់បម្រើការងារនៅរោងចក្រ W&D បានផ្ទុះការតវ៉ាដើម្បីទាមទារទៅថៅកែឲ្យបើកប្រាក់អតីតភាពការងារជូនពួកគេជាកញ្ចប់មុនឆ្នាំ២០១៩ រហូតថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករជាង១ពាន់នាក់ ដោយសារមិនគោរពតាមការសម្រេចរក្សាការពាររបស់តុលាការ។ ប៉ុន្តែ ក្រោយមករោងចក្រនេះ បានប្រកាសទទួលយកកម្មករឲ្យចូលបម្រើការងារវិញ ដោយលើកលែងកម្មករមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ